អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឡាវ៖​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​ថ្ងៃទី១ បាន​បំពុល​ដោយ​សម្តី​ជេរប្រមាជ​ពី​លោក​ឌុយទែរតេ​ចំពោះ​លោក​អូបាម៉ា

សំឡេង ០៩:៥៣
Thượng đỉnh ASEAN tại Vientiane, Lào, ngày 06/09/2016.
Thượng đỉnh ASEAN tại Vientiane, Lào, ngày 06/09/2016. Reuters

ចាប់​​ពី​ថ្ងៃ​អង្គារ ទី៦ កញ្ញា​នេះ​ទៅ ប្រទេស​ឡាវ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ជំនួបកំពូល​អាស៊ាន​ប្រចាំ​ឆ្នាំ​លើកទី២៨ និង​ទី២៩​រយៈពេល ៣ថ្ងៃ​ក្នុង​ទីក្រុង​វៀងចន្ទន៍។ នៅ​ក្នុង​ថ្ងៃ​ទី១ ថ្ងៃ​នេះ ជំនួបកំពូល​អាស៊ាន​បាន​ផ្តើម​កិច្ចប្រជុំ​រវាង​ប្រទេស​សមាជិក​ទាំង ១០ប្រទេស។ បន្ទាប់​មក​នៅ​ថ្ងៃ​ពុធ ទី៧ និង​ថ្ងៃ​ព្រហស្បតិ៍ ទី៨ កញ្ញា គឺ​ជា​ជំនួបកំពូល​រវាង​អាស៊ាន​ជាមួយ​ប្រទេស​ដៃគូ រួម​មាន ជប៉ុន ចិន កូរ៉េខាងត្បូង អូស្រ្តាលី ឥណ្ឌា អង្គការ​សហប្រជាជាតិ និង​អាមេរិក។ បន្ទាប់​មក​ទៀត ក៏​នឹង​មាន​ជំនួបកំពូល​អាស៊ាន​បូក និង​ជំនួបកំពូល​អាស៊ីបូព៌ា។ អ្វី​ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ជំនួបកំពូល​ថ្ងៃទី១ គឺ​សម្តីជេរប្រមាថ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរតេ​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា។

ផ្សាយពាណិជ្ជកម្ម

បរិយាកាស​រួម​នៅ​ក្នុង​ថ្ងៃទី១ នៃ​ការ​បើក​កិច្ចប្រជុំកំពូល​អាស៊ាន​ថ្ងៃ​នេះ គឺ​ល្អ ព្រោះ​អ្វីៗ​បាន​ដំណើរការ​ទៅ​ដូច​ដែល​កម្មវិធី​បាន​គ្រោង​ទុក។ ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង ១០ប្រទេស រួម​ទាំង​ប្រទេស​ដៃគូ​ផង​កំពុង​មាន​វត្តមាន​ស្រាប់​នៅ​ទីនេះ។ មាន​ការ​កត់សម្គាល់​ចំនួន ២ ដែល​មិន​អាច​កំបាំង​ភ្នែក​ក្រុម​អ្នកកាសែត​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​រយនាក់​ដែល​កំពុង​មាន​វត្តមាន​ទីនេះ ពិសេស​ពលរដ្ឋ​ឡាវ​រស់​ក្នុង​ទីក្រុង​វៀងចន្ទន៍។ កំណត់សម្គាល់ ទី១ គឺ​ការ​ពង្រឹង​សន្តិសុខ និង​កំណត់សម្គាល់​ទី២ គឺ​ការ​ស្ទះ​ចរាចរណ៍។

រឿង​ស្ទះ​ចរាចរណ៍​អាច​ថា​ជា​រឿង​មួយ​ធម្មតា ព្រោះ​អាទិភាព​ចម្បង គឺ​ការ​បើក​ផ្លូវ​សម្រាប់​ដំណើរ​ចេញ ចូល​ទីកន្លែង​ប្រជុំ​របស់​គណៈប្រតិភូជាតិ និង​អន្តរជាតិ។ ទាក់ទង​នឹង​សន្តិសុខ គឺ​ត្រូវ​បាន​ពង្រឹង​ដល់​កម្រិត​កំពូល ដោយ​រដ្ឋអំណាច​ឡាវ​បាន​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ទាហាន​នៅ​តាម​ច្រក​ផ្លូវធំ តូច​តាំង​ពី​អាកាសយានដ្ឋាន​វ៉ាត់ថៃ​រហូត​ដល់​ទីកន្លែង​រៀបចំ​ជំនួបកំពូល។ ទន្ទឹម​គ្នា​នេះ កម្លាំង​ប៉ូលិស និង​ទាហាន​ក៏​ត្រូវ​បាន​គេ​ដាក់​យាម​នៅ​តាម​សណ្ធាគារ​មួយ​ចំនួន​ដែរ ពិសេស​សណ្ធាគារ​ដែល​កំពុង​ស្នាក់នៅ​ដោយ​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល។ គេ​មិន​មាន​ព័ត៌មាន​ណា​មួយ​ទាក់ទង​នឹង​ចំនួន​ប៉ូលិស និង​ទាហាន​ដែល​រដ្ឋអំណាច​ឡាវ​បាន​ប្រើ​នៅ​ក្នុង​ឱកាស​នេះ​ទេ តែ​អាច​មាន​ជា​ច្រើន​រយនាក់។

ថ្ងៃទី១ ជា​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​សមាជិក​អាស៊ាន

ពិធី​បើក​កិច្ចប្រជុំកំពូល​អាស៊ាន​លើកទី២៨ និង​ទី២៩ ​បាន​ផ្តើម​ដោយ​មាន​ពិធី​គោរព​ភ្លេង​អាស៊ាន និង​ការ​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ដោយ​លោក​នាយករដ្ឋមន្រ្តី និង​សុន្ទរកថា​បើក​ដោយ​លោក​ប្រធានាធិបតី​ឡាវ។ កិច្ចប្រជុំកំពូល​អាស៊ាន​ថ្ងៃ​នេះ គឺ​ជា​កិច្ចប្រជុំ​តែ​រវាង​ប្រទេស​សមាជិក​អាស៊ាន​ដែល​បាន​អនុញ្ញាត​ឲ្យ​អាស៊ាន​រៀបចំ​ពិធី​បើក​ដំណើរការ​ទស្សនា​អាស៊ាន​ខួប​ទី៥០ឆ្នាំ។

បន្ទាប់​មក ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តីពី​អាស៊ាន​មួយ ការ​ឆ្លើយ​តប​មួយ។ គឺ​ការ​ឆ្លើយ​តប​របស់​អាស៊ាន​មួយ​ទៅ​នឹង​គ្រោះមហន្តរាយ​នៅ​ក្នុង​តំបន់ និង​នៅ​ក្រៅ​តំបន់។ បន្ទាប់​មក ជា​ជំនួប​រវាង​ថ្នាក់ដឹក​នាំ​អាស៊ាន​ជាមួយ​តំណាង​អន្តរសភា​អាស៊ាន រវាង​ថ្នាក់នាំ​អាស៊ាន​ជាមួយ​តំណាង​យុវជន​អាស៊ាន និង​រវាង​ថ្នាក់ដឹកនាំ​អាស៊ាន​ជាមួយ​ក្រុមប្រឹក្សាភិបាល​ផ្តល់​យោបល់​ធុរកិច្ចអាស៊ាន។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​រវាង​ប្រទេស​សមាជិក​អាស៊ាន ថ្នាក់ដឹកនាំ​អាស៊ាន​ជជែក​អំពី​ដំណើរការ​កសាង​សហគមន៍​អាស៊ាន​ដោយ​កំណត់​ចក្ខុវិស័យ​វែងឆ្ងាយ​រហូត​ដល់​ឆ្នាំ ២០២៥ រួម​ទាំង​ទំនាក់ទំនង​ផ្ទៃក្នុង​រវាង​ប្រទេស​សមាជិក។ ដោយឡែក​ទាក់ទង​នឹង​កិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី២៩ ជាមួយ​ប្រទេស​ដៃគូ ថ្នាក់ដឹកនាំ​អាស៊ាន​នឹង​ជជែក​អំពី​ទំនាក់ទំនង​រវាង​អាស៊ាន និង​បរទេស ពិសេស​ជាមួយ​ប្រទេស​ដៃគូ​ដោយ​ផ្តោត​លើ​សំណុំរឿង​តំបន់ និង​អន្តរជាតិ។ រដ្ឋាភិបាល​ឡាវ​បាន​ប្រាប់​ឲ្យ​ដឹង​នា​ពេល​ថ្មីៗ​កន្លង​ទៅ​ថា អាស៊ាន និង​ប្រទេស​ដៃគូ​នឹង​លើក​យក​ទៅ​ជជែក និង​អនុម័ត​លើ​ឯកសារ​ប្រមាណ​ជា ៤២ឯកសារ។

សម្តី​ជេរប្រមាថ​លោក​អូបាម៉ា​ពី​លោក​ឌុយទែរតេ​បាន​បំពុល​បរិយាកាស​ក្នុង​ថ្ងៃទី១

ចំ​ពេល​ដែល​អាស៊ាន​ទើប​បើក​កិច្ចប្រជុំកំពូល​ថ្ងៃទី១ ព័ត៌មាន​មួយ​ដែល​បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍ គឺ​ទាក់ទង​នឹង​សម្តី​ជេរប្រមាថ​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន​ឌុយទែរត​ចំពោះ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​ថា ជា​កូនស្រី​ពេស្យា។ ក្រុម​អ្នកកាសែតជាតិ និង​អន្តរជាតិ​ជា​ច្រើន​រយនាក់​ដែល​បាន​មក​តាម​ដាន​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​ប្រទេស​ឡាវ​ឆ្នាំ​នេះ​បាន​នាំ​គ្នា​ជីក​សួរ​ក្រុមអ្នកសែត​ហ្វីលីពីន​ថា ហេតុ​អ្វី​បាន​ជា​លោក​ឌុយទែរតេ​ប្រើ​សម្តី​ជេរប្រមាថ​លោក​អូបាម៉ា​យ៉ាង​ដូច​នេះ?។

ក្រុម​អ្នកកាសែត​ហ្វីលីពីន​មិន​បាន​ឆ្លើយ​អ្វី​ឲ្យ​បាន​ក្បោះក្បាយ​ទេ គ្រាន់​តែ​ថា លោក​ឌុយទែរតេ​តែងតែ​ប្រើ​សម្តី​របៀប​នេះ​សឹង​តែ​គ្រប់​ពេល​ជាមួយ​នឹង​ឥស្សរជន​ណា​ដែល​បាន​លូកដៃ​ខ្លាំង​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ហ្វីលីពីន ពិសេស​ទាក់ទង​នឹង​យុទ្ធនាការ​កណ្តាប់ដៃ​ដែក​របស់​លោក​ឌុយទែរតេ​ក្នុង​ការ​កំចាត់​ពួកជួញដូរ និង​ពួក​ប្រើប្រាស់​គ្រឿង​ញាន។ សូម​ជម្រាប​ជូន​ថា គិត​មក​ដល់​ថ្ងៃ​នេះ មាន​មនុស្ស​ជាង ២ ០០០នាក់​ត្រូវ​បាន​សម្លាប់ និង​មាន​ជា​ច្រើន​រយ​នាក់​ទៀត​ត្រូវ​បាន​ចាប់​ឃុំ​ដោយ​គ្មាន​ឆ្លង​កាត់​ការ​កាត់ទោស​នៅ​ឯ​តុលាការ​ទេ។

ទង្វើ​ចាស់ដៃ​របស់​លោក​ឌុយទែរតេ​របៀប​នេះ​ត្រូវ​បាន​ប្រទេស​លោក​ខាង​លិច​ភាគ​ច្រើន ពិសេស​អាមេរិក រួម​ទាំង​អង្គការ​សហប្រជាជាតិ និង​អង្គការ​អ្នកការពារសិទ្ធិមនុស្ស​ផង​ចេញ​មុខ​ថ្កោលទោស​យ៉ាង​ខ្លាំងក្លា។ លោក​ឌុយទែរតេ​ធ្លាប់​បាន​ឆ្លើយ​តប​ច្រើន​ដង​ចំពោះ​ប្រតិកម្ម​របស់​បរទេស​ដែល​ឈឺឆ្ងាល​រឿង​ផ្ទៃក្នុង​ហ្វីលីពីន​ថា លោក​មិន​ត្រូវ​ការ​រៀនសូត្រ​​ពី​នរណា ហើយ​ក៏​មិន​ការ​ឲ្យ​នរណា​បង្ហាត់​មេរៀន​អ្វី​ដល់​លោក​ដែរ។

ថ្មីៗ​កន្លង​ទៅ លោក​ឌុយទែរតេ​ក៏​ធ្លាប់​បាន​ប្រមាថ​ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន​ជា​កូនស្រីពេស្យា និង​ជា​មនុស្ស​ស្រឡាញ់ភេទ​ដូច​គ្នា ប្រមាជ​ប្រមុខសង្ឃកាតូលិក​សម្តេចប៉ាប​ហ្រ្វង់ស័រ​ជា​កូនស្រីពេស្យា និង​បាន​គំរាម​ដង​ហ្វីលីពីន​ចេញ​ពី​សមាជិក​អង្គការ​សហប្រជាជាតិ ដោយ​ដើរ​បបួល​ប្រទេស​ផ្សេង​ដើម្បី​បង្កើត​អង្គការ​មួយ​ផ្សេង​ជា​ដើម។ ទន្ទឹម​គ្នា​នេះ សម្តី​ថ្លោស​របស់​លោក​ឌុយទែរតេ​ក៏​មាន​នៅ​ក្នុង​ស្រុក ដូច​យ៉ាង​គំរាម​សម្លាប់​អ្នកកសែត​ដែល​ស៊ីសំណូកសូកប៉ាន់ ឬ​មួយ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ហ្វីលីពីន​សម្លាប់​ពួក​អ្នកជួញដូរ ប្រើប្រាស់​គ្រឿងញាន​ដោយ​ខ្លួន​ឯង។

លោក​ឌុយទែរតេ និង​លោក​អូបាម៉ា​មិន​និយាយ​អ្វី​ទាំង​អស់​ក្នុង​រឿង​នេះ​នា​ពេល​មាន​វត្តមាន​រួម​គ្នា​លើ​ទឹកដី​ឡាវ

គួរ​រម្លឹក​ឡើង​វិញ​ថា គឺ​នៅ​ចន្ទ ទី៥ សីហា ពោល​មួយ​ថ្ងៃ​មុន​ការ​បើ់ក​កិច្ចប្រជុំ​កំពូល​អាស៊ាន​ដែល​លោក​ឌុយទែរតេ​បាន​ប្រើ​សម្តី​ជេរប្រមាថ​លោក​អូបាម៉ា​ថា ជា​កូនស្រីពេស្យា​ក្នុង​ពេល​ដែល​លោក​អូបាម៉ា​កំពុង​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល G២០ ក្នុង​ប្រទេស​ចិន។ តែ​នៅ​ថ្ងៃ​នេះ រដ្ឋាភិបាល​ហ្វីលីពីន​បាន​ចេញ​ផ្សាយ​សេចក្តី​ជូនដំណឹង​មួយ​ដែល​ថា លោក​ឌុយទែរតេ​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​អ្វី​ដែល​លោក​បាន​និយាយ​ចំពោះ​លោក​អូបាម៉ា។ តែ​នៅ​ពេល​មាន​វត្តមាន​រួម​គ្នា​ក្នុង​ទឹកដី​ឡាវ លោក​ឌុយទែរតេ ​និង​លោក​អូបាម៉ា​មិន​បាន​​និយាយ​អ្វី​បន្ថែម​ទេ​ទាក់ទង​នឹង​រឿង​អាស្រូវ​មួយ​នេះ។

នៅ​ក្នុង​សុន្ទរកថា​ថ្លែង​ក្នុង​ទីក្រុង​វៀងចន្ទន៍​ថ្ងៃ​នេះ លោក​អូបាម៉ា​ដែល​បាន​ស្ថិត​ក្នុង​ដែនដី​អាស៊ី​ជា​លើក​ចុង​ក្រោយ​ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក​បាន​និយាយ​ផ្តោត​សំខាន់​លើ​ទំនាក់ទំនង​រវាង​អាមេរិក និង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ លោក​អូបាម៉ា​បាន​ថ្លែង​ដោយ​សង្ឃឹម​ថា ទោះ​បី​ជា​លោក​ត្រូវ​បញ្ចប់​តំណែង​ប្រធានាធិបតី​នា​ពេល​ខាង​មុខ​ក៏​ដោយ ក៏​អាមេរិក​នឹង​នៅ​បន្ត​រក្សា និង​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដដែរ។ គួរ​រម្លឹក​ជូន​ថា នយោបាយ​ការបរទេស​អាមេរិក​ក្នុង​ជំនាន់​លោក​អូបាម៉ា​រយៈពេល ៨ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ផ្តោត​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក។

ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក៏​បាន​ឆ្លៀត​ព្រមាន​កូរ៉េខាងជើង​ពី​ការ​បង្ក​រឿង​ដោយ​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ជា​បន្ត​បន្ទាប់​នា​ពេល​ចុង​ក្រោយ​នេះ។ លោក​អូបាម៉ា​បាន​ផ្ញើ​សារ​ទៅ​កាន់​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ថា ទង្វើ​បង្ក​រឿង​ជា​បន្តបន្ទាប់​របស់​កូរ៉េខាងជើង​នឹង​រឹតតែ​ធ្វើ​កូរ៉េខាងជើង​ដែល​កំពុង​តែ​ឯកោ​ស្រាប់​រឹត​តែ​ឯកោ​កាន់​តែ​ខ្លាំង​ថែម​ទៀត។

ប្រហែល​ជា​គ្មាន​ជំនួប​ឌុយទែរតេ និង​អូបាម៉ា​ក្នុង​ប្រទេស​ឡាវ​ទេ

កុំ​ថា​ឡើយ​លោក​អូបាម៉ា​ដែល​បាក់មុខ បាក់មាត់​ខ្លាំង​ដោយសារ​សម្តី​ជេរប្រមាថ​ពី​លោក​ឌុយទែរតេ សូម្បី​តែ​ប្រធានាធិបតី​ប្រទេស​ណា​ក៏​ដោយ​ក៏​ពិបាក​ទ្រាំ​ដែរ។ អ្វី​ដែល​កាន់​តែ​ពិបាក​ទ្រាំ​របស់​លោក​អូបាម៉ា គឺ​វត្តមាន​រួម​គ្នា​របស់​លោក និង​លោក​ឌុយទែរតេ​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ពេល​នេះ។ ទោះ​បី​ជា​លោក​អូបាម៉ា និង​លោក​ឌុយទែរតេ​មិន​បាន​ជួប​គ្នា​ដោយ​ផ្ទាល់​ក៏​ដោយ ក៏​ឥស្សជន​នយោបាយ​ទាំង​ពីរ​ចៀស​មិន​រួច​ពី​ដើរ​ក្បែរ​គ្នា និង​ឃើញ​មុខ​គ្នា​គ្រប់​ពេល។

យ៉ាង​ណា​ក៏​ដោយ អត់​ពី​លោក​ឌុយទែរតេ​ទៅ នៅ​មាន​នាយករដ្ឋមន្រ្តី និង​ប្រធានាធិបតី​ជា​ច្រើន​ទៀត​ដែល​ចង់​ជួប​លោក​អូបាម៉ា​ជា​លក្ខណៈ​ទ្វេភាគី។ តែ​ឥឡូវ​នេះ លោក​អូបាម៉ា​បាន​យក​ម៉ោង​ដែល​គ្រោង​ជួប​ជាមួយ​លោក​ឌុយទែរតេ​ទៅ​ជួប​ជាមួយ​លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ប៉ាក់ គុនហេ​វិញ។ ទន្ទឹម​គ្នា​នេះ លោក​អូបាម៉ា​ក្នុង​នាម​ជា​ប្រធានាធីបតី​អាមេរិក​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នៅ​អាស៊ី​លើក​ចុង​ក្រោយ​ពេល​នេះ ក៏​នឹង​ឆ្លៀត​ជួប​លោកស្រី​អ៊ុង សានស៊ូជី​ម្តង​ទៀត​ដែល​លើក​នេះ ជា​ជំនួប​លើកទី១ តាំង​ពី​គណបក្សសម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ឈ្នះ​ឆ្នោត​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៥ និង​ក្នុង​នាម​លោកស្រី​អ៊ុង សានស៊ូជី​ជា​រដ្ឋមន្រ្តី​ការបរទេស។

លោក​អូបាម៉ា​បាន​ថ្លែង​ថា លោក​រីករាយ​នឹង​ទទួល​លោកស្រី​អ៊ុង សានស៊ូជី​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ខែ​កញ្ញា​នេះ ព្រម​ទាំង​គាំទ្រ​ចំពោះ​ប្រជាជន​ភូមា​ចំពោះ​ដំណើរផ្លូវ​ឆ្បោះ​ទៅ​កាន់​ពហុបក្ស ប្រជាធិបតេយ្យ និង​សន្តិភាព។ ឃើញ​ថា ប្រហែល​ជា​គ្មាន​ជំនួប​ឌុយទែរតេ និង​អូបាម៉ា​នៅ​ក្នុង​កិច្ចប្រជុំកំពូល​អាស៊ាន​ក្នុង​ទីក្រុង​វៀងចន្ទន៍ ប្រទេស​ឡាវ​ឆ្នាំ​នេះ​ទេ។ ភាគី​ហ្វីលីពីន​មាន​ការ​សោកស្តាយ និង​បាន​ធានា​ដោយ​សង្ឃឹម​ថា ជំនួប​ទ្វេភាគី​ឌុយទែរតេ អូបាម៉ា​អាច​នឹង​មាន​នៅ​ពេល​ខាង​មុខ ពិសេស​នា​ឱកាស​ជំនួបកំពូល​អង្គការ APEC នៅ​ក្នុង​ប្រទេស​ប៉េរូ​នា​ខែ​វិច្ឆិកា​ខាង​មុខ។

គួរ​ជម្រាប​ជូន​ថា អាមេរិក និង​ហ្វីលីពីន​ជា​សម្ព័ន្ធមិត្ត​ប្រពៃណី​ដែល​គ្មាន​នរណា​អាច​កាត់ផ្តាច់​បាន និង​ត្រូវ​ការ​គ្នា​ទៅ​វិញ ទៅ​មក​មិន​អាច​ខ្វះ​គ្នា​បាន ពិសេស​ហ្វីលីពីន​ត្រូវ​ការ​អាមេរិក​ឲ្យ​ជួយ​ឈឺ​ឆ្អាល​កាន់​តែ​ខ្លាំង​នៅ​ក្នុង​ជម្លោះ​សមុទ្រចិន​ខាងត្បូង​ដែល​ហ្វីលីពីន​កំពុង​ប្រឈម​មុខ​ខ្លាំង​ទល់​នឹង​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ