អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីបាន​ជា​ម៉ាឡេស៊ី​រិះគន់ភូមា ពី​រឿង​ធ្វើបាប​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅពេលនេះ?

សំឡេង ០៤:៤៨
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ថ្លែង​ ពីរឿង​កាប់សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា កាលពីថ្ងៃ អាទិត្យ​ទី ៤​ធ្នូ ២០១៦
នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​ថ្លែង​ ពីរឿង​កាប់សម្លាប់​ជនជាតិ​រ៉ូហ៊ីងយ៉ា កាលពីថ្ងៃ អាទិត្យ​ទី ៤​ធ្នូ ២០១៦ ©AFP MANAN VATSYAYANA
ដោយ៖ ឈាង បុប្ផា

ម៉ាឡេស៊ី និង​ភូមា សមាជិកពីរ​របស់​អាស៊ាន​បាន​ដំឡើង​សំឡេង និង​មើលមុខ​គ្នា​លែងសូវ​ចំ ដោយសារ​សំណុំរឿង​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ លោក​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់​បាន​ក្រើន​រំលឹក​ភូមា​របស់​លោកស្រី​អ៊ុងសាន ស៊ូជី​ឲ្យ​បញ្ឈប់​ការធ្វើទុក្ខបុកម្នេញ ប្រព្រឹត្ត​អំពើហិង្សា ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​តទៅទៀត។ ភូមា​ឯណោះវិញ បាន​ឆ្លើយត្រលប់​វិញ កុំ​ឲ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន។ 

ផ្សាយពាណិជ្ជកម្ម

នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី កាលពី​ថ្ងៃអាទិត្យ​បានស្រែក ថ្កោលទោស ការប្រព្រឹត្ត​អំពើហិង្សា​ទៅលើ​ជនជាតិ​ភាគតិច រ៉ូហ៊ីងយ៉ា នៅ​ភូមា។ លោក​ណាជីប រ៉ាហ្សាក់នៅ​បាន​អំពាវនាវ​ឲ្យ​លោកស្រី​អ៊ុងសាន ស៊ូជី​ទប់ស្កាត់​ជា​បន្ទាន់​ការកាប់​សម្លាប់​ប្រល័យពូជសាសន៍​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កាន់សាសនា​អ៊ីស្លាម​ដូច​ប្រជាជន​ម៉ាឡេស៊ី​ដែរនោះ។ ដោយសារ​រឿងធ្វើទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ប្រមុខរដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​ពីការរំលោភ​សិទ្ធិមនុស្ស​នៅ​ភូមា។ ចំណែកឯខាង ភូមាវិញ បាន​ព្រមាន​រដ្ឋាភិបាល​ម៉ាឡេស៊ី ឲ្យ​ឈប់​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន បើសិន​មិន​ចង់​រំលោភ​រដ្ឋធម្មនុញ្ញ​អាស៊ាន​ទេនោះ។ តើ​អ្នកណា​ជា​អ្នករំលោភ​សិទ្ធិអ្នកណា?

រឿងធ្វើ​ទុក្ខបុកម្នេញ​ទៅលើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា នៅភូមា​បាន​បង្ក​មាន​ចលនា​ប្រឆាំង​តវ៉ា​កាន់​តែខ្លាំង នៅ​ម៉ាឡេស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​ភាគច្រើន​កាន់​សាសនា​អ៊ីស្លាម។ ទាក់ទង​នឹង​ការរំលោភបំពាន​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ានេះ ប្រជាជន​ម៉ាឡេស៊ី និង​រ៉ូហ៊ីងយ៉ា កាលពី ២​សប្តាហ៍មុន បាន​ធ្វើ​បាតុកម្ម នៅ​មុខ​ស្ថានទូត​ភូមា នៅ​គូឡាឡាំពួរ។ សំឡេង​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​ភូមា កាន់តែ​រីកធំ បន្ទាប់ពី​មាន​ការចេញមុខ​គាំទ្រ​របស់​​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ដែល​កាលពី​ថ្ងៃ​អាទិត្យ បាន​ចេញ​មុខ រិះគន់​ជា​ផ្លូវការ លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​រឿង​ព្រងើយ​កន្តើយ បណ្តោយ​ឲ្យ​កើតមាន​អំពើ​ហិង្សា​ទៅ​លើ​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ា។ នៅ​មុន​លោក​នាយករដ្ឋមន្រ្តី​រ៉ាហ្សាក់ទៅទៀត គណៈរដ្ឋមន្រ្តី​ម៉ាឡេស៊ី ធ្លាប់​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ថ្កោលទោស ជាផ្លូវការ អំពើ​ហិង្សា​លើ​ក្រុមប្រជាជន​ភាគតិច រ៉ូហ៊ីងយ៉ា នៅភូមា។ បន្ទាប់ពីនោះ រដ្ឋមន្រ្តី​ម៉ាឡេស៊ី​មួយរូប​នៅ​បាន​ទាមទារ​ឲ្យ​អាស៊ាន​ធ្វើការ​សើរើ​ឡើងវិញ សមាជិកភាព​របស់​ភូមា។

ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ចេញមុខ​រិះគន់​ធ្ងន់ៗ រដ្ឋាភិបាល​ភូមា ពីរឿង​រំលោភ​សិទ្ធិមនុស្ស​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។ នេះគឺ​ជារឿង​ដែល​មិនធ្លាប់​មាន ឬ​កម្រមួយ​រវាង​ប្រទេស​សមាជិក​អាស៊ាន ដែល​តែងតែ​ប្រកាន់​គោលការណ៍ មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស គ្នា​ទៅវិញ ទៅមក។ គោលការណ៍ មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​ប្រទេស​គ្នា​ទៅវិញ ទៅមក គឺជា​ចំណុចដ៏​សំខាន់​មួយ ដែល​ប្រទេស​សមាជិក​អាស៊ាន​ធ្លាប់​អនុវត្ត យ៉ាង​ខ្ជាប់ខ្ជួន កន្លងមក នោះ​បើទោះបី​ជា​ប្រទេស​សមាជិក​ណា​មួយ​អនុវត្ត​នយោបាយ​ផ្តាច់ការ ឬ​រំលោភ​សិទ្ធិមនុស្ស​ក៏ដោយ។ គេ​នៅចាំបាន​ថា អតីត​នាយករដ្ឋមន្រ្តី​ថៃ លោក​ថាក់ស៊ីន ធ្លាប់​បាន​ព្រមាន​ដើរ​ចេញ​ពី​អាស៊ាន​ បើសិន អាស៊ាន​ហ៊ាន​លូកដៃ ក្នុង​សំណុំរឿង​ជម្លោះ​ហិង្សា នៅ​ភាគខាងត្បូង​ថៃ​នោះ។

នៅក្នុង​សំណុំរឿង​អំពើហិង្សា ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ភាគី​ភូមា​បានយក​និយាយ​ក្រើន​រំលឹក​រដ្ឋាភិបាល​ម៉ាឡេស៊ី​កុំ​ឲ្យ​លូកដៃ​កិច្ចការ​ផ្ទៃក្នុង​របស់ខ្លួន។ ភូមា​នៅ​បាន​ដាស់តឿន​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​កុំ​ឲ្យ​ចូល​រួមនៅក្នុង​បាតុកម្ម​ប្រឆាំង​ភូមា នៅថ្ងៃ​អាទិត្យ បើ​សិនមិន​​ចង់​រំលោភ​គោលការណ៍​អាស៊ាន​នោះ។ ប៉ុន្តែ នៅថ្ងៃ​អាទិត្យ នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី មិន​ត្រឹម​តែ​ផ្គើន ទៅ​ចូលរួម​តវ៉ា​ប្រឆាំង​ភូមា​តែប៉ុណ្ណោះទេ តែ​នៅ​បាន​និយាយ​ចំអក​ជ័យលាភី​ណូបែល​សន្តិភាព លោកស្រី​អ៊ុងសាន ស៊ូជី ដែល​មិន​ព្រម​ដោះស្រាយ​រឿង​រំលោភសិទ្ធិ ជនជាតិ​រ៉ូហ៊ីងយ៉ា។

អំពើហិង្សា និង​ជម្លោះ​សាសនា នៅភាគខាងជើង​ភូមា បាន​បណ្តាល​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​រាប់ម៉ឺននាក់ រត់គេច ភ្លូកទឹក ភ្លូកដៃ ចេញ​ពី​ភូមា សំដៅ បង់ក្លាដែស ឥណ្ឌូណេស៊ី ថៃ និង​ម៉ាឡេស៊ី។ ម៉ាឡេស៊ី ដែល​អាច​ជា​ដែនដី​សួគ៌​សម្រាប់​ជនភៀសខ្លួន រ៉ូហ៊ីងយ៉ា កំពុង​បារម្ភ ពី​ការជន់ហូរ ដូចបាក់ទំនប់​ជនភៀសខ្លួន ក្នុង​ប្រទេស​របស់ខ្លួន។ សួរថា បើ​ថៃ ឥណ្ឌូណេស៊ី ក៏មាន​បញ្ហា​ប្រឈម​នឹង​លំហូរ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ាដែរ គឺ​ដូច​ម៉ាឡេស៊ី ប៉ុន្តែ ហេតុអ្វី​បាន​ជា​មាន​តែ​ម៉ាឡេស៊ី ដែល​ចេញ​មុខ​រិះគន់​ភូមា តែម្នាក់ឯង​យ៉ាងដូច្នេះ។ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ម៉ាឡេស៊ី ហ៊ាន​ល្មើស​គោលការណ៍ សំខាន់​របស់​អាស៊ាន ដែល​បាន​ចែង​សំខាន់ ពីរឿង មិនជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុងប្រទេស គ្នា​ទៅវិញ ទៅមក​ធ្វើអ្វី? ម្យ៉ាងទៀត ការប្រព្រឹត្តិ​អំពើ​ហិង្សា​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ភូមា​បាន​កើតមាន​រាប់ខែ រាប់ឆ្នាំ​មកហើយ នៅភូមា ប៉ុន្តែ ហេតុអ្វី​បាន​លោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ទើបតែ នឹក​ក្តៅ​ស្លឹកត្រចៀក រិះគន់​រដ្ឋាភិបាល​ភូមា​នៅពេល​នេះ។

ហុតទឹក សំលឹងកាក។ នេះ​ជា​ផ្នត់គំនិត​របស់​លោក​នាយករដ្ឋមន្រ្តី​ណាជីប រ៉ាហ្សាក់។ តាម​អ្នកវិភាគជាច្រើន លោក​រ៉ាហ្សាក់ លើក​យក​សំណុំរឿង​ជនជាតិ​រ៉ូហ៊ីងយ៉ា​មក​រិះគន់​ភូមា ព្រោះតែ​ដើម្បី​ប្រយោជន៍​ខ្លួន តែប៉ុណ្ណោះ គឺ​មិនមែន​ដើម្បី​ការពារ​បុព្វហេតុ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ពិតប្រាកដ​នោះទេ។ សំណុំរឿងរ៉ូហ៊ីងយ៉ា គឺ​ជា​ប្រធានបទ​ក្តៅមួយ ដែល​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី លើក​យក​មក​និយាយ​ដើម្បី​ចំណេញ​ផ្នែកនយោបាយ នៅក្នុង​ប្រទេស ពោល​គឺ​ដើម្បី​ឲ្យបន្លប់​មតិមហាជន ឲ្យ​ភ្លេច​ពីរឿងពុករលួយ លួចលុយជាតិ​រាប់លាន​ដុល្លារ របស់លោក។

គេជឿថា បើសិន​ជាលោក​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ពិតជា ​ឈឺឆ្អាល ចង់​ជួយ​ប្រជាជន​រ៉ូហ៊ីងយ៉ា​មែន គឺ​លោក​ត្រូវចាប់ផ្តើម​ដំបូង យកចិត្តទុកដាក់​​លើ​សហគមន៍​ជនជាតិ​នេះ ដែល​កំពុង​រស់នៅ រង​ការរើសអើង​មិន​ណយ​ប៉ុន្មាន​ដែរ ពី​អាជ្ញាធរ​ម៉ាឡេស៊ីនោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ