អានតួអត្ថបទ

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជំរុញ​ឱ្យ​ចិនកាត់​បន្ថយ​​បំណុលឯកជន​ ​ឱ្យ​បាន​លឿន​បំផុត

សកម្មភាព​ដឹកជញ្ជូន​របស់​សហគ្រាស​កំពង់ផែ Lianyungang នៃ​ខេត្ត Jiangsu.
សកម្មភាព​ដឹកជញ្ជូន​របស់​សហគ្រាស​កំពង់ផែ Lianyungang នៃ​ខេត្ត Jiangsu. REUTERS/China Daily
ដោយ៖ អៀង សុខម៉ិញ
១១ នាទី

ចិន​ត្រូវ​តែ​បញ្ចេញ​សកម្មភាព​ ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​បំណុល​​​ដែល​កើត​ឡើង​ឥត​ឈប់​ឈរ នៅ​តាម​ក្រុមហ៊ុន​សហគ្រាស។ បំណុល​ឯកជននេះ​ជា​ប្រភព​នៃ​ការ​​ព្រួយ​បារម្ភ​ខ្លាំង​របស់​ពិភពលោក​ចំពោះ​សុខភាព​សេដ្ឋកិច្ច​ចិន។ នេះ​បើ​តាម​ការ​ប្រកាស​អំពាវនាវ​របស់​​អង្គការ​មូលនិធិរូបិយវត្ថុ។

ផ្សាយពាណិជ្ជកម្ម

បំណុល​ឯកជន​របស់​ក្រុមហ៊ុន​និង​សហគ្រាស ជា​បញ្ហា និង​ជា​ចំណុច​ខ្សោយ​មួយ​ដែល​អាច​ធ្វើ​ឱ្យ​គ្រឹះ​សេដ្ឋកិច្ច​ចិន​អាច​រង្គោះរង្គើ។ នេះ​ជា​ប្រសាសន៍​របស់​អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​ អង្គការ​មូលនិធិរូបិយវត្ថុ នៅ​ចំពោះ​មុខ​ក្រុម​សេដ្ឋកិច្ចវិទូ​ចិន នា​ថ្ងៃ​សៅរ៍​នេះ ដោយ​បាន​អះអាង​ទៀត​ថា ៖

“វិបត្តិ​បំណុល​របស់​ក្រុមហ៊ុន​សហគ្រាសបច្ចុប្បន្ន ​អាច​នឹង​ក្លាយ​ជា​បំណុល​ស្វ័យប្រវត្តិ​នៅ​ថ្ងៃ​អនាគត។ ហើយ ​បំណុល​ស្វ័យប្រវត្តិ​នឹង​អាច​អូស​ទាញ​កំណើន​សេដ្ឋកិច្ច​ឱ្យធ្លាក់​ចុះ​ ឬ​អាច​នាំ​ឱ្យ​មាន​វិបត្តិ​ធនាគារ​តែ​ម្តង។ »

តាំង​ពី​សប្តាហ៍​មុន​មក​ម្ល៉េះ ដែល​ធនាគារ​ប្រជាជន​ចិន​បាន​ចេញ​របាយការណ៍​ប្រចាំ​ឆមាស​មួយ​ព្រមាន​ឱ្យ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​កាត់​បន្ថយ​បំណុល​ថ្មីៗ និង​ទប់​ស្កាត់​ការ​បំប៉ោង​សមត្ថភាព​ហួសហេតុ​របស់​ក្រុមហ៊ុន​សហគ្រាស​ចិន ព្រោះ​វា​អាច​បង្កើន​គ្រោះ​ហានិភ័យ​ក្ស័យធន និង​អាច​មាន​ភាព​ស្មុគស្មាញ​ផ្នែក​កម្ចី​​ហិរញ្ញវត្ថុ។

បើ​តាម​អង្គការ​មូលនិធិរូបិយវត្ថុ​អន្តរជាតិ បំណុល​របស់​​ក្រុមហ៊ុន​សហគ្រាស​ចិន មាន​ទំហំ​ប្រមាណ ១៤៥%​នៃ​ផលិតផល​សរុប​ក្នុង​ស្រុក ពោល​គឺ​ជា​អត្រា​ដ៏​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត។ ជាង​នេះទៅ​​ទៀត ក្រុមហ៊ុន​សហគ្រាសរដ្ឋ​ដែលនាំ​ចំណូល​​​ត្រឹម​២២%​សោះ ​តែមាន​​ជាប់​បំណុល​​ដល់​ទៅ​​៥៥% នៃ​បំណុល​សរុប។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ​អង្គការ​មូលនិធិ​រូបិយវត្ថុចង់​​ជំរុញ​ឱ្យ​ចិន​គិត​គូរ​ដោះស្រាយមើល​ចំណាត់ការ​របស់​ក្រុមហ៊ុន​សហគ្រាស​ ដូច​ធនាគារ ព្រោះ​ពុំ​នោះ​ទេ ចិន​នឹង​ត្រូវ​ធ្លាក់​ក្នុង​វាលរដ្ត​សង្សា​ ​មាន​កំណើនកម្ចី មានបំណុល និង​ស្ថាបនា​​ក្រុមហ៊ុន​ឡើង​វិញ ​វិល​ទៅ​វិល​មកដដែលៗ ចេញ​មិន​រួច​ឡើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ