ប្រធានាធិបតីចិនធ្វើដំណើរទៅមជ្ឈិមបូព៌ា
ប្រទេសចិន រក្សាគោលជំហរនឹងនរដោយមិនលំអៀងទៅខាងប្រទេសណាមួយនៅតំបន់មជ្ឈិមបូព៌ាឡើយ។ នេះបើយោងតាមសេចក្តីបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកហ្សង់ មីងនៅថ្ងៃចន្ទនេះ នាខណៈពេលដែលលោកស៊ី ជីងពីងប្រធានាធិបតីចិន កំពុងត្រៀមខ្លួនធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ា។
ចុះផ្សាយនៅថ្ងៃ៖
ប្រមុខរដ្ឋចិន នៅសប្តាហ៍នេះ នឹងធ្វើដំណើរទៅកាន់ប្រទេសមួយចំនួននៅតំបន់មជ្ឈិមបូព៌ាក្នុងនោះមាន អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប និងអ៊ីរ៉ង់ នាខណៈពេលដែលទីក្រុង រីយ៉ាដនិង តេអេរ៉ង់កំពុងមានវិបត្តិការទូតរវាងគ្នាយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា អារ៉ាប៊ីសាអ៊ូឌីត បានផ្តាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ បន្ទាប់ពីក្រុមបាតុករអ៊ីរ៉ង់ បានចូលវាយលុកលុយបំផ្លិចបំផ្លាញស្ថានទូតរបស់ខ្លួននៅទីក្រុងតេអេរ៉ង់។ ដោយពួកបាតុករអ៊ីរ៉ង់ មានកំហឹងក្រេវក្រោធ បន្ទាប់ពីមានការប្រហារជីវិតអ្នកដឹកនាំសាសនានិកាយស៊ីអ៊ីតអារ៉ាប៊ីសាអ៊ូឌីតម្នាក់កាលពីថ្ងៃទី២មករាកន្លងមក។ ស្របគ្នានេះ អ៊ីរ៉ង់ ដែលជាប្រទេស មានអ្នកកាន់សាសនាអ៊ីស្លាមនិកាយស្ហីអ៊ីតភាគច្រើននៅក្នុងប្រទេស ក៏បានផ្តាច់ការប្តោះប្តូរពាណិជ្ជកម្មជាមួយអារ៉ាប៊ីសាអ៊ូឌីត និងបានហាមប្រជាជនខ្លួនដែរមិនឲ្យធ្វើដំណើរទៅស្វែងបុណ្យនៅក្រុងឡាមិក។
ពាក់ព័ន្ធនឹងបញ្ហានានានៅក្នុងតំបន់ ប្រទេសចិនតែងតែប្រកាន់ជំហរយ៉ាងត្រឹមត្រូវដោយមិនលំអៀងទៅខាងប្រទេសណាឡើយ-នេះបើយោងតាមសេចក្តីថ្លែងរបស់អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនលោកហ្សង់ មីង។ ម្យ៉ាងទៀត “ប្រទេសចិនតែងតែ គាំទ្រយ៉ាងពេញទំហឹងបណ្តាប្រទេសនៅក្នុងតំបន់ ក្នុងការខិតខំស្វះស្វែងរកដំណោះស្រាយមួយឲ្យបានសមស្របទៅតាមកាលះទេសៈនៃស្ថានការណ៍ជាតិរបស់បណ្តាប្រទេសទាំងនោះ។ នេះ ជាការបញ្ជាក់បន្ថែមរបស់អនុរដ្ឋមន្ត្រីការបរទេសចិន ដោយមិនបានបង្ហើបឲ្យដឹងអ្វីបន្តិចទេ ស្តីពីកម្មវិធី នៃដំណើររបស់លោកស៊ី ជីងពីងប្រធានាធិបតីចិនទៅកាន់តំបន់មជ្ឈិមបូព៌ា។
គូររំលឹកថា បើទោះបីជាសេដ្ឋកិច្ចចិន កំពុងត្រូវការពឹងអាស្រ័យទៅលើប្រេងរបស់បណ្តាប្រទេសនៅមជ្ឈិមបូព៌ាក្តី ក៏រហូតមកទល់ពេលនេះ- នៅក្នុងសំណុំរឿងធំៗនៅមជ្ឃិមបូព៌ា ចិនតែងតែប្រគល់រឿងនេះ ទៅឲ្យសមាជិកអចិន្ត្រៃយ៍ដ៏ទៃទៀត របស់ក្រុមប្រឹក្សាសន្តិសុខជាអ្នកដោះស្រាយ ដែលក្នុងនោះមានអាមេរិក អង់គ្លេសបារាំងនិងរុស្ស៊ី។
ក៏ប៉ុន្តែ តាំងពីរយៈពេលបន្តិចកន្លងមកនេះ ចិនបានសំដែងជំហរចូលរូមច្រើននៅក្នុងបញ្ហានៅមជ្ឃិមបូព៌ា ជាអាទិ៏ ការស្វែងរកដំណោះស្រាយមួយឲ្យដល់អធិករណ៍នៅស៊ីរី។ ហើយកន្លងពេលទៅថ្មីៗនេះ ប្រទេសចិន បានទទួលរដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរីនិងតំណាងក្រុមអ្នកប្រឆាំង ឲ្យជួបប្រាស្រ័យគ្នានៅក្នុងទីក្រុងប៉េកាំងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ