២០១៥ ឆ្នាំសម្លាប់អ្នកការពារបរិស្ថាន ដ៏ច្រើនមិនធ្លាប់មាន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានយ៉ាងហោចសកម្មជនបរិស្ថានចំនួន១៨៥នាក់ ត្រូវបានសម្លាប់ នៅឆ្នាំ២០១៥ ក្នុងប្រទេសចំនួន១៦ ដោយបុព្វហេតុការពារទឹកដីនិងបរិស្ថាន។ ពិតជាមិនធ្លាប់មានទេ គិតចាប់ពីឆ្នាំ២០០២មក ឆ្នាំដែលអង្គការក្រៅរដ្ឋាភិបាលGlobal Witness បានចាប់ផ្តើមចេញរបាយការណ៍ស្តីអំពីប្រធានបទនេះមក។ បើប្រៀបទៅឆ្នាំ២០១៤ អត្រាសម្លាប់អ្នកការពារបិរស្ថាន បានកើនឡើងដល់ទៅ ៦០%។ នេះបើតាមរបាយការណ៍របស់អង្គការក្រៅរដ្ឋាភិបាលអង់គ្លេស ឈ្មោះថា Globel Witness។
ប្រទេសដែលគ្រោះថ្នាក់ជាងគេបំផុតគឺប្រេស៊ីល និងហ្វីលីពីន។ អ្នកបរិស្ថានហ្វីលីពីន ៥៥នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ២៥នាក់នៅតំបន់មិនដាណាវ ទីដែលមានសម្បត្តិធម្មជាតិរ៉ែធ្យូងថ្ម នីគែលនិងមាសច្រើន។ នៅប្រេស៊ីល ក្នុងឆ្នាំ២០១៥ដដែល មានមនុស្ស៣៣នាក់បានត្រូវគេសម្លាប់ហើយការការពារព្រៃអាម៉ាហ្ស៊ូន បានក្លាយជាការប្រយុទ្ធប្រឆាំងនឹងក្រុងឧក្រិដ្ឋជន ដែលមានរកស៊ីកាប់ព្រៃ ដោយមានជំនួយពីអ្នកដឹកនាំរដ្ឋាភិបាលពុករលួយ។
កូឡុំប៊ី(២៦នាក់ស្លាប់) ប៉េរ៉ូ (១២នាក់) នីការ៉ាហ្កាយ(១២នាក់) កុងហ្កោ(១១នាក់) ក៏សុទ្ធសឹងជាប្រទេសក៏គ្រោះថ្នាក់ដែរ សម្រាប់អ្នកបរិស្ថាន។ តួលេខជាក់ស្តែងទំនងជាអាចធ្ងន់ធ្ងរខ្លាំងជាងនេះទៀត ព្រោះមានឃាតកម្មជាច្រើនទៀតណាស់ដែលមិនត្រូវបានបំបិទមាត់។ នេះបើតាមការគូសបញ្ជាក់របស់អ្នកទទួលខុសត្រូវអង្គការ Global Witness។
បើតាមប្រភពដដែល មួយភាគបួននៃសំណុំរឿងឃាតកម្មបរិស្ថាន ពាក់ព័ន្ធ នឹងគម្រោងរុករងរ៉ែ ២០ករណីស្លាប់ ព្រោះបានតស៊ូប្រឆាំងនឹងផែនការកសិពាណិជ្ជកម្ម។ ជនរងគ្រោះបរិស្ថាន៣០នាក់ផ្សេងទៀត បានស្លាប់ក្នុងបុព្វហេតុក្រាញននៀលការពារព្រៃឈើ (១៥ករណី) ឬប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គសនី (១៥នាក់)។
របាយការណ៍បានធ្វើកំណត់សម្គាល់ពិសេស អំពីភាពរងគ្រោះខ្លាំងរបស់ក្រុមជនជាតិភាគតិច ជាជនជាតិដើមរស់នៅតំបន់ដាច់ស្រយ៉ាលខ្លាំង ដែលតំណាងឱ្យ៤០%នៃជនរងគ្រោះសរុបប្រចាំ២០១៥។ តាំងពីជាង២០ឆ្នាំមកហើយ ដែលអង្គការបានបរិហារអំពីផលប៉ះពាល់នៃផលិតកម្មធនធានធម្មជាតិចំពោះសិទ្ធិមនុស្សនិងបរិស្ថាន។ តាមរយៈរបាយការណ៍នេះ អង្គការបានអំពាវនាវឱ្យរដ្ឋាភិបាលបញ្ចេញសកម្មភាពជាបន្ទាន់ ការពារសកម្មជនបរិស្ថាន និងដាស់តឿនប្រទេសអ្នកទិញ និងអ្នកវិនិយោគអំពីឥទ្ធិពលដោយផ្ទាល់នៃជំនួញធនធានធម្មជាតិ លើសិទ្ធិមនុស្សនិងសហគមន៍៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ