ថៃបើកអង្កេតរឿងទូរទស្សន៍BBC សរសេរប្រវត្តិរូបស្តេច
អាជ្ញាធរថៃ មិនសប្បាយចិត្តសោះនឹងខ្លឹមសារអត្ថបទ រៀបរាប់អំពីប្រវត្តិរូបសង្ខេបរបស់ព្រះមហាក្សត្រថ្មី ដែល BBC បានចុះផ្សាយនៅក្នុងទំព័រវិបសៃត៍របស់ខ្លួន។ ប្រជាពលរដ្ឋថៃ ដែលមានប្រពៃណីគោរពស្តេច ស្ទើរដូចព្រះ ក៏បានបញ្ចេញកំហឹងយ៉ាងព្រោងព្រាតលើប្រព័ន្ធសង្គម ព្រោះចាត់ទុកជាការជេរប្រមាថព្រះមហាក្សត្រ។ ហេតុដូច្នេះហើយបានជាអាជ្ញាធរសឹកថៃសម្រេចបើកការស៊ើបអង្កេតភ្លាម។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
និយាយប៉ះពាល់ដល់របបរាជានិយម ដល់ស្តេច គឺជាការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដែលអាចមានទោស ជាប់ពន្ធនាគារដល់ទៅ ១៥ឆ្នាំ។ នេះជាច្បាប់ នៅក្នុងប្រទេសថៃ និងជាច្បាប់ដ៏តានតឹងជាងគេបំផុតមួយនៅលើពិភពលោក !
នៅថ្ងៃទី ១ ធ្នូមក ៥០ថ្ងៃគត់ ក្រោយការសោយទិវង្គតរបស់ព្រះចៅភូមិបុល ព្រះបាទ មហា វជ្ជរ៉ាឡុងកន ឬ រ៉ាម៉ា ១០ បានឡើងសោយរាជ្យស្នងពីបិតា។ គ្រប់សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាតិអន្តរជាតិ បាននាំគ្នាផ្សព្វផ្សាយដំណឹងនេះ។ ទូរទស្សន៍BBC ដែលមានសេវាកម្ម ជាភាសាថៃ ក៏បានចុះផ្សាយប្រវត្តិរូបសង្ខេបរបស់ព្រះមហាក្សត្រថ្មីនេះដែរ លើប្រព័ន្ធវិបសៃត៍របស់ខ្លួន។
ប៉ុន្តែគេមិនអាចចូលទៅអានអត្ថបទស្តីអំពីប្រវត្តិរូបសង្ខេបព្រះមហាក្សត្រថៃថ្មីនេះបានទៀតទេ ព្រោះអាជ្ញាធរថៃបានបិទខ្ទប់រួចទៅហើយ។ នៅថ្ងៃពុធនេះទៀត គេនៅតែមិនអាចចូលទៅក្នុងវិបសៃត៍BBC ដើម្បីអានអត្ថបទនោះបានឡើយ គេឃើញមានតែសារមួយថា “បិទខ្ទប់ព្រោះខ្លឹមសារមិនត្រឹមត្រូវ”។
លោក ប្រាវិត វ៉ង់ស៊ូវ៉ាន់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអះអាងប្រាប់អ្នកសារព័ត៌មានថា នឹងបើកការស៊ើបអង្កេត ព្រោះ នេះជាកាតព្វកិច្ចរបស់អាជ្ញាធរ ក្នុងការដាក់ទោសប្រឆាំងនឹងការមិនគោរពច្បាប់។
ប៉ូលិសស៊ីវិល និងទាហានថៃពីរបីនាក់ បានចូលទៅធ្វើការឆែកឆេរ ដល់ទីស្នាក់ការទូរទស្សន៍BBCនៅក្នុងប្រទេសថៃ តាំងពីថ្ងៃអង្គារម្សិលមិញ។ តែតំណាងទូរទស្សន៍ បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទាំងអស់ ទាក់ទងនឹងសំណុំរឿងនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ