ដើម្បីពង្រឹងអំណាច ថៃមិនខ្លាចដាក់ទោសអ្នកប្រឆាំងពីបទប្រមាថព្រះមហាក្សត្រ
ចុះផ្សាយនៅថ្ងៃ៖
តុលាការថៃ បានកាត់ទោស នៅថ្ងៃនេះ ដាក់ពន្ធនាគារ អ្នកចម្រៀងថៃលោកThanat Thanawatcharanon ហៅTom Dundee តុំ ដុនដេ ឱ្យជាប់ពន្ធនាគារ៧ឆ្នាំកន្លះ ពីបទប្រមាថព្រះចេស្តាព្រះមហាក្សត្រ។ សវនាការនេះ ប្រព្រឹត្តទៅជួនចំពេញកម្តៅនយោបាយរីកឡើងកាន់តែខ្លាំង និងតានតឹងជាលំដាប់។ ប្រមុខដឹកនាំសឹកថៃ លោក ប្រាយុទ្ធ ចាន់អូចា បានស្រែកព្រមាននៅថ្ងៃនេះដែរថានឹងមិនចុះចេញតំណែងជាដាច់ខាត បើទោះបីកំរិតនៃការស្អប់ខ្ពើមប្រឆាំងឡើងដល់កំរិតណាក៏ដោយ។
លោកThanat Thanawatcharanon ហៅTom Dundee តុំ ដុនដេ ជាអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ ត្រូវបានតុលាការកាត់ទោសក្រុងបាងកក ដាក់ទោសឱ្យជាប់ពន្ធនាគារ ក៏ព្រោះតែបានពោលពាក្យមិនសមរម្យ ប្រមាថដល់ព្រះមហាក្សត្រ កាលពីឆ្នាំ២០១៣ ក្នុងអំឡុងពេលធ្វើមិទ្ទិញជាក្រុមបាតុករអាវក្រហម សកម្មភាពជនអ្នកគាំទ្ររដ្ឋាភិបាលត្រកូលថាក់ស៊ីន និងយីងឡាក់ ស៊ីណាវ៉ាត់។
ប្រមាថព្រះមហាក្សត្រ ដែលនឹងអាចត្រូវផ្តន្ទាទោសធ្ងន់បំផុត ដល់ទៅ១៥ឆ្នាំ។ គ្រប់ប្រព័ន្ធសារព័ត៌មានទាំងអស់ រាប់ទាំងសារព័ត៌មានបរទេសផង ឱ្យតែហ៊ានធ្លោយមាត់ ធ្លោយពាក្យចុះផ្សាយ ពាក្យប្រមាថរបស់ជនជាប់ចោទនោះ ក៏នឹងត្រូវជាប់ក្តីក្តាំដែរ។ ហេតុដូច្នេះហើយបានជាមានផ្សព្វផ្សាយដំណឹងកាត់ក្តីនេះយ៉ាងតិចតួចបំផុត។
តាំងពីបានឡើងគ្រប់គ្រងប្រទេស តាមរយៈរដ្ឋប្រហារមក របបសឹកថៃបានដំឡើងភាពផ្តាច់ការកាន់តែខ្លាំង និងបង្កើនការកាត់ទោសអ្នកប្រឆាំងកាន់តែច្រើនឡើងៗ ពីបទប្រមាថព្រះមហាក្សត្រ។ សូម្បីតែនិយាយប៉ះពាល់ដល់ឆ្កែស្តេច ក៏អាចជាប់ទោសដែរ ! អ្នកប្រើប្រាស់អ៊ីនធ័រនែតម្នាក់ កំពុងរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីបានបង្ហោះសារលើប្រព័ន្ធអ៊ីនធ័រនែត ប្រមាថឆ្កែស្តេច។
ប្រមុខនឹងស្ថានភាពសុខភាពមិនជាក់លាក់របស់ព្រះមហាក្សត្រ របបសឹកថៃ ដែលការពារយ៉ាងងប់ងុលរបបរាជានិយម បានបង្ហាញចរិកហិង្សា និងវក់អំណាចកាន់តែខ្លាំងឡើងៗ។ លោក ប្រាយុទ្ធចាន់អូចា បានប្រកាសជាសាធារណៈនៅថ្ងៃនេះ ថា ទោះបីមានការស្អប់ខ្ពើមមេដឹកនាំដល់កំរិតណាក៏ដោយ ក៏លោកមិនចុះចេញពីតំណែងជាដាច់ខាត ដរាបណាប្រទេសគ្មានសន្តិភាពនិងសណ្តាប់ធ្នាប់វិញទេ។
ម្យ៉ាងទៀត ការក្រេវក្រោធកាន់តែខ្លាំងរបស់អាជ្ញាធរសឹកថៃនាពេលនេះ ក៏ទំនងជាមកពីការបោះឆ្នោតប្រជាមតិលើគម្រោងរដ្ឋធម្មនុញ្ញ កាន់ខិតមកដល់ (៧សីហា ២០១៦)។ រដ្ឋធម្មនុញ្ញថ្មី ដែលជាយុទ្ធសាស្ត្រគន្លឹះរបស់រដ្ឋាភិបាលសឹក ក្នុងរាំងស្ទះបក្សប្រឆាំងស្និទ្ធនឹងត្រកូលស៊ីណាវ៉ាត់ មិនឱ្យវិលកាន់អំណាចវិញបាន តាមរយៈការបោះឆ្នោត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ