ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​ឡាវ​មាន​គ្រាប់​បែក​​មិន​ទាន់​ផ្ទុះកប់​ក្នុង​ដី​​ច្រើន​ម្ល៉េះ ?

សំឡេង ០៣:៤៧
ឡាវ​សម្បូរ​គ្រាប់​បែក​ពេក​រហូត​ប្រជាជន​រើស​យក​មក​ធ្វើ​របង​ផ្ទះ
ឡាវ​សម្បូរ​គ្រាប់​បែក​ពេក​រហូត​ប្រជាជន​រើស​យក​មក​ធ្វើ​របង​ផ្ទះ © Reuters

លោក បារ៉ាក់ អូបាម៉ា បាន​អញ្ចើញ​ទៅ​ដល់​ក្រុង​វៀងច័ន្ទន៍ តាំង​ពី​ថ្ងៃ​ចន្ទ​ទី ៥ កញ្ញា ដើម្បី​ចូល​រួម​ក្នុង​ជំនួប​កំពូល​អាស៊ានផង និង​ក៏​បាន​អញ្ជើញទៅ​ទស្សនា​ក្រុង​ចាស់​របស់​ឡាវ​ ព្រមទាំង​ប្រកាស​ផ្តល់​ជំនួយ​៩០​លាន​ដុល្លារ​​ ដល់​ឡាវ​ដើម្បី​ដោះមីន។ នេះ​ជា​លើក​ទី​មួយ គិត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​វៀតណាម បាន​បញ្ចប់​ទៅ ដែល​​ប្រទេស​ឡាវ និង​ពលរដ្ឋ​ឡាវ ​បាន​ឃើញ​វត្តមាន​ប្រធានាធិបតី​អាមេរិកមក​បំពេញ​ទស្សនកិច្ច​​លើ​ទឹក​ដី​របស់​ខ្លួន។ ជា​​ទស្សនកិច្ច​បែប​ប្រវត្តិសាស្ត្រ​ ព្រោះអាមេរិក​បានដឹកនាំ​ធ្វើ សង្គ្រាម​​សម្ងាត់​មួយ នៅ​ឡាវ និង​បន្សល់​ទុក​នូវ​​មរតក​ដ៏​ចុក​ចាប់ ​រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។

ផ្សាយពាណិជ្ជកម្ម

មនុស្សម្នា​គ្រប់​រូប នៅ​ទូទាំងពិភពលោក ស្គាល់​តិច​ឬ​ច្រើន​សង្គ្រាម​នៅវៀតណាម សង្គ្រាម​នៅ​ឥណ្ឌូចិន ប៉ុន្តែ​ចម្លើយ​នឹង​មាន​តិច ឬ​គ្មាន​សោះ​ប្រសិន​បើ​គេ​សួរ​ថា តើ​អ្នក​ធ្លាប់​ឮ​និយាយ​អំពី​សង្គ្រាមសម្ងាត់​​នៅ​ឡាវ​ទេ។

បន្ទាប់​ពី​បាន​ទទួល​ឯករាជ្យ ចេញ​ផុតពី​អាណានិគមនិយម​បារាំង នៅ​ឆ្នាំ​១៩៥៣ ប្រទេស​ឡាវ​បាន​ស្វែង​រក​គន្លង​នយោបាយ​ឱ្យ​ប្រទេស​ដែល​ប្រទាញ​ប្រទង់​គ្នា​រវាង​កុម្មុយនិស្ត​និង​រាជានិយម។

បន្ទាប់មក​​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៦០ ក្នុង​ផ្ទៃ​នៃ​សង្គ្រាម​ត្រជាក់ និង​ក្នុង​ផ្ទៃ​នៃ​ជម្លោះ​ប្រដាប់​អាវុធ​នៅ​វៀតណាម ប្រទេស​ឡាវ​ធ្លាក់​ក្នុង​អស្ថិរភាព​កាន់​តែ​ខ្លាំង។ បើ​ទោះ​បី​ជា​នៅ​ឆ្នាំ​១៩៦២ ឡាវ​បាន​ចុះ​កិច្ចព្រមព្រៀង​នៅ​ទីក្រុង​ហ្សឺណែវ ដើម្បី​ធានា​អះអាង​និង​ប្រកាស​ខ្លួន​ជា​ប្រទេស​អព្យាក្រិត្យ​មិន​ចូល​បក្ស​សម្ព័ន្ធ ដែល​មាន​តម្លៃ​ជាការ​ហាមប្រាម​មិន​ឱ្យ​កងទ័ព​បរទេស​ចូល​ក្នុង​ប្រទេស​ក្តី ក៏​ទីតាំង​ភូមិសាស្ត្រ​នយោបាយ​របស់​ដែនដី​ឡាវ​ មិន​អនុញ្ញាត​ឱ្យ​ប្រទេស​អាច​ដក​ខ្លួន​ចេញ​ឆ្ងាយ​ពី​សង្គ្រាម​ក្នុង​តំបន់​បាន​ឡើយ។

វៀតណាម​ខាង​ជើង ឬ​យៀកកុង​ បាន​ប្រើប្រទេស​ឡាវ ជា​ផ្លូវ​​សម្រាប់ដឹងជញ្ជូន​​ផ្គត់ផ្គង់​អាវុធ​យុទ្ធភ័ណ្ឌ​ និង​កម្លាំង​យោធាទៅ​ឱ្យ​វៀតណាម​ខាង​ត្បូង​ តាម​គន្លង​ហូជីមិញ ដោយ​ឆ្លង​ចូលព្រំដែន​​តាម​​ភាគ​ខាង​ជើងឡាវ​ រួច​ចេញ​ទៅ​វៀតណាម​ខាងក្រោម​វិញ តាម​ភាគ​ខាង​ត្បូង​ប្រទេស​ឡាវ។ ចំណែក​ឯ​ភាគី​អាមេរិក​វិញ ស្វែង​រក​គ្រប់​មធ្យោបាយ​ទប់ស្កាត់​​មិន​កង​កម្លាំង​យៀកកុង​​រីក​លូតលាស់​បាន។

ដោយ​ចៀស​មិន​រួច ឡាវ​ក៏លុង​ក្នុង​សង្គ្រាម​វៀតណាមដែរ នៅ​ទីបំផុត​រដ្ឋាភិបាល​ចម្រុះ​ឡាវ ត្រូវ​ផ្ទុះ​បែក​ខ្ចាយ​ដូច​លាជ ជា​បី​ក្រុម គឺ​ក្រុម​កុម្មុយនិស្ត ក្រុម​អព្យាក្រិត្យ និង​ក្រុម​រាជា​និយម ដែល​បាន​ទទួលកា​រគាំទ្រ​ពី​សហរដ្ឋ​អាមេរិក ទាំង​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ ​យោធា​ និង​សព្វាវុធ។ កង​​ទ័ព​សម្ងាត់បាន​បង្កើត​ឡើង​ ធ្វើ​ការ​ប្រយុទ្ធ​ជាមួយ​​ កងទ័ព​វៀតណាម​ខាង​ជើងដែល​បាន​មក​​តាំង​ទី​នៅភាគ​ខាង​ជើង​ឡាវ អស់រយៈ​ពេល​​១២​ឆ្នាំ ពី​ឆ្នាំ​១៩៦២ ដល់​៧៤។ ប៉ុន្តែ​ប្រតិបត្តិការ​អាមេរិក​នៅ​ឡាវ​នេះ​មិន​បាន​ឆ្លង​កាត់​សភា​អាមេរិក​ទេ ទើប​ត្រូវ​ជាប់​ឈ្មោះ​ថា សង្គ្រាម​សម្ងាត់​រហូត​មក។

នៅ​ឆ្នាំ​១៩៧៣ វៀតណាម​បាន​ចុះ​ហត្ថលេខា​លើ​បទ​ឈប់​បាញ់ សង្គ្រាម​នៅ​ឡាវ​ត្រូវ​បាន​បិទ​បញ្ចប់ ទាហាន​សម្ងាត់​ក៏​ត្រូវ​បំបែក​ជួរ បក្ស​កុម្មុយនិស្ត​ឡាវ ក៏​បាន​ឡើង​គ្រង​គ្រង​ប្រទេសតែ​ម្នាក់ឯង ​តាំង​ពីឆ្នាំ​១៩៧៥​រហូត​មក​ដល់​បច្ចុប្បន្ន។

ប៉ុន្តែ​ក្នុង​អំឡុង​ពេល​សង្គ្រាម​នោះ ដើម្បី​ផ្តាច់​ដង្ហើម​ពួក​វៀតណាម​ខាង​ជើង អាមេរិក​បាន​ទម្លាក់​គ្រាប់​បែក លើ​ទីតាំង​កុម្មុយនិស្ត​នៅភាគ​ខាង​ជើង​ប្រទេស​ឡាវ​ដូច​ចាក់​ទឹក​។ បើ​តាម​តួលេខ​ផ្លូវការ​ ឡាវ​ជា​ប្រទេស​ដែល​រង​ការ​ទម្លាក់​គ្រាប់​បែក​ច្រើន​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក បើ​គិត​តាម​​សមមាត្រ​ចំនួន​ប្រជាជន។ ​ជា​មធ្យម ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ ឡាវ​រង​កា​រទម្លាក់​គ្រាប់​បែក​រាល់​៧​នាទី​ម្តង។ គ្រាប់​បែក​ជាង​ពី​រ​លាន​តោន​ ត្រូវ​បាន​ទម្លាក់ ក្នុង​នោះ​៣០%​ ពោល​គឺ​ប្រមាណ ៨០​លានគ្រាប់​ នៅ​​មិន​ទាន់​ផ្ទុះ​ និងកំពុង​​បន្ត​សម្លាប់ ឬ​ធ្វើ​ឱ្យ​របួស ​ជនស៊ីវិល ម្នាក់ ក្នុង​មួយ​ថ្ងៃ (នៅ​ភាគ​ខាង​ជើង​ប្រទេស) ជាពិសេស​កុមារ គិត​មក​ទល់​នឹង​ថ្ងៃ​នេះ​តែ​ម្តង។

៥០​ក្រោយ លោក បារ៉ាក់អូបាម៉ា បាន​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូងគេ​បង្អស់ ដែល​​ធ្វើ​ដំណើរ​ទៅជាន់​ទឹក​ដី​​ឡាវ។ លោក​បាន​ប្រកាស​ទទួល​ស្គាល់​ អំពី​មរតក​សង្គ្រាម​ដ៏​ចុកចាប់​ និង​បាន​រំលឹក​ថា សង្គ្រាម​សម្ងាត់ បានធ្វើឱ្យ ឡាវ​ក្លាយ​ជាប្រទេស​រង​គ្រោះ​នៃ​ការ​ទម្លាក់ច្រើន​ជាងគេ​ច្រើន​ជាង អាល្លឺម៉ង់ និងជប៉ុន​ទៅ​ទៀត។ ក្នុង​ឱកាស​នេះ​លោក​បាន​ប្រកាស​ផ្តល់​កញ្ចប់​ថវិកា ​៩០​លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ដោះមីន។

ការ​ដោះមីន ដែល​បើ​តាម​អង្គការ​ដោះមីន​នៅ​ឡាវ គេ​ទំនង​ជា​ត្រូវការ​ពេល​វេលា​ដល់ទៅ​១៥០​ឆ្នាំ​ទើបសម្អាត​អស់ ប្រសិន​ល្បឿន​ការងារ​មាន​កំរិត​ដូច​​សព្វថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI