មានការឆ្លងហ្ស៊ីកាមួយករណីទៀត នៅម៉ាឡស៊ីលើស្ត្រីមានផ្ទៃពោះ
អាជ្ញាធរម៉ាឡេស៊ីបានប្រកាសនៅថ្ងៃពុធនេះ ថាមានករណីស្ត្រីមានផ្ទៃពោះកើតជំងឺហ្ស៊ីកា មួយករណីដំបូង នៅក្នុងប្រទេស។ មានអាយុ២៧ឆ្នាំ នាងជាប្រជាជនរស់នៅក្នុងតំបន់ជិតខាងជាប់របងប្រទេសសិង្ហបុរី ដែលផ្ទុះកើតនិងឆ្លងមេរោគហ្ស៊ីកាជាច្រើនករណី នារយៈពេលចុងក្រោយនេះ។
ចុះផ្សាយនៅថ្ងៃ៖
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី ស្ត្រីមានផ្ទៃពោះផ្ទុកមេរោគហ្ស៊ីកានេះ ទើបពរពោះជាលើកដំបូង និងផ្ទៃពោះប្រមាណជាពីបីទៅបួនខែប៉ុណ្ណោះ។ ក្នុងពេលភ្លាមៗដូច្នេះ គេនៅពុំទាន់ដឹងទេថាតើ ស្រ្តីម៉ាឡេស៊ីរូបនេះ បានឆ្លងមេរោគហ្ស៊ីកា តាមណា និងនៅទីណាឡើយ។ ប៉ុន្តែគេបានដឹងថា នាងធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី កាលពី៦ខែមុន ចំណែកស្វាមីនាងធ្វើដំណើរចុះឡើងជាញឹកញយទៅទីនោះ។
កាលពីថ្ងៃសៅរ៍ ម៉ាឡេស៊ីទើបបានប្រកាសថាមានករណីឆ្លងហ្ស៊ីកាដំបូង នៅក្នុងស្រុក លើបុរសម្នាក់អាយុ៦១ឆ្នាំ និងបានស្លាប់ព្រោះមានជំងឺជាប់នឹងខ្លួនស្រាប់ផង។
ជំងឺហ្ស៊ីកា ដែលចម្លងដោយមូសខ្លាខាំ និងតាមឈាម ឬការរួមរក្ស បានសំងំអភិវឌ្ឍន៍ដោយគ្មានផ្តល់រោគសញ្ញាអ្វីឡើយ សម្រាប់អ្នកជំងឺបួនភាគប្រាំ ក្រៅអំពីការឡើងសញ្ញារមាស់កន្ទួលលើស្បែក ឬការឈឺចុកចាប់សន្លាក់ដៃជើង និងសាច់ដុំតិចតួច ដូចចង់គ្រុន។ ប៉ុន្តែ ក្នុងករណីកើតលើស្ត្រីមានផ្ទៃពោះ ដូចករណីស្ត្រីម៉ាឡេស៊ីថ្ងៃនេះ នាងអាចប្រឈមនឹងគ្រោះហានិភ័យខ្ពស់ ដោយកូននៅក្នុងផ្ទៃអាចលូតលាស់មិនត្រឹមត្រូវ ជាពិសេសកើតមកមានខួរក្បាលតូចខុសប្រក្រតី ឬហៅថាជំងឺក្បាលតូច។
ម៉ាឡេស៊ីដែលធ្លាប់ឆ្លងកាត់ការរាតត្បាតខ្លាំងនៃជំងឺឆ្លងតាមមូសខ្លាគ្រុនឈាម បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ដោយគិតថានឹងអាចមានករណីឆ្លងហ្ស៊ីកាកើនឡើងច្រើននៅក្នុងប្រទេស ដូចករណីប្រទេសសិង្ហបុរីជិតខាងដែរ។ អាជ្ញាធរបានបង្កើនការតាមដាន និងត្រួតពិនិត្យតាមច្រកព្រំដែន ដោយណែនាំឱ្យពលរដ្ឋម៉ាឡេស៊ីទៅមន្ទីរពេទ្យ ក្នុងរយៈពេល១០ថ្ងៃយ៉ាងយូរ ដើម្បីផ្ទៀងផ្ទាត់ឆែករកថាមានរោគសញ្ញាហ្ស៊ីកាឬអត់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ