ប៉ាគីស្ថាន​បង្ហាញ​ឈ្មោះ​តាលីបង់​ដែល​ព្រមចូល​ចរចា​ជាមួយ​អាហ្វហ្កានីស្ថាន

នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif (ឆ្វេង) ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ជួប​គ្នុា​នៅ​ទីក្រុង​កាបូល
នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន លោក Nawaz Sharif (ឆ្វេង) ប្រធានាធិបតី​អាហ្វហ្កានីស្ថាន ជួប​គ្នុា​នៅ​ទីក្រុង​កាបូល REUTERS/Omar Sobhani

ប៉ាគីស្ថាន នឹង​បង្ហាញ​បញ្ជី​ឈ្មោះ ​តាលីបង់ ដែល​ត្រៀម​ខ្លួន​ចូល​តុចរចា​សន្តិភាព​ជា​ថ្មី​ជាមួយ​អាហ្វហ្កានីស្ថាន នា​ឱកាស​ជំនួប​ប្រជុំ​ចតុភាគី ប៉ាគីស្ថាន អាហ្វហ្កានីស្ថាន ចិន និង​អាមេរិក នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ ថ្ងៃ​ចន្ទ​ទី ១១​មករា។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​ផ្តល់​ដោយ​អ្នក​ទទួល​ខុស​ត្រូវ​អាហ្វហ្កានីស្ថាន​និង​ប៉ាគីស្ថាន។

ផ្សាយពាណិជ្ជកម្ម

ជា​ជំនួប​ប្រជុំ​ដ៏​សំខាន់ សម្រាប់​ផ្តល់​សន្ទុះ​ឡើង​វិញ ដល់​ដំណើរការ​ចរចា​សន្តិភាព​ឱ្យ​អាហ្វហ្កានីស្ថាន ក្រោយ​ការ​ដួល​រលំ​ទៅ​នៃ​របប​តាលីបង់ឆ្នាំ​២០០១ និង​ដែល​កំពុង​រង​ការ​វាយប្រហារ​ភេរវកម្ម​កាន់​តែ​ខ្លាំងឡើងៗ។ ប៉ុន្តែ​គ្មាន​តំណាង​ជាន់​ខ្ពស់​តាលីបង់​ណា​ម្នាក់ មាន​វត្តមាន​នៅ​ក្នុង​ជំនួប​ប្រជុំ​នៅ​ថ្ងៃ​ចន្ទទេ ព្រោះ​កម្មវត្ថុចំបង​នៃ​ការ​ជួប​ពិភាក្សាគ្នា​នេះ គឺ​រៀប​ចំ​ផែនទី​ចង្អុល​ផ្លូវ​មួយ ដើម្បីរុញច្រាន​ធ្វើ​យ៉ាង​ណា​ឱ្យ​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​និង​ពួក​ឧទ្ទាម​តាលីបង់​អាច​ធ្វើ​ការ​​ចរចា​គ្នា​ដោយ​ផ្ទាល់។

 

ប៉ាគីស្ថាន ដែល​ជាប់​ចោទ​ថា​អ្នក​ការពារ​និង​ផ្គត់ផ្គង់​ផ្តល់​ជម្រក​ឱ្យ​ពួក​តាលីបង់ បាន​សន្យា​ថា​នឹង​បញ្ឈប់​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​តាលីបង់ នៅ​ក្រុង​ កេតា និង​ប៉េស្ហាវ៉ា ព្រមទាំង​​បង្ហាញ​បញ្ជី​ឈ្មោះ​តំណាង​តាលីបង់​ណា​ដែល​សុខ​ចិត្ត​ចូល​ខ្លួន​មកអង្គុយ​ក្នុង​តុ​ចរចា និង​ឈ្មោះ​ជនប្រឆាំង។ បើតាម​អ្នក​នាំ​ពាក្យរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន កាប៊ូល​នឹង​ចរចា​ជាមួយ​អ្នក​ចង់​ចរចា និង​​ ប្រើ​កម្លាំង​យោធា​ផង​លើ​ក្រុមអ្នក​មិន​ចង់។

ជំនួប​ចរចា​ដោយ​ផ្ទាល់​រវាង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន និង​តាលីបង់ ប្រព្រឹត្ត​ជា​លើកទីមួយ​ កាលពី​ខែ​កក្កដា​កន្លង​ទៅ​នៅ​ទីក្រុង​អ៊ីស្លាម៉ាបាដ។ ជុំ​ទីពីរ​ មិន​ទាន់​អាច​ចាប់​ផ្តើម​បាន ជាពិសេស​តាំងពី​មេកើយ​ចលនា​តាលីបង់ ម៉ូឡា អូម៉ា ស្លាប់​មក។ ការ​ជ្រើសរើស​មេដឹកនាំ​តាលីបង់ថ្មី​ កំពុងក្លាយ​ជា​សង្គ្រាម​ផ្ទៃក្នុង​ដណ្តើម​អំណាច​គ្នា​ ជាហេតុ​ធ្វើ​ឱ្យ​ដំណើរការចរចា​រអាក់​រអួល​ខ្លាំង តែ​មិន​បាន​រំខាន​សកម្មភាព​វាយប្រហារ​ភេរវកម្ម​នៅ​អាហ្វហ្កានីស្ថានទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI