ហ្វីលីពីនប្តូរចិត្ត សុំចរចាជាមួយប៉េកាំងរឿងសមុទ្ទចិនខាងត្បូង
ចុះផ្សាយនៅថ្ងៃ៖
ហ្វីលីពីន បានបញ្ជូនបេសកជនពិសេសទៅប្រទេសចិន។ នៅថ្ងៃសុក្រ ពីទីក្រុងហុងកុង លោក ហ្វីដែល រ៉ាម៉ូស បានអះអាងប្រាប់ភាគីចិន ថា ក្រុងម៉ានីល ចង់ ចាប់ផ្តើមបើកការចរចាផ្លូវការជាមួយប៉េកាំង ដើម្បីត្រួសត្រាយផ្លូវ នាំប្រទេសទាំងពីរទៅរកសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ ក្នុងសមុទ្ទចិនខាងត្បូង។
ជំនួបពិភាក្សារវាងអនុរដ្ឋមន្ត្រីការបរទេសចិនលោក ហ្វូ យីង និង លោកហ្វីដែល រ៉ាម៉ូស បេសកជនពិសេសរបស់ហ្វីលីពីន នៅក្រុងហុងកុង ធ្វើឡើងក្នុងបំណងភ្ជោចទំនាក់ទំនងចិនហ្វីលីពីន ដែលអាប់អួរនិងធ្លាក់ចុះដុនដាបខ្លាំង ដោយហេតុតែវិបត្តសមុទ្ទចិនខាងត្បូង។ ប៉ុន្តែវាក៏ជាឱកាសមួយសម្រាប់ភាគីហ្វីលីពីន ក្នុងការបង្ហើបចេតនា ចង់បើកការចរចា ដែលមានលក្ខណៈផ្លូវការ ជាមួយចិន ឡើងវិញ។
ការប្តូរចិត្តនេះអាចចាត់ទុកថា ជាកាយវិការបន្ធូរបន្ថយសម្ពាធ របស់ហ្វីលីពីន ដែលកាលពីខែមុន រដ្ឋាភិបាលហ្វីលីពីន បានច្រានចោលសំណើរបស់សុំចរចាទ្វេភាគីរបស់ចិន។ កាលណោះ ក្រុងម៉ានីល នៅត្រឡោតខ្លាំងដាក់ប៉េកាំង បានផ្តល់ហេតុផលនៃការបដិសេធ ថាមកពីចិនមិនព្រមទទួលស្គាល់សេចក្តីសម្រេចចិត្តរបស់តុលាការអចិន្ត្រៃយ៍ក្រុងឡាអេ ឱ្យក្រុងម៉ានីលឈ្នះប៉េកាំង។
ប៉ុន្តែសម្រាប់អាមេរិក ដែលជាសម្ព័ន្ធមិត្តជាប្រវត្តិសាស្ត្ររបស់ហ្វីលីពីន មិនយល់ស្របតាមគំនិតរបស់រដ្ឋាភិបាលក្រុងម៉ានីលឡើយ។ លោកចន ឃែរី ប្រមុខការទូតអាមេរិក បានធ្វើដំណើរទៅជួបសមភាគីហ្វីលីពីន និងបានចេញសេចក្តីថ្លែងការណ៍មួយកាលពីចុងខែកក្កដា ជំរុញនិងលើកទឹកចិត្តឱ្យហ្វីលីពីន ត្រូវតែចាប់ផ្តើមបើកកិច្ចចរចាជាមួយចិន ព្រោះជាមធ្យោបាយតែមួយគត់ សម្រាប់បញ្ចៀសភាពប្រឈមគ្នានៅក្នុងសមុទ្ទចិនខាងត្បូង។
សូមបញ្ជាក់ថា ចិនដែលអះអាងជាអ្នកគ្រប់គ្រងសមុទ្ទចិនខាងត្បូង ចំនួន៨៥% មានជម្លោះ ជាមួយហ្វីលីពីន និងបណ្តាប្រទេសជិតខាងក្នុងតំបន់មួយចំនួនទៀតដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ដែលក៏ទាមទារចំណែកគ្រប់គ្រងបូរណភាពដែនទឹកប្រកបដោយធនធានធម្មជាតិ និងជាផ្លូវចរាចរណ៍អន្តរជាតិដ៏សំខាន់មួយ ទំហំដល់ជាង៤៥០០លានក្នុងមួយឆ្នាំៗ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ