ទស្សនៈព្រឹត្តិការណ៍ពិភពលោក

​​ការ​បែកបាក់​ផ្ទៃក្នុងគំរាម​​សហភាពអឺរ៉ុបឱ្យ​មាន​អនាគត​មិន​ជាក់លាក់

សហភាព​អឺរ៉ុបប្រឈម​នឹង​ភាព​ប្រេះឆា​ផ្ទៃក្នុង
សហភាព​អឺរ៉ុបប្រឈម​នឹង​ភាព​ប្រេះឆា​ផ្ទៃក្នុង REUTERS/Francois Lenoir

ឆ្នាំ​ទៅ​ អឺរ៉ុប​ត្រដាប​ត្រដួស ហែកហួរ​គ្នា​ ដោយ​ចោទ​ មិន​ដឹង​ត្រូវ​ឬ​ខុស​ទេ ថា​​មាន​បញ្ហា​មក​ពី​ក្រៅ ដូច​ជា​​វិបត្តិ​អ៊ុយក្រែន វិបត្តិ​អន្តោប្រវេសន៍ ភេរវនិយម និង​ក្រិកមួយ​ដែរ។ តែ​នៅ២០១៦​នេះ អឺរ៉ុប​បាន​សម្ពោធ​​​​ឆ្នាំ​ថ្មី ជា​មួយ​នឹងជំងឺ​​រសាប់​រសល់​ ចេញ​ពី​​ជម្រៅ​បេះដូង​​តែ​ម្តង។ វិបត្តិ​ផ្ទៃ​ក្នុង​​ និង​ភាព​ប្រេះឆា​នេះ អាច​រុញ​ច្រាន​ស្ថាប័ន​អឺរ៉ុប​ ដែល​មាន​ឈ្មោះ​ជា​សហភាព ក្លាយ​ជា​បំណែកៗដុំ​បាន។ ហេតុអ្វី​បាន​ជា​អឺរ៉ុប​ធ្លាក់​ដល់​ដំណាក់កាលនេះ ?

ផ្សាយពាណិជ្ជកម្ម

អឺរ៉ុប​​ឈ្លោះ​ប្រកែក និយាយ​មិន​ចុះ​សម្រុង​នឹង​គ្នា សម្រេចការណ៍​អ្វី​យឺតយ៉ាវ ជា​រឿង​ធម្មតា ព្រោះ​គ្នា​ច្រើន ​​មតិ​ក៏ច្រើន យោបល់​ក៏​ច្រើន ... ក៏​ប៉ុន្តែនៅ​ពេល​នេះ ភាព​ប្រេះ​ឆា ហាក់​មាន​កាន់​តែ​ធំ​និង​ច្បាស់ឡើងៗ អាច​នឹង​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុប បែក​ខ្ញែក​គ្នាផង ព្រោះ​ប្រភព​នៃ​វិបត្តិ បាន​​ផ្ទុះ​ចេញ​ពី​ក្នុង។​ផ្ទុះ​បំបែក​សន្ធិសញ្ញា​Schengen ដែល​បាន​សម្រេច​គោលការណ៍ដ៏​ប្រសិទ្ធិ ផ្តល់​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍​ ដោយ​សេរី ឆ្លង​ប្រទេស​ចំនួន​២៣​​ លើ​២៨​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ប្រើ​រូបិយបណ្ណ​ អឺរ៉ូ​តែ​មួយ​ ក្នុង​១៩​ប្រទេស​។

វិបត្តិ​សេដ្ឋកិច្ចបាន​ហែកក្តី​ស្រមៃ​ឃើញ​អឺរ៉ុប​ភ្លឺថ្លា តាំង​ពី​​ឆ្នាំ​២០០៨មក។ ប៉ុន្តែ​គឺ​វិបត្តិ​អន្តោប្រវេសន៍ ដែល​បាន​ជីក​រូង ភាព​ប្រេះ​ឆា​ឱ្យមាន​​កាន់​តែ​ខ្លាំង។ ពាក្យ​ថា​សហភាព លែង​មាន​ន័យ គឺ​មាន​តែ​សក់​នរណា​ក្បាល​អ្នក​នោះច្រើន​ជាង។ បូក​បន្ថែម​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​ទៀត សមាជិក​នីមួយៗ បាន​បង្កើន​គំនិត​ជាតិ​និយម​ និង​អាត្មានិយម មួយ​ជា​១០។

តើ​នេះ​មិន​មែន​ជា​សញ្ញា​បញ្ជាក់​អំពី​ដំណើរឆ្ពោះ​ទៅ​រក​ការ​រំសាយ​​​សន្ធិសញ្ញា​Schengen​ទេឬ?! គណៈកម្មាធិការ​អឺរ៉ុប​បាន​ព្រមាន​ហើយ ថានេះ​​ជា​ការ​ចាប់​ផ្តើម​ បិទ​បញ្ចប់​គម្រោង​ស្ថាបនា​សហភាព​អឺរ៉ុប។ ការ​​នាំ​គ្នា​ត្រលប់​ទៅ​​ដាក់​របង​ខណ្ឌ​ប្រទេស​រៀង​ខ្លួនៗ​ អាច​ជា​គ្រោះ​បំបែក​សហភាព​អឺរ៉ុប​ជា​២៨​ចំណែក​។ សេណារីយោ​នេះ លែង​ជា​ពាក្យបម្រាម​​ទៀត​ហើយ !​ សូម្បី និង​ជាពិសេស​ អាល្លឺម៉ង់ ដែល​ល្បី​ខាង​អធន​ខ្លាំង ក៏​លែងទប់​ជាប់​​ទៀត​ដែរ។

អ៊ីតាលី និង​ក្រិក មុត​ស្រួចនឹង​ការ​ផ្តាច់​ខ្លួនចេញ។ បណ្តា​សមាជិក​នៅ​​អឺរ៉ុប​កណ្តាល បង្ហាញ​ខ្លួន​ជា​អ្នក​បះបោរ ក្រុម​ប្រទេស​អឺរ៉ុប​នៅ​ភាគ​ខាង​ជើង អ្នក​សន្តិនិយម ធ្វើ​​ខ្លួន​ឱ្យ​ស្ថិត​នៅ​​ឆ្ងាយ​ពី​​គេ​ឯង ... ការ​រិះគន់​ប្រឆាំង​នឹង​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ មាន​កាន់​តែ​ខ្លាំង​ស្ទើរ​តែ​អាច​កាត់​ឥទ្ធិពល​របស់​លោកស្រី ឱ្យ​អស់​មហិទ្ធិរិទ្ធរលីង បំណង​ចង់​​លែងលះអឺរ៉ុប​​របស់​អង់គ្លេស​ ឃើញ​កាន់​ច្បាស់ ... ជា​សរុប សន្ធិសញ្ញា​Schengenដែល​ជា​​​មូលដ្ឋាន​​គ្រឹះ​ របស់​សហភាពអឺរ៉ុប​ សំខាន់ទីពីរ​ ​ដូច​គ្នា​នឹង​ប្រាក់​អឺរ៉ូ​នោះ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​ជាក់​លាក់​ជាង​ពេល​ណាៗ​ទាំង​អស់។

ការ​បែកបាក់​នេះ​មាន​ទម្រង់​កាត់​ជា​តំបន់ៗ។ នៅ​ភាគ​ខាង​ជើង​  ក្រុមប្រទេស​ដូច​ជា​ស៊ុយអែត និង​ដាណឺម៉ាក ដែល​ធ្លាប់​មាន​ប្រពៃណី​ជា​អ្នក​ទទួល​ភ្ញៀវ ទទួល​ស្វាគមន៍​ជន​ភៀស​ខ្លួន បាន​ដាក់​របង​ចាំ​ត្រួត​ពិនិត្យ​និង​ឆែក​ឆេរ​​ជនអន្តោប្រវេសន៍ នៅ​ព្រំប្រទល់។ នៅ​ខាង​ត្បូង​វិញ អ៊ីតាលី និង​ក្រិក​ បាន​ដឹកនាំ ប្រតិបត្តិការដោយ​ចិត្ត​​ឯកឯង​ ព្រោះ​មាន​អារម្មណ៍​ថា​​កំពុង​ប្រឈម​នឹង​រលក​លំហូរ​អន្តោប្រវេសន៍​តែ​ម្នាក់​ឯង និង​បន្ទាប់​ពី​បាន​រង​ព្រនង់​​ត្បិត​ត្បៀត​ថវិកា​ដ៏​អយុត្តិធម៌​ពី​អាល្លឺម៉ង់។

ប៉ុន្តែ​គឺ​​អឺរ៉ុប​កណ្តាល ដែល​ជា​អ្នក​បញ្ជូន​សញ្ញា នៃ​ការ​ប្រេះ​ឆានេះ​កាន់​តែ​ច្បាស់ ! អឺរ៉ុប​កណ្តាល​ស្អប់​ខ្ពើម​អន្តោប្រវេសន៍​ដែល​ឆ្លងកាត់​ប្រទេស​ខ្លួន​ ដោយ​សារ​បញ្ហា​វប្បធម៌​និង​សាសនា​ ជាង​ពណ៌​សម្បុរ​នយោបាយ។ ព្រោះ​មិន​ថា​ដឹកនាំ​ដោយ​​អ្នក​ឆ្វេង​និយម អភិរក្ស​និយម​ទេ ជាតិ​និយម ក្រុម​ប្រទេស​នៅ​អឺរ៉ុប​ខាង​កើត​មាន​ជំហរ​ដូច​គ្នា។ ហុងគ្រី មាន​អ្នក​ដឹកនាំ​ប្រទេស​ស្ថិត​ក្នុង​ចង្កោម​គ្រួសារ​នយោបាយ​ដូច​លោកស្រី​មែរកិល​អាល្លឺម៉ង់ ស្លូវ៉ាគី ជា​អ្នក​សង្គមនិយម​ប្រជាធិបតេយ្យ ឯ​ចំណែក​ប៉ូឡូញ​វិញ​គឺ​ជា​អ្នក​ស្តាំ​អភិរក្ស ក្រុម​ប្រទេស​ទាំង​អស់នេះ មិន​ខ្លាច​នឹង​ល្មើស​វិធាន​របស់​សហភាព​អឺរ៉ុប​ទេ។

ប៉ូឡូញ​បាន​តាំង​ខ្លួន​ជា​សិស្ស​ព្រហើន​ ហ៊ាននិយាយ​អាក្រក់​​ពី​អឺរ៉ុប ពីអាល្លឺម៉ង់ ពី​សារពត៌មាន​បរទេស តែ​ក៏​ចេះ​ដើរ​តួ​ជា​អ្នក​​កណ្តាល​និយម។ ក្រៅ​ពី​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​របស់​អឺរ៉ុប នៅ​ថ្ងៃ​ពុធ​​នេះ​ទៀត​ប៉ូឡូញបាន​បញ្ចេះ​ការ​បែកបាក់ តាម​រយៈ​ការ​​​ទាមទារ​ឱ្យ​​គោរព​អធិបតេយ្យភាព​ប៉ូឡូញ​ ពី​សហភាព​អឺរ៉ុប។ នៅ​ចំពោះ​មុខ​អង្គ​សភា ក្រុម​អ្នក​ប្រឆាំង​អឺរ៉ុប បាន​ទះដៃ​អប​អរ​នាយក​រដ្ឋមន្ត្រី​ប៉ូឡូញ និង​ស្រែកដាក់​បណ្តាស​សារ​​ឱ្យ​សហភាព​ស្លាប់ ព្រម​ទាំង​​បន្ទោស​អឺរ៉ុប​ដែល​លូក​ដៃក្នុង​កិច្ចការ​ផ្ទៃក្នុង​រដ្ឋ​ជា​សមាជិក។

អង់គ្លេស​មាន​កង្វល់​ផ្សេង​​ចង់​តែ​ដើរ​ចេញ។ បារាំង​និង​អាល្លឺម៉ង់ដៃ​គូ​​​ដឹកនាំជា​ក្បាល​ម៉ាស៊ីន​អូស​ទាញ​​អឺរ៉ុប​​ ​មិន​ស៊ីចង្វាក់​គ្នា សមាជិកអភិរក្ស​ល្មមៗ​​ជា​​ចាស់​ទុំ​ប្រចាំ​ទ្វីប​មួយ​ចំនួន​ទៀត​បាន​ចាក​ចេញ​អស់​ពីសង្វាន ​​សហភាពមាន​តែ​ឈ្មោះ តែ​ខាង​ក្នុង​ប្រឈមសុទ្ធ​​នឹង​ភាព​ប្រេះឆា​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI