ថៃ៖ ទារក​បីនាក់មាន​ជំងឺ​ក្បាល​តូច​ ទំនង​ដោយសារ​ហ្ស៊ីកា

ប្តីប្រពន្ធ​​ប្រេស៊ីល​មានកូន​​កើតជំងឺ​ក្បាល​តូច។ រូបថត​កូន​អាយុ​ពីរ​ខែ។
ប្តីប្រពន្ធ​​ប្រេស៊ីល​មានកូន​​កើតជំងឺ​ក្បាល​តូច។ រូបថត​កូន​អាយុ​ពីរ​ខែ។ AFP PHOTO / Christophe SIMON

ថៃ​កំពុង​ក្លាយ​ជា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដំបូង​គេបង្អស់ ដែល​​មាន​ករណី​ឆ្លង​មេរោគ​ហ្ស៊ីកា ដល់​ទារក​ក្នុង​ផ្ទៃ។ អង្គការ​សុខភាព​ពិភពលោកបាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ និង​ភាព​សង្ស័យ​ខ្លាំង បន្ទាប់​ពី​ឃើញ​ទារក​បីនាក់ កើត​មក​ជំងឺ​ក្បាល​តូច​ជាប់​នឹង​ខ្លួន ឯ​​ម្តាយ​មាន​ផ្ទុក​​​មេរោគ​ហ្ស៊ីកា។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ថៃ​​កំពុង​តាមដាន​យ៉ាង​កៀកកិត​ស្ត្រី​​មាន​ផ្ទៃ​ពោះ​​ឆ្លង​មេរោគ​ហ្ស៊ីកា ចំនួន ៣៦​នាក់។ ក្នុង​ចំណោម​ស្ត្រី៨​នាក់​ដែល​បាន​​សម្រាល​កូន​រួច ​មាន​បី​នាក់មាន​កូន​កើត​ជំងឺ​ក្បាល​តូច។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​សុខាភិបាល​ថៃ​ នៅ​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ ដោយ​ថែម​ទាំង​បញ្ជាក់​ថា​ទៀត​ថា ទារក​ទី​បួន នៅ​ក្នុង​ផ្ទៃ​ម្តាយ​នៅ​ឡើយ​ ក៏​​ទំនង​ជា​មាន​ផ្ទុក​ជំងឺ​ក្បាលតូច​ដែរ បើយោង​​តាម​​រូបភាព​​អេកូសាស្ត្រ។

ប្រសិន​ករណី​ទារក​​មាន​ជំងឺ​ក្បាល​តូចបណ្តាល​មក​ពី​មេរោគ​ហ្ស៊ីកា ពិត​ជា​ត្រូវ​បាន​បញ្ជាក់​មែន នោះ​ថៃ​​នឹង​ក្លាយ​ជា​ប្រទេស​ទីមួយប្រចាំ​តំបន់ដែល​រង​ផល​ប៉ះពាល់​ពី​មេរោគ​ហ្ស៊ីកា​ ប៉ុន្តែតាមការ​ពិត​ទៅ ​មេរោគនេះ មាន​វត្តមាន ​ក្នុង​ប្រទេស​ថៃ និង​តំបន់​អាស៊ីអាគ្នេយ៍ តាំង​ពី​​យូរ​ហើយ។ ​ការ​ផ្សព្វផ្សាយ​អំពីករណី​ទារក​កើត​មក​មាន​ជំងឺ​ក្បាល​តូច នៅ​អាមេរិក​ខាង​ត្បូង បាន​បំផុសបំផុល​ឱ្យ​អាជ្ញាធរ​សុខាភិបាល​​នៅ​តាម​ទ្វីប​ផ្សេង​ទៀត ប្រុង​ប្រយ័ត្ន និង​តាម​ដាន​សុខភាពស្ត្រី​មាន​ផ្ទៃពោះ​ខ្លាំង ព្រមទាំង​​ផ្តល់​ព័ត៌មាន​ភ្លាម​នៅ​ពេល​ជួប​ករណី​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ីកា ដូច​យ៉ាង​ករណី​នៅ​ថៃ​ពេល​នេះ។

​ប៉ុន្តែ​ក្រសួង​សុខាភិបាល​បាន​រំលឹក​ ជា​រៀង​រាល់​ឆ្នាំ​ មាន​​ទារក​កើត​ជំងឺ​ក្បាល​តូច​ប្រមាណ​ពី ២០០​ទៅ​៣០០​នាក់ បាន​កើត​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ជា​ទូទៅ​ច្រើន​បណ្តាលមក​ពីម្តាយ​មាន​​ជំងឺ​ផ្សេង​ៗ ដូច​ជា​ជំងឺស្អូច ឬ​ អុតស្វាយ។ ដូច្នេះ​គេត្រូវ​រង់ចាំ​លទ្ធផល​នៃ​ការ​វិភាគ​សិន មុននឹង​អាច​អះអាង​ជា​ប្រាកដ​បាន​ថា​ករណី​ទារក​ទើប​នឹង​កើត​មាន​ជំងឺ​ក្បាល​តូច​ទាំង​បី​បណ្តាល​មក​ពី​មេរោគហ្ស៊ីកា។ អាជ្ញាធរ​សន្យា​ផ្សព្វផ្សាយ​លទ្ធផល​​នៅ​ថ្ងៃ​ខាង​មុខ។

ហ្ស៊ីកា ​ជា​មេរោគ​ចម្លង​ដោយ​មូស​ខ្លា​ និង​តាម​ការ​រួម​ភេទ។ ស្ត្រី​​ឆ្លង​មេរោគ​​នេះ នៅ​ពេល​​មាន​ផ្ទៃ​ពោះ​អាច​នឹង​បង្ក​ឱ្យ​ទារក​មាន​ការ​លូតលាស់​ខួរក្បាល​មិន​ត្រឹម​ត្រូវ ហៅ​ថា​ជំងឺ​ក្បាល​តូច។ ក្រុម​អ្នក​ស្រាវជ្រាវ​អង់គ្លេស បាន​ព្រមាន​អំពី​ការ​ផ្ទុះ​រាត​ត្បាត​នៃ​ជំងឺក្បាល​តូ​ច​​​ជា​ទូទៅ ក្នុង​ប្រទេស​រង​ហ្ស៊ីកា ព្រោះ​ការ​សិក្សា​ចុងក្រោយ​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​បន្ថែម​ទៀត អំពី​ទំនាក់ទំនង​រវាង​វីរ៉ុសហ្ស៊ីកា​និង​ជំងឺក្បាលតូច​របស់​ទារក​ក្នុង​ផ្ទៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI