ប្រមុខការទូតអាមេរិកបំពេញទស្សនកិច្ចពិសេសនៅឡាវ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងបំពេញទស្សនកិច្ចនៅប្រទេសឡាវ នៅថ្ងៃចន្ទទី ២៥មករា ២០១៦។ នេះគឺជាលើកទីបី គិតចាប់តាំងពី៦០មកដែលរបបកុម្មុយនិស្តវៀងចន្ទ បើកទ្វារស្វាគមន៍ថ្នាក់ដឹកនាំការទូតអាមេរិក លំដាប់កំពូល ក្នុងក្របខ័ណ្ឌទស្សនកិច្ចផ្លូវការ។ កម្មវត្ថុនៃដំណើរទស្សនកិច្ចនេះ ត្រូវផ្តោតទៅលើកម្មវិធីរំសាយគ្រាប់បែកមិនទាន់ផ្ទុះ និង ឥទ្ធិពលរបស់ចិនលើតំបន់អាស៊ីអាគ្នេយ៍។
ជាទស្សនកិច្ចដ៏កម្រ និងដ៏ពិសេសសឹងមិនធ្លាប់មានទេ ! ព្រោះក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ មានតែប្រមុខការទូតអាមេរិកពីររូបប៉ុណ្ណោះ ដែលអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ លើកទីមួយ នៅឆ្នាំ១៩៩៥ ដោយលោក John Foster Dulles និងដោយលោកស្រី ហ៊ីឡារី គ្លីនតុន ជាលើកទីពីរនៅឆ្នាំ២០១២ និងលើកទីបី គឺរូបលោកចន ឃែរី នៅថ្ងៃចន្ទទី ២៥មករានេះ។
ទប់ឥទ្ធិពលចិន
លោក ចន ឃែរី ត្រូវជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថុងស៊ីង ធម្មាវង្ស និងរដ្ឋមន្ត្រីការបរទេស ថុងលូន ស៊ីស៊ូលីថ មុននឹងបន្តដំណើរទៅកាន់ប្រទេសកម្ពុជាទៀត។ ទិសដៅដំបូងនៃទស្សនកិច្ចនេះ គឺជាការត្រៀមរៀបចំជំនួបកំពូលអាមេរិក-អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍១០ប្រទេស) ដែលផ្តួចផ្តើមឡើងដោយលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា នៅរដ្ឋកាលីហ្វ័រនីញ៉ា ពីថ្ងៃទី ១៥-១៦កុម្ភៈ ខែក្រោយ។ ម្យ៉ាងទៀត លោកអូបាម៉ា មានគម្រោងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេ ដែលធ្វើដំណើរទៅឡាវ នៅចុងឆ្នាំនេះ ដើម្បីធ្វើជាអធិបតីក្នុងជំនួបកំពូលអាស៊ាន ដែលប្រព្រឹត្តទៅនៅប្រទេសឡាវ ក្នុងនាមជា ជាប្រធានផ្លាស់វេនអាស៊ាន នៅឆ្នាំ២០១៦នេះ។
អាមេរិកត្រូវការចាប់ដៃជាមួយអាស៊ាន ដែលរួមមាន១០ប្រទេសជាសមាជិក ដើម្បីផ្តុំកម្លាំង ទប់ទល់នឹងចិន កុំឱ្យពង្រីកឥទ្ធិពលលើប្រទេសតូចៗក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកបានខ្លាំងពេក។ អាមេរិកសង្កេតឃើញថា ចិនដើរតួសំខាន់ណាស់នៅក្នុងប្រទេសឡាវ ក៏ដូចជានៅកម្ពុជា មិនថាលើវិស័យសេដ្ឋកិច្ច ឬនយោបាយទេ។
ឥទ្ធិពលចិនលើប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលអាមេរិកមិនអាចមើលរំលងបានជាដាច់ខាត ទើបត្រូវប្រឹងធ្វើគ្រប់យ៉ាងដើម្បីបង្ហាញវត្តមាននៅក្នុងតំបន់នេះ។ ចំណុចសំខាន់មួយទៀត នៃទស្សនកិច្ចរបស់លោកឃែរី នៅឡាវថ្ងៃនេះ គឺការដោះស្រាយវិបត្តិគ្រាប់បែកអាមេរិកដ៏ច្រើនសន្ធឹកសន្ធាប់ លើទឹកដីឡាវ ដែលសេសសល់មិនទាន់ផ្ទុះ។
គ្រាប់បែកមិនទាន់ផ្ទុះ និងជនរងគ្រោះមរណៈ ៥០០០០នាក់
ឡាវគឺជាប្រទេសមួយនៅលើពិភពលោក ដែលបានទទួលគ្រាប់បែកអាមេរិកច្រើនជាងគេ បើធៀបទៅនឹងសមមាត្រចំនួនគ្រាប់បែក និងចំនួនពលរដ្ឋ។ នៅក្នុងអំឡុងពេលអាមេរិកដឹកនាំធ្វើសង្គ្រាមប្រឆាំងនឹងវៀតណាម ពីឆ្នាំ១៩៦៤ដល់១៩៧៥ ឡាវជាប្រទេសជិតខាងជាប់របងគ្នាវៀតណាម ក៏បានរងគ្រោះនឹងសង្គ្រាមអាមេរិកនេះដែរ ជាពិសេសគឺបានទទួលគ្រាប់បែក ដូចទឹកភ្លៀង។ អាមេរិកបានសម្រុកទម្លាក់ហៀដល់ទឹកដីឡាវ ដើម្បីសាកល្បងកាត់ផ្តាច់ផ្លូវដឹកស្បៀងនិងភស្តុភាររបស់យុទ្ធជនវៀតណាមខាងជើង។ បើគិតជាទឹកប្រាក់ ក្នុងមួយថ្ងៃៗអាមេរិកទម្លាក់គ្រាប់បែកក្នុងតម្លៃ១៧លានដុល្លារ។
ជាសរុបមានគ្រាប់បែកប្រមាណជាងពីរលានតោនគ្រាប់ ត្រូវបានទម្លាក់លើប្រទេសឡាវ ក្នុងនោះជាង៣០%មិនទាន់ផ្ទុះនៅឡើយទេ។ គ្រាប់បែកខ្លះមានសណ្ឋានដូចជា គ្រាប់ប៊ូល។ ហើយមិនមែនជាការកម្រទេ ដែលក្មេងៗជាច្រើនបានបាត់បង់ជីវិត ឬធ្លាក់ខ្លួនពិការ ព្រោះប្រលែងលេងជាមួយគ្រាប់បែកទាំងនោះ។ គិតចាប់តាំងពីសម័យសង្គ្រាមវៀតណាមនោះមក គ្រាប់បែកអាមេរិកនេះ បានសម្លាប់ជីវិតពលរដ្ឋស្លូតត្រង់ឡាវ អស់យ៉ាងតិច ៥ម៉ឺននាក់។
កាលពីឆ្នាំ២០១៤ បើតាមអង្គការជនពិការអន្តរជាតិ អាមេរិកបានបញ្ចេញថវិកា១២លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកមិនទាន់ផ្ទុះ។ នៅថ្ងៃនេះ អាមេរិកតាមរយៈវត្តមានលោក ចន ឃែរី ដែលធ្លាប់ធ្វើជាទាហានបានប្រលូកក្នុងសង្គ្រាមនៅវៀតណាមដោយផ្ទាល់ និងរងរបួស ព្រមទាំងបានទទួលគ្រឿងឥស្សរិយយសជាច្រើនដង បានបង្ហាញចេតនាជាអ្នកទទួលខុសត្រូវនូវទង្វើអតីតកាលរបស់ខ្លួនជាថ្មី ដោយត្រូវពិភាក្សាជាមួយរដ្ឋាភិបាលឡាវ ដើម្បីបង្កើនកម្មវិធីរំសាយគ្រាប់បែកមិនទាន់ផ្ទុះ។ គ្រាប់បែកមិនទាន់ផ្ទុះជាបញ្ហាធំ សម្រាប់សង្គមឡាវ និង ជាផលវិបាកដែលបន្សល់ទុកដោយអាមេរិកផ្ទាល់តែម្តង ក្នុងសម័យសង្គ្រាមជាមួយវៀតណាម។
ទំនាក់ទំនងតានតឹងឡាវ-អាមេរិក
ឡាវនិងអាមេរិកមិនដែលផ្តាច់ទំនាក់ទំនងគ្នាទាំងស្រុងមែន តែភាពតានតឹង មើលមុខគ្នាមិនចំ បានអូសបន្លាយជារហូតមក ព្រោះអាមេរិកការពារនិងគាំទ្រ ក្រុមជនជាតិភាគតិចម៉ុង។ ក្រុមដែលធ្លាប់បានប្រយុទ្ធប្រឆាំងនឹងរបបកុម្មុយនិស្តកំពុងកាន់អំណាចបច្ចុប្បន្ន ដោយមានជំនួយពីទាហានសម្ព័ន្ធមិត្តអាមេរិក។
លើសពីនេះទៅទៀត សំណុំរឿងសិទ្ធិមនុស្ស បានដុតកម្តៅអាមេរិកនិងឡាវ កាន់តែប្រឈមមុខដាក់គ្នាខ្លាំង។ ជាពិសេស នៅឆ្នាំ២០១២ ពេលដែលសកម្មជនសិទ្ធិមនុស្ស លោក សម្បត្តិ សំផុន ប្រធានអង្គការសង្គមស៊ីវិលឡាវ ត្រូវបានបាត់ខ្លួនយ៉ាងចម្លែក ដោយគ្មានមូលហេតុ និងការអង្កេត នៅតែគ្មានលទ្ធផល។
ប៉ុន្តែចាប់ពីឆ្នាំ២០១៥មក ទំនាក់ទំនងឡាវ-អាមេរិក ហាក់បានប្រសើរឡើងបន្តិចម្តងៗ។ អាមេរិកចាប់ផ្តើមមើលឃើញអំពីភាពទាក់ទាញរបស់ឡាវ អំពីផលប្រយោជន៍នៃការអភិវឌ្ឍ និងនៃការរឹតចំណងមេត្រីភាពជាមួយប្រទេសនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ