ការ​បោះឆ្នោតសភា​តៃវ៉ាន់ ​អាច​នាំ​ភាព​តាន​តឹង​ឱ្យ​ចិន​និង​តៃវ៉ាន់

លោកស្រី​Tsai Ing-wen បេក្ខនារី​​ប្រធានាធិបតីបក្ស​ចម្រើន​ប្រជាធិបតេយ្យ​តៃវ៉ាន់
លោកស្រី​Tsai Ing-wen បេក្ខនារី​​ប្រធានាធិបតីបក្ស​ចម្រើន​ប្រជាធិបតេយ្យ​តៃវ៉ាន់ Reuters/Damir Sagolj

តើ​ត្រូវ​ប្រកាន់​ឥរិយាបថ​យ៉ាង​ណា​ជាមួយ​ចិន​ដីគោក ? នេះ​ជា​សំណួរ​ដែល​ពលរដ្ឋ​តៃវ៉ាន់ ត្រូវ​ផ្តល់​ចម្លើយ​ នៅ​ថ្ងៃ​សៅរ៍​ទី ១៦ មករា តាម​រយៈ​ការ​បោះ​ឆ្នោត​​ជ្រើសរើស​ប្រធានាធិបតី និង​បោះឆ្នោត​សភា​ជ្រើសរើស​តំណាង​១១៣​រូប។ ការ​ស្ទង់​មតិ​បាន​បង្ហាញ​ថា បក្ស​ប្រឆាំង ដឹកនាំ​ដោយ​លោកស្រី Tsai Ing -Wen ​ដែលជា​អ្នក​ឯករាជ្យ​និយម ​មិន​ចង់​ខិត​ចូល​ជិត​ប៉េកាំង នឹង​ទទួល​ជោគជ័យ​​ភ្លូក​ទឹក​ភ្លូក​ដី។

ផ្សាយពាណិជ្ជកម្ម

នយោបាយ​បោះដៃ​របស់​តៃ​វ៉ាន់​ទៅ​កាន់​របប​ក្រុង​ប៉េកាំង​​ ពុំ​សូវ​មាន​អ្នក​ស្វាគមន៍​ទៀត​ទេ ! ការ​ចាប់​ដៃ​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រមុខ​ដឹកនាំ​ចិន​និង​តៃវ៉ាន់ ប្រហែល​បាន​ត្រឹម​មាន​ក្នុង​កំណត់​ត្រា ! បើ​ទោះ​បី​ជា​ភាព​ស្និទ្ធ​ស្នាល​នឹង​គ្នា ​ក្នុង​រយៈ​ពេល​៨​ឆ្នាំនៃ​​កន្លង​ទៅ​នេះ បាន​ធ្វើ​ឱ្យ​ការ​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​​បាន​ឡើង​ដល់​កំរិត​កំពូល ចិន​ក្លាយ​ជា​ដៃ​គូ​លេខមួយ​របស់​តៃ​វ៉ាន់​ និង​ទាក់ទាញ​ទេសចរ​ចិន​មក​​​តៃប៉ិ បាន​៤លាន​​នាក់ នៅ​ឆ្នាំ​២០១៥ ​ក៏​ដោយ ក៏​គណបក្ស​ជាតិ​និយម កាន់​អំណាច គួមីតង់ ទំនង​ជា​លែង​អាច​ទាញ​ចំណេញ​អ្វី​បាន​ទៀត​ដែរ។

 

ទំនាក់ទំនង​ល្អ​រវាង​ចិន​និង​តៃវ៉ាន់ មិន​បាន​ផ្តល់​ប្រយោជន៍​បាន​គ្រប់​យ៉ាង​ទេ។ កំណើន​សេដ្ឋកិច្ច​តៃវ៉ាន់​នៅ​ត្រឹង​ត្រឹម​១% ប្រាក់​ខែ​ធ្លាក់​ចុះ​ តម្លៃ​អចលនាទ្រព្យ​ឡើង​កប់​ក្តោង ធ្វើ​ឱ្យ​គ្រួសារ​ក្មេងៗ​មិន​អាច​ក្លាយ​ជា​ម្ចាស់​ផ្ទះ​បាន។ ពលរដ្ឋ​តៃវ៉ាន់​កាន់​តែ​​​ច្រើនឡើងៗ ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង ខ្លាច​ចិន​សង្គ្រប់​តៃវ៉ាន់ ដែលនៅ​ទីបំផុត​បាន​ធ្វើ​ឱ្យ​គណបក្ស​គួមីតង់​ របស់​លោក ម៉ាយីនចូវ បាត់​ប្រជា​ប្រិយភាព​ អាច​នឹង​ចាញ់​ឆ្នោត​យ៉ាង​ជូរ​ចត់​នៅ​ថ្ងៃ​សៅរ៍​នេះផង។

ផ្ទុយ​ទៅ​វិញ បេក្ខនារី​ប្រធានាធិបតី​ នៃ​បក្សចម្រើន​​ប្រជាធិបតេយ្យ លោកស្រីសៃ អ៊ីងវេន Staï Ing-Wen ដែលមាន​នយោបាយ​ការពារ​ឯករាជភាពកោះតៃវ៉ាន់ ​ បានទទួល​សំឡេង​គាំទ្រ​​ខ្លាំង។ លោកស្រី​ មិន​ដែល​លាក់​បាំង​នយោបាយមិន​ចំណុះ​​ប៉េកាំងទេ តែ​បាន​សន្យា​រក្សាទំនាក់​​ទំនង​​​សន្តិនិយម​ជាមួយ​ចិន ប្រសិន​បើ​បក្ស​លោកស្រី​ជាប់​ឆ្នោត។

ជា​ផ្លូវការ ​ ​ប៉េកាំងដែល​មាន​នយោបាយ​ចិន​តែ​មួយ ​តែ​ងចាត់​ទុក​តៃវ៉ាន់ជា​ខេត្តមួយ​របស់​​ចិន និងបាន​ព្រមាន​ជា​ញយ​ដង​នៅ​ពេល​បាន​ឮ​​ការ​ឃោសនា​បោះឆ្នោត​របស់​បក្ស​ចម្រើន​ប្រជាធិបតេយ្យ​​​ទាក់ទង​នឹង​​ការ​ទាមទារឯករាជ្យ​របស់​កោះតៃវ៉ាន់​។ តាំងពី​ដើម​សប្តាហ៍​មក សេតវិមាន បាន​អំពាវនាវ​ឱ្យ​តៃប៉ិ និង​ប៉េកាំង​ចេះអត់​ធ្មត់ និង​បញ្ចៀស​ឱ្យ​បាន​ការ​ដំឡើង​សំឡេង​ដាក់​គ្នា នៅ​ពេល​គណបក្សឯករាជ្យជាតិនិយម​បានទទួលជោគជ័យ​ដូច​ការ​ប៉ាន់ស្មាន​មែន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI