ចិន ៖ ក្រុម​មេធាវីអ្នក​ការពារ​សិទ្ធិមនុស្ស​​ដែល​បាត់​ខ្លួនយ៉ាង​ចម្លែក​ ​​​ជាប់​​ចោទពី​បទ​ធ្វើ​វិទ្ធង្សនា

មេធាវី Wang Yu និង​ Shou Shigeng ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​ទី ៩ និង​១០​កក្កដា ២០១៥
មេធាវី Wang Yu និង​ Shou Shigeng ដែល​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​ខ្លួន កាលពី​ថ្ងៃព្រហស្បតិ៍​និង​សុក្រ​ទី ៩ និង​១០​កក្កដា ២០១៥

មាន​មេធាវី និងអ្នក​ច្បាប់ អ្នក​ការពារ​សិទ្ធិមនុស្ស ព្រមទាំង​អ្នក​ដែល​បាន​បាត់​ខ្លួន​តាំងពី៦​មុន ​យ៉ាង​ហោច​ណាស់ ៧​នាក់ ត្រូវ​បាន​តុលាការ​ចិន​ចោទ​ប្រកាន់​ជា​ផ្លូវការ​ ពីបទ ធ្វើ​វិទ្ធង្សនា ឬ​ប៉ុនប៉ង​ធ្វើ​វិទ្ធង្សនា ប្រឆាំង​រដ្ឋាភិបាល។ បទ​ចោទ​ប្រកាន់​ដែល​នាំ​ក្រុម​ការពារ​សិទ្ធិមនុស្ស​ទាំង​អស់​នេះ ឱ្យ​ជាប់​ពន្ធនាគារ​១៥​ឆ្នាំ ឬ​អស់​មួយ​ជីវិត។

ផ្សាយពាណិជ្ជកម្ម

មេធាវី និង​បុគ្គលិក​ការិយាល័យ​ច្បាប់​ជាង​១៣០នាក់ ត្រូវ​បាន​ប៉ូលិស​កោះហៅ​ទៅ​សួរ​ចម្លើយ​ កាលពី​ខែ​កក្កដា។ ក្រោយការ​ចោទ​សួរ​នេះ មេធាវី​ និង​បុគ្គលិក​​ច្បាប់​យ៉ាងហោច​ណាស់​១៦​នាក់ ត្រូវ​បាន​ប៉ូលិស​ចាប់​យក​ទៅ​ឃុំឃាំង​ ក្នុង​កន្លែង​សម្ងាត់ គ្មាន​ដំណឹងអ្វី​សោះ​​រហូត​មក​ទល់​នឹង​សប្តាហ៍នេះ ក្រុមគ្រួសារ​ បាន​ទទួល​ដំណឹង​អំពី​ការ​ចោទ​ប្រកាន់​ របស់​តុលាការ​ប្រឆាំង​នឹង​​​ពួក​គេ​តែ​ម្តង។

 
លោក Zhou Shifeng ស្ថាបនិក​ការិយាល័យ​មេធាវីFengrui នៅ​ទីក្រុង​ប៉េកាំង  ដែល​ស្ថិត​ក្រោម​យុទ្ធនាការ​បោស​សម្អាត​ខ្លាំង​ជាង​គេ​ កាលពីខែ​កក្កដា ត្រូវ​ជាប់​ចោទ​ពី​បទ​ធ្វើ​វិទ្ធង្សនា ​ប្រឆាំង​រដ្ឋ​អំណាច​ អាច​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។ បើតាម​សារព័ត៌មាន​រដ្ឋ​មេេធាវី​រូប​នេះ បាន​សារភាព​រូច​ហើយ ! មេធាវី​កម្មសិក្សាការី ម្នាក់​អាយុ​២៤​ឆ្នាំ ក៏​ត្រូវ​ជាប់​ចោទ​ ក្នុង​បទ​វិទ្ធង្សនា​នេះ​ដូចគ្នា។

ចំណែក​មេធាវី​បួន​នាក់ផ្សេង​ទៀត ព្រមទាំង​អ្នក​ជំនួយ​ការ​ម្នាក់​ ត្រូវ​ជាប់​ចោទ​ពី​ប៉ុនប៉ង​ញុះញង់​ធ្វើ​វិទ្ធង្សនា ដែល​អាច​នឹង​ត្រូវ​ជាប់ពន្ធនាគារ​១៥​ឆ្នាំ។

ចិន​ក្រោម​ការ​ដឹកនាំ​របស់​លោក ស៊ី ជីនពីង បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ជំនាញ​ ចំពោះ​នយោបាយ​គាប​​បង្កត់​បង្រ្កា​ប​សំឡេង​ប្រឆាំង សំឡេង​រិះគន់​របប​កុម្មុយនិស្ត មិន​ថា​អ្នក​នោះ​ជា​អ្នក​ច្បាប់​ ជា​សកម្មជន​ការពារ​សេរីភាព ឬ​ជន​សាមញ្ញ​ប្រើ​អ៊ីនធ័រនែត​ទេ។

រាល់ការ​​​បង្ក្រាប មិន​ថា​លើ​សកម្មជន​ប៉ះបោរ ឬ​លើ​បញ្ញវន្ត​ហ៊ានសរសេរ​រិះគន់ ឬ​សាសនា តែង​ត្រូវ​បាន​រដ្ឋាភិបាល​អះអាង​ថា​ធ្វើ​ឡើង​ដោយ​ផ្លូវ​ច្បាប់ ប៉ុន្តែ​មេធាវី​ជា​ច្រើន​ដែល​សាកល្បង​​ការពារ​​គ្រួសារ​រង​គ្រោះ​ទាំង​នោះ ក៏​ត្រូវ​វន្ត​ក​ខ្លួន​ឯង​ដែរ។ ជាក់ស្តែង មេធាវី Zhou Shigeng ធ្លាប់​ការពារ​ក្តី​ឱ្យ​គ្រួសារ​មួយ​ដែល​មាន​កូន​ស្លាប់​ព្រោះ​ពុល​ទឹកដោះគោ​ផលិត​ដោយ​ក្រុមហ៊ុន​ដ៏ល្បី​របស់​ចិន ធ្លាប់​ការពារ​ក្តី​ឱ្យ​ជំនួយការ​ទស្សនាវដ្តី​អាល្លឺម៉ង់ ដែលជាប់​ឃុំឃាំង​ក្រោយ​ភេរវកម្ម​នៅ​ហុងកុង និង​ក៏ធ្លាប់​ការពារ​ក្តី​ឱ្យអ្នក​និពន្ធ​ចំណាស់​៨១​ឆ្នាំ​ ចូល​ចិត្ត​រិគន់​របប​កុម្មុយនិស្ត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI