អាហ្វហ្កានីស្ថានបរាជ័យកាន់តែខ្លាំងនៅចំពោះមុខការវាយប្រហារតាលីបង់
ចុះផ្សាយនៅថ្ងៃ៖
កងកម្លាំងការពារសន្តិសុខជាតិអាហ្វហ្កានីស្ថាន កំពុងតែចាញ់យ៉ាងដំណំ នៅចំពោះមុខការវាយប្រហារកាន់តែសន្ធាប់ឡើងៗ របស់ពួកតាលីបង់ និងក្រុមជ្រុលនិយមផ្សេងទៀត។ បន្ថែមពីលើតុល្យាការដ៏ធ្ងន់ធ្ងរនៃចំនួនទាហាន-ប៉ូលិសអាហ្វហ្កានីស្ថានស្លាប់ និងរបួស នៅឆ្នាំ២០១៥ នៅឆ្នាំ២០១៦នេះ អាហ្វហ្កានីស្ថាននេះបើតាមការប្រកាសរបស់អង្គការអូតង់ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។
មានប៉ូលិសនិងទាហានមិនតិចជាង៥ពាន់នាក់បានស្លាប់ និង ១៥០០០នាក់ បានរងរបួសនៅឆ្នាំ២០១៥ ! ហើយនៅឆ្នាំនេះការបាត់បង់នឹងត្រូវកើនឡើងច្រើនទៀត ព្រោះកងកម្លាំងអាហ្វហ្កានីស្ថាន កំពុងចាញ់ខ្លាំងណាស់ ! ចាញ់ខ្លាំងក្នុងល្បឿន ២០% លើសឆ្នាំមុន។ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យអង្គការអូតង់។
កងកម្លាំងអាហ្វហ្កានីស្ថាន មានភារៈការពារដោយខ្លួនឯង តាំងពីដើមឆ្នាំ២០១៥មក បន្តពីកងកម្លាំងរបស់អូតង់ ប៉ុន្តែទោះបីជាបានទទួលការបំពាក់បំប៉ន និងជំនួយយ៉ាងស្រួចស្រាវពីអង្គការនេះក្តី ក៏ពួកគេនៅតែមិនអាចទប់ឈ្នះពួកតាលីបង់បាន។ ពួកតាលីបង់ និងពួកឧទ្ទាមអ៊ីស្លាមជ្រុលនិយមផ្សេងៗ បានសម្រុកធ្វើការវាយប្រហារយ៉ាងខ្លាំង នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។
បរាជ័យបែបនេះ បានរុញច្រានស្ថានភាពសុវត្ថិភាពជាតិបានធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីថ្ងៃពុធ ពួកតាលីបង់បានវាយប្រហារសកលវិទ្យាល័យអាមេរិកនៅក្រុងកាប៊ូល ស្លាប់មនុស្សអស់១៦នាក់។ នៅដើមសប្តាហ៍អូតង់ បានប្រកាសពង្រាយទាហានអាមេរិក១០០នាក់ នៅក្រុងហែលម៉ង់ ដែលហៀបធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់។
ហើយប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំង លោកអូបាម៉ា បានសម្រេចផ្អាកការដកកងទ័ពអាមេរិកចេញសិន ដោយទុកកម្លាំងជាង ៨៤០០នាក់ ឱ្យអាហ្វហ្កានីស្ថាន រហូតដល់ឆ្នាំក្រោយ។ តែកងកម្លាំងអាហ្វហ្កានីស្ថាននៅមានចំណុចខ្លាំងមួយ ដែលបើតាមអ្នកនាំពាក្យអង្គការអូតង់ ពួកគេមានភាពតស៊ូស្វិតស្វាញ និងឆន្ទៈប្រយុទ្ធតទល់ជានិច្ចបើទោះបីជាចាញ់ខ្លាំងក៏ដោយ ព្រមទាំងមានសមត្ថភាពគ្រាន់បើជាងឆ្នាំមុន។
អាហ្វហ្កានីស្ថាន មានកម្លាំងប៉ូលិសនិងទាហានសរុបប្រមាណ ៣២ម៉ឺននាក់ ត្រូវប្រឈមនឹងការវាយប្រហារពីសំណាក់តាលីបង់ ជារៀងរាល់ថ្ងៃផង និងបញ្ហាពុករលួយស៊ីរូងផ្ទៃក្នុងដ៏ធំផង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ