ចិន ៖ ពិភពលោកអាចនឹងជួបវិបត្តិសេដ្ឋកិច្ចជាថ្មី
អ្នកទទួលខុសត្រូវជាន់ខ្ពស់ចិន លោក Yang Jiechi បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ នៅចំពោះមុខអង្គប្រជុំត្រៀមរៀបចំជំនួបG២០ ថាវិបត្តិសេដ្ឋកិច្ចពិភពលោកថ្មីមួយទៀតអាចនឹងផ្ទុះឡើងបាន។ ការអះអាងនេះធ្វើឡើងក្នុងខណៈដែលទីផ្សារភាគហ៊ុនចិនកំពុងជ្រួលប្រចល់ ដាំក្បាលចុះអស់ពេញមួយសប្តាហ៍ និងដែលកំពុងបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពសុខភាពសេដ្ឋកិច្ចចិន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ហានិភ័យនៃការធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច (ពិភពលោក) ពិតជាមិនអាចបញ្ចៀសបានទាំងស្រុងឡើយ ហើយក៏មិនអាចធ្វើប្រហែសបានដែរ ! នេះជាការអះអាងរបស់លោក Yang Jiechi ទីប្រឹក្សារដ្ឋទទួលបន្ទុកនយោបាយការបរទេស ដែលបានថ្ងូចថ្នូរយ៉ាងទទូច ទៅកាន់ប្រតិភូសមាជិកក្រុមប្រទេសG២០ទៀត ថា “សម័យនេះឱកាសក៏មានច្រើនតែគ្រោះហានិភ័យក៏មិនខ្វះ”។
ក្នុងនាម ចិនជាប្រធានផ្លាស់វេនG២០ នៅឆ្នាំនេះ លោក យ៉ង់ ជៀជី បានអំពាវនាវឱ្យប្រទេសនិងអង្គការផ្សេងៗពង្រឹងការងារ បង្កើនស្មារតីទុកចិត្តគ្នាជាទូទៅ កាត់បន្ថយវិធានការអវិជ្ជមាននៃនយោបាយផ្ទៃក្នុងប្រទេស និងរំលឹកអំពីគោលការណ៍G២០ប្រឆាំងដាច់ខាតនឹងនយោបាយការពារប្រយោជន៍ផ្ទាល់ខ្លួន។
ចំណាប់អារម្មណ៍របស់លោក យ៉ង់ ជុំវិញគ្រោះជួបវិបត្តិសេដ្ឋកិច្ចពិភពលោកជាយថាហេតុនេះ បានធ្វើឡើងក្រោយការចេញផ្សាយរបាយការណ៍មួយបញ្ជាក់អំពីកំណើនសេដ្ឋកិច្ចរួញក្រញាញ់ ដោយការនាំចេញដែលជាជន្ទល់ដ៏សំខាន់របស់ចិន មានត្រឹមតែ៨%នៅឆ្នាំ២០១៥។ មិនតែប៉ុណ្ណោះទីផ្សារមូលបត្រចិន ដែលដាំក្បាលចុះតាំងពីខែកក្កដាមក បានស្គាល់ការធ្លាក់យ៉ាងគំហុកទៀត អស់ពេញមួយសប្តាហ៍នេះ។ ឯប្រាក់យ័នស្រាប់តែបាត់តម្លៃក្នុងមួយរំពេចភ្នែក ព្រោះការសង្ស័យលើសមត្ថភាពប៉េកាំងក្នុងការជំរុញនយោបាយរក្សាលំនឹងសេដ្ឋកិច្ច តាមរយៈការបង្កើនចំណាយក្នុងស្រុក មានកាន់តែធំ។
បើតាមលោកយ៉ង់ សេដ្ឋកិច្ចចិននៅតែស្វាហាប់ មានកំណើនថេរនិងជានិរន្ត។ ប៉ុន្តែតួលេខជាផ្លូវការទាក់ទងនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៥ នឹងត្រូវផ្សព្វផ្សាយនៅថ្ងៃអង្គារខាងមុខ ដែលបើតាមអ្នកឯកទេសទំនងជាត្រូវទាបខ្លាំងមែនទែន មិនធ្លាប់មានទេក្នុងជីវិតសេដ្ឋកិច្ចរបស់មហាយក្ស នារយៈពេល២៥ឆ្នាំចុងក្រោយនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ