កំណើនសេដ្ឋកិច្ចចិនធ្លាក់​ចុះ​ទាប​បំផុត​មិនធ្លាប់​មាន​តាំង​ពី​២៥​ឆ្នាំ

កំណើន​សេដ្ឋកិច្ច​ចិន​មានត្រឹម​៦,៩%​នៅ​ឆ្នាំ​២០១៥
កំណើន​សេដ្ឋកិច្ច​ចិន​មានត្រឹម​៦,៩%​នៅ​ឆ្នាំ​២០១៥ Reuters/路透社

 ការិយាល័យ​ជាតិ​ផ្នែក​ស្ថិតិ ទើប​បាន​ចេញ​ផ្សាយ ជា​ផ្លូវការ​ នៅ​ថ្ងៃ​​អង្គារ​ទី ២០​មករា​នេះ បញ្ជាក់​ថា​ ​កំណើន​សេដ្ឋកិច្ច​ចិន​ប្រចាំ​ឆ្នាំ ២០១៥ មាន​ត្រឹម​តែ​៦,៩% ប៉ុណ្ណោះ។​ មិន​ត្រឹម​តែ​ជា​​អត្រា​ដ៏​ទាប បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ ២០១៤ (​៧,៣%) ទេ តែ​នេះ​ជាលើក​ទី​មួយ ក្នុង​ប្រវត្តិ​សេដ្ឋកិច្ច​២៥​ឆ្នាំចុង​ក្រោយ ដែល​ចិន​បាន​ស្គាល់​កំណើន​សេដ្ឋកិច្ច​ទាប​យ៉ាង​ដូច្នេះ។

ផ្សាយពាណិជ្ជកម្ម

សូម្បី​តែ​ក្នុង​សម័យ​ពិភពលោក​មាន​វិបត្តិ​សេដ្ឋកិច្ច​​ធ្ងន់ធ្ងរ​កាលពី​ឆ្នាំ​២០០៨ ក៏​ចិន​ពេល​នោះ​មាន​កំណើន​​សេដ្ឋកិច្ច​លើ​៧%​ដែរ។ ​៦,៩% ជា​តួលេខ​ដ៏​គួរ​ឱ្យ​ខក​ចិត្ត ប៉ុន្តែ​មិន​មែន​ជា​ភ្ញាក់​ផ្អើល​ទេ ពោះ​តាំង​ពី​ជា​ច្រើន​ខែ​មក​ហើយ ដែល​សញ្ញា​​សេដ្ឋកិច្ច​ចិន ប្រែ​ពណ៌​ក្រហមនោះ។

 
នៅ​ពេញ​​មួយ​ឆ្នាំ​២០១៥​នេះ សកម្មភាព​សិប្បកម្ម​​បាន​ស្គាល់​ភាព​ក្រញាញ់ រោង​ចក្រ​ឧស្សាហកម្ម​ជា​ច្រើន​ធ្លាក់​ក្នុង​វិបត្តិ​មាន​សមត្ថភាព​ច្រើន​/ខ្លាំង​ជ្រុល​ តម្លៃ​អចលនទ្រព្យ​ធ្លាក់​ថ្លៃ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការព្រួយ​បារម្ភ​ ខ្លាច​ប៉េង​ប៉ោង​​តម្លៃចលនាទ្រព្យ​​ ត្រូវ​បែក​ធ្លាយ ពាណិជ្ជកម្ម​នាំ​ចេញ​ក៏​បាន​ដាំ​ក្បាល​ចុះ ការ​ទិញ​វត្ថុ​ធាតុដើម​ក៏​ត្រូវ​រួម​ថយ ... និយាយ​ជា​រួម រាល់​សកម្មភាព​សេដ្ឋកិច្ច​ឧស្សាហកម្ម​​ដែល​ធ្លាប់​ជា​ទន្ទល់​ ជា​សរសរ​ទ្រូង​ នៃ​កំណើន​សេដ្ឋកិច្ច​ ធ្លាប់​នាំ​ចិនឱ្យ​បាន​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លេខ​ពីរ​ ត្រូវ​រួញ​តូច​ទាំង​អស់។

ជា​មួយ​កំណើន​៦,៩% ​ចិន​ នៅ​តែមាន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ នៅ​លើ​ពិភពលោក​ ប៉ុន្តែ​សកម្មភាព​លក់​រាយ​ ដែល​ជា​កត្តា​ដ៏​សំខាន់​កំណត់​អំពី​លទ្ធភាព​ចាយ​វាយ​របស់​ពលរដ្ឋ​ នៅ​តែ​ថមថយ​ដដែល​កាលពី​ខែ​មុន។

សម្រាប់​ឆ្នាំ២០១៦ កំណើន​សេដ្ឋកិច្ច​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត ដោយ​រដ្ឋាភិបាល​ចិន​បាន​ព្យាករ​ថា​នឹង​មាន​លើស​ពី ៦,៥%​ទេ។

ឥទ្ធិពល​លើ​ទីផ្សារ​ពិភពលោក

ពេល​នេះ​ចិន​មាន​សុខភាព​មិន​សូវ​ល្អ គ្រាន់​តែ​កណ្តាស់​មួយ​ឆែត គឺ​វា​គ្រប់​គ្រាន់​នឹង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​តូច​តាច​ធ្លាប់​រំពឹង​ចិន​កើត​ជំងឺ​ផ្តាសាយ​បាន។ អ្នក​ដែល​រង​គ្រោះ​ខ្លាំង​ជាង​គេ គឺ​បណ្តា​ប្រទេស​តំបន់​អាស៊ី ដែល​រំពឹង​ខ្លាំង​លើ​ការ​នាំ​ចេញ​ទៅ​ចិន។ តំបន់​អឺរ៉ូ ហាក់​ដូច​ជា​មិន​ប៉ះពាល់​ដោយ​ផ្ទាល់​នឹង​កំណើន​សេដ្ឋកិច្ច​​បន្ថយ​ល្បឿន​របស់​ចិន​ទេ  ប៉ុន្តែ​វា​អាច​នឹង​ធ្វើ​ឱ្យ​​​សេដ្ឋកិច្ច​ដ៏​ផុយ​ស្រួយ​ និង​ទើប​រើប​បន្តិច​បន្តួច​របស់​អឺរ៉ុប ពិបាក​នឹង​មាន​កំណើន ហើយកំណើន​សេដ្ឋកិច្ច​ពិភពលោក​ដ៏​ស្តួច​ស្តើង​អាច​នឹងត្រូវ​គាំង។

គឺ​ទីផ្សារ​ពិភពលោក​ដែល​នឹង​ត្រូវ​រង​ឥទ្ធិពលខ្លាំង​​ពី​​​កំណើន​សេដ្ឋកិច្ចចិន​​បន្ថយ​ល្បឿន​នេះ។ ដូច​សោភ័ណ ដឹង​និង​ឃើញ​ស្រាប់ ហើយតាំង​ពី​ដើម​ឆ្នាំ​មក​ ទីផ្សា​រមូលប័ត្រ បាន​ដាំ​ដូង​ ក្រឡាប់​ចាក់​ទីងរហូត​ដល់​បិទ​ទ្វារ​ជា​ស្វ័យ​ប្រវត្តិ​ម្តង​ជា​ពីរ​ដង ព្រោះ​តែ​ភាព​សង្ស័យ​បាន​មក​សណ្ឋិត​ ក្នុង​អារម្មណ៍​ពួក​គេ។ រដ្ឋ​ហាមប្រាម​មិន​ឱ្យ​លក់​ទិញ​ភាគហ៊ុន ដែល​មាន​ចំណែក​ចាប់ពី​៥%​ទៅ​ រដ្ឋ​ចេញ​មុខ​ទិញ​ភាគហ៊ុនធំៗ បញ្ចុះ​តម្លៃ​ប្រាក់​យ័ន ម្តងហើយ​ម្តង​ទៀត ជា​ហេតុ​ធ្វើ​ឱ្យ​មាន​ការ​ច្រួល​ច្របល់​​ ​ខ្លាំង ខ្លាច​រាលដាល​ដល់​ពិភពលោក​ផង។ រដ្ឋ​ចេញ​មុខ​ទប់​ទីផ្សារ​ភាគហ៊ុន ប៉ុន្តែ​សួរ​ថា​តើ​ចិន​អាច​ឈរ​ទប់​បាន​យូរ​ពេលណា ?!

បន្ទាប់​មក​គឺ​បញ្ហា​នយោបាយ​រូបិយបណ្ណ អឺរ៉ុប​និង​អាមេរិក ព្រួយ​ខ្លាច​អាជ្ញាធរ​ចិន​ ស្វែង​រក​ការ​បញ្ចុះ​តម្លៃ​ប្រាក់​យ័ន ដើម្បី​ផ្តល់​សន្ទុះ​ដល់​កំណើន​សេដ្ឋកិច្ច​​ផ្ទៃក្នុង។ រដ្ឋាភិបាល​ជា​អ្នក​កំណត់​តម្លៃ​លុយ​យ័ន​ជា​រៀង​រាល់​ព្រឹក តែ​នៅ​តែមិន​ធ្លាក់​ថ្លៃ​ដូច​ការ​ចង់​បានទៀត។ ការ​ធ្វើ​បែប​នេះ​អស់​ប្រាក់ច្រើន​ណាស់ ! ចិន​ដែល​មាន​ប្រាក់​បំរុង​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក​ កំពុង​ស្គាល់​ការ​ខាត​បង់អស់ ៥១២​ពាន់​លាន​ដុល្លារ បើ​ទោះ​បី​ជាមាន​សល់​ផល​ពាណិជ្ជកម្ម​ដល់​ទៅ ៥៦០​ពាន់​លាន​ដុល្លារ​ក៏​ដោយ។

គំរូ​សេដ្ឋកិច្ចថ្មី​ បែប “ធម្មតា”

នេះ​ជា​ពេលវេលា​ដ៏​លំបាក​ដែល​រដ្ឋាភិបាល​ចិន​ត្រូវ​ជំនះ​ឱ្យ​បាន ឬ​អាច​និយាយ​បែប​ផ្សេង​ បើ​ពាក្យ​​របស់​ការិយាល័យ​ស្ថិតិ​ចិន ដល់​វេលា​ដែល​ចិន​ត្រូវ​ធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​ នៅ​ពេល​ប្រកាស​អំពី​តួលេខ​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​នោះ។

ប៉ុន្តែ​សម្រាប់​ប៉េកាំង​នេះជា​ការ​ធម្មតា ដែល​ចិន​ត្រូវ​ស្គាល់​កំណើន​សេដ្ឋកិច្ច​ទាប​នោះ ! នាយក​រដ្ឋមន្ត្រី​ចិន លោក លី ខឺឈាំង បាន​ធានា​អះអាង​ទៅ​កាន់​ដៃគូ​​ទាំង​អស់​ មិន​បាន​ប្រើ​វិធី​បញ្ចុះ​ប្រាក់​យ័ន​ដើម្បី​ផ្តល់សន្ទុះ​ដល់​ការ​នាំ​ចេញ​ទេ ​ហើយ​ចិន​មាន​មធ្យោបាយ​គ្រប់​គ្រាន់​ក្នុង​ការ​​ធានា​ស្ថិរភាព​ប្រាក់​យ័ន។ មិន​តែ​ប៉ុណ្ណោះ លោក​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​អំពី​សេណារីយោ ប្រកប​ដោយ​សុទិដ្ឋនិយម​ថា ចិន​កំពុង​ឈាន​ដល់​ដំណាក់​កាល​ថ្មី មាន​គំរូ​សេដ្ឋកិច្ច បែប​ "ធម្មតា” មាន​កំណើន​សេដ្ឋកិច្ច​ទាប​ តែ​យូរ​អង្វែងខ្លាំង។ ពេល​នេះ​ចិន​កំពុង​បំផ្លែង​ខ្លួន កំពុង​ប្រឹង​ប្រែងរក​លំនឹង​ឱ្យ​គំរូ​សេដ្ឋកិច្ច​ថ្មី ​​អាច​​អភិវឌ្ឍប្រទេស​​ដោយ​រំពឹង​លើ​ការ​ចាយ​វាយ​ក្នុង​ស្រុក លើ​ទំនើបកម្ម និង​សេវាកម្ម។ ចិន​​​មិន​ចង់​ធ្វើ​ខ្លួន​ត្រឹម ជា​រោងចក្រ​បំរើពិភពលោកដែល​ផលិត​ច្រើន​ជ្រុល ឬ​ត្រូវ​ផ្អែក​លើ​ការ​​វិនិយោគ​ដែល​ពឹង​លើ​បំណុល​និង​ការ​នាំ​ចេញ​ទេ។

ដូច្នេះ កំណើន​សេដ្ឋកិច្ច​បន្ថយ​ល្បឿន​នៅ​ពេល​នេះ ជាដំណើរ​ការសេដ្ឋកិច្ច​​ធម្មតា។ ​ជាក់​ស្តែង វិស័យ​សេវាកម្ម ដែលមាន​ទំហំ​៥០,៥​% នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ​តំណាង​ឱ្យ​ជាង​ពាក់​កណ្តាលនៃ​សេដ្ឋកិច្ចជាតិ​ សម្រាប់​ឆ្នាំ​ដំបូងនេះ។ បើតាម​​ភ្នាក់ងារ​សារព័ត៌មានចិន​ថ្មី។ គុណប្រយោជន៍​នៃ​នយោបាយ​​ផ្តល់​លំនឹង​សេដ្ឋកិច្ច​ ទំនង​ជា​ត្រូវ​ការ​ពេល​បន្តិច​​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI