អាមេរិកបង្ហាញសាច់ដុំ កូរ៉េខាងជើងចេញមុខពន្យល់ហេតុផលនៃការសាកល្បងនុយក្លេអ៊ែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាវាចម្បាំងផ្ទុកយន្តហោះ នឹងទៅដល់កំពង់ផែយោធាកូរ៉េខាងត្បូងនៅខែក្រោយ យន្តហោះទម្លាក់គ្រាប់បែកបេ៥២ ហោះឆ្វែលបញ្ចេញរាង ក្នុងរយៈកម្ពស់ទាបចេញមូលដ្ឋានទ័ពGuam ទៅសេអ៊ូល ... នេះជាចម្លើយតបរបស់អាមេរិក ទៅនឹងការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែនរបស់ព្យុងយ៉ាងកាលពីដើមសប្តាហ៍។ តែលោក គីម ជុងអ៊ុន ឆ្លើយយកត្រូវថាគ្រាន់តែជាសកម្មភាពស្វ័យការពារខ្លួនតែប៉ុណ្ណោះ។
សម្រាប់អគ្គមគ្គុទ្ទេសក៍វ័យក្មេង គីម ជុងអ៊ុន ការសាកល្បងនុយក្លេអ៊ែរជាលើកទីបួន កាលពីថ្ងៃទី៦មករា គឺជាវិធានការស្វ័យការពារ ប្រឈមទៅនឹងការគំរាមកំហែងធ្វើសង្គ្រាមអាតូមិចរបស់អាមេរិកតែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់វ៉ាស៊ីនតោន គេមិនអាចលេងសើចបាននឹងបញ្ហានុយក្លេអ៊ែរនេះឡើយ ! ជាការព្រមាន និងដើម្បីបញ្ជាក់អំពីជំហរដាច់ខាតការពារសម្ព័ន្ធមិត្តកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ អមដំណើរដោយយន្តហោះចម្បាំង F-១៦របស់អាមេរិក និង F-១៥របស់សេអ៊ូល យន្តហោះទម្លាក់គ្រាប់បែកដ៏ល្បីល្បាញ B៥២ ដែលអាចមានផ្ទុកគ្រាប់បែកបរមាណូផង បានហោះឆ្វែលក្នុងរយៈកម្ពស់ទាប លើបន្ទាយយោធាអូសាន មិនឆ្ងាយប៉ុន្មានពីទីក្រុងសេអ៊ូល មុននឹងវិលត្រលប់ចូលមូលដ្ឋានGuam នៅក្នុងមហាសមុទ្ទប៉ាស៊ីហ្វិកវិញ។
យានយន្តចម្បាំងធុនធ្ងន់នេះ ធ្លាប់ចេញធ្វើសមយុទ្ធប្រចាំឆ្នាំកូរ៉េខាងត្បូង-អាមេរិកញយដងហើយ តែកម្រហោះបញ្ចេញរាងបង្ហាញសាធារណជនណាស់។ យន្តហោះB៥២ និងB២ បានចេញមុខម្តង កាលពីឆ្នាំ២០១៣ ក្រោយពីព្យុងយ៉ាងបានសាកល្បងនុយក្លេអ៊ែរជាលើកទីបី។
បេសកកម្មB៥២ ថ្ងៃនេះ ជាការបង្ហាញសាច់ដុំដាក់កូរ៉េខាងជើង ប៉ុន្តែក៏ជាការពង្រឹងពាក្យសន្យារបស់អាមេរិកក្នុងកាតព្វកិច្ចការពារសន្តិសុខឱ្យសម្ព័ន្ធមិត្តនិងដៃគូ។ បន្ថែមពីលើនេះទៀត នាវាផ្ទុកយន្តហោះអាមេរិក នឹងត្រូវធ្វើដំណើរមកដល់ឧបទ្វីបកូរ៉េនៅខែក្រោយ។ បើតាមភ្នាក់ងារសារព័ត៌មានយ៉ុងហាប់ នាវានេះអាចនឹងចូលរួមធ្វើសមយុទ្ធរួមគ្នាអាមេរិក-កូរ៉េខាងត្បូង ដើម្បីឱ្យកូរ៉េខាងជើងភ្លឺភ្នែកខ្លះ។ អាមេរិកមានទាហានឈរជើងនៅកូរ៉េខាងត្បូងប្រមាណ ២៨០០០នាក់ ព្រោះបើតាមបច្ចេកទេស កូរ៉េខាងជើងនិងត្បូងស្ថិតក្នុងស្ថានភាពធ្វើសង្គ្រាមនឹងគ្នានៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ