អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​កូរ៉េខាងត្បូង​បោះឆ្នោត​ទម្លាក់​លោកស្រី​ប្រធានាធិបតី ប៉ាក់ គុនហេ

សំឡេង ០៧:៣០
ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ពីតំណែង នៅថ្ងៃ​សុក្រ​ទី ៩​ធ្នូ ២០១៦
ប្រធានាធិបតី​កូរ៉េខាងត្បូង ប៉ាក់ គុនហេ ត្រូវ​សភា​បោះឆ្នោត​ទម្លាក់​ពីតំណែង នៅថ្ងៃ​សុក្រ​ទី ៩​ធ្នូ ២០១៦ REUTERS/Lee Jae-Won/File Photo
ដោយ៖ ឈាង បុប្ផា
៣៨ នាទី

រឿង​អាស្រូវ​ពុករលួយ​បាន​ធ្វើ​ឲ្យ​សភា​កូរ៉េខាងត្បូង នៅថ្ងៃសុក្រ​ទី ៩​ធ្នូ បោះឆ្នោត​ទម្លាក់ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង។ អត្ថបទ​ច្បាប់​ស្នើឡើង​ដោយ​បក្ស​ប្រឆាំង​ដែល​ទាមទារ​ឲ្យ​គេ​បោះឆ្នោត​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ ជាប់សង្ស័យ​ក្នុង​រឿង​អាស្រូវ​ពុករលួយ និង​រំលោភអំណាច ត្រូវ​បាន​បោះឆ្នោត​គាំទ្រ ដោយ​សមាជិក​សភា ២៣៤​នាក់ ដែល​ក្នុង​នោះ ក៏មាន​ផងដែរ​សំឡេង​គាំទ្ររបស់​សមាជិក​សភា​មក​ពី​គណបក្ស​កាន់អំណាច​របស់​លោកស្រី។ 

ផ្សាយពាណិជ្ជកម្ម

សភា​បោះឆ្នោត​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ ជាមួយ​នឹង​សំឡេង​២ភាគ​៣។ តំណែង​ប្រធានាធិបតី​របស់​លោកស្រី​ប៉ាក់ គុនហេ នឹង​ត្រូវ​គេ​ព្យួរ​មួយរយៈដើម្បី​រង់ចាំ​ការសម្រេច​ចុងក្រោយ​របស់​តុលាការ​រដ្ឋធម្មនុញ្ញ ដែល​មាន​រយៈពេល​៦ខែ​ដើម្បី​សម្រេច​ថា តើ​គួរ​រក្សា ឬ​រុញច្រាន​ចោល​ការបោះឆ្នោតរបស់​សភា។

 
ក្នុង​ពេល​រង់ចាំ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ លោកស្រី​ប៉ាក់ គុនហេ​ត្រូវ​គេ​ដកអំណាច​ទាំងអស់ ពីដៃ រួម​ទាំង​អំណាច​នៅលើ​ផ្នែក​កងទ័ព​ផង។ លោកស្រី​នៅមាន​តែ​នាម​ជាប្រធានាធិបតី តែប៉ុណ្ណោះ។ ចំណែក​ការងារ​សម្រេច​របស់​រដ្ឋាភិបាល​ទាំង​អម្បាលម៉ាន​នឹង​ផ្ទេរ​ទៅ​ឲ្យ​នាយក​រដ្ឋមន្រ្តី លោកវ៉ាង ចូអាន​ដែល​លោកស្រី​ប៉ាក់ បាន​តែងតាំង​នៅ​ឆ្នាំ ២០១៥។

នៅក្នុង​អត្ថបទ​ច្បាប់ ដែល​សភា​បោះឆ្នោត នៅថ្ងៃនេះ លោកស្រី​ប្រធានាធិបតី​កូរ៉េខាងត្បូង​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​រំលោភ​រដ្ឋធម្មនុញ្ញ ប្រព្រឹត្ត​បទឧក្រិដ្ឋ ពុករលួយ រំលោភអំណាច និង​បរាជ័យ មិនការពារ​ជីវិត​ប្រជាជន។

លោកស្រី​ប៉ាក់ គុនហេ និង​នាយករដ្ឋមន្រ្តី Hwang Kyo-ahn ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាបន្ទាន់ នៅ​ថ្ងៃ​សុក្រ នៅក្រោយ​សភា​បោះឆ្នោត​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ
លោកស្រី​ប៉ាក់ គុនហេ និង​នាយករដ្ឋមន្រ្តី Hwang Kyo-ahn ចូលរួម​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​ជាបន្ទាន់ នៅ​ថ្ងៃ​សុក្រ នៅក្រោយ​សភា​បោះឆ្នោត​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ ©Yonhap/ via REUTERS

តើ​តុលាការ​ធម្មនុញ្ញ​កូរ៉េខាងត្បូង​អាច​សម្រេច​ផ្ទុយ​ពី​សភាដែរ ឬទេ?
សមាជិកភាព​របស់​តុលាការ​ធម្មនុញ្ញ លោកស្រី​ប៉ាក់ គុនហេ ទំនង​អាច​ត្រលប់​មក​ធ្វើ​ជា​ប្រធានាធិបតី​ដូចដើមវិញ។ ចៅក្រម​ទាំង​៩​របស់​តុលាការ​ធម្មនុញ្ញ​សុទ្ធ​តែ​ត្រូវ​បាន​លោកស្រី ឬ​ថ្នាក់ដឹកនាំ​អភិរក្ស​មុនៗ មក​ពី​បក្ស​របស់​លោកស្រី​ប៉ាក់ គុនហេ ជា​អ្នកជ្រើសរើស តែងតាំង។

សភា​បោះឆ្នោត​ទម្លាក់ ប៉ុន្តែ តុលាការ​ធម្មនុញ្ញ​អាច​សម្រេច​ផ្ទុយ ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ត្រលប់​មក​កាន់តំណែង​ប្រធានាធិបតី​វិញ បើសិន​គេ​រកឃើញថា លោកស្រី​ស្អាតស្អំ មិនពុករលួយ​ដូចការ​ចោទប្រកាន់។ រឿង​នេះ​ធ្លាប់​មាន​ម្តងហើយ នៅ​កូរ៉េ​ខាងត្បូង កាល​ពី​ឆ្នាំ ២០០៤។ កាលណោះ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក​រ៉ូ ម៉ូយុន ត្រូវ​បាន​សភា​បោះឆ្នោត​ទម្លាក់​ដោយសារ​រឿងរំលោភ​ច្បាប់​បោះឆ្នោត។ ប៉ុន្តែ ២ខែ​ក្រោយមក តុលាការ​រដ្ឋធម្មនុញ្ញ​បាន​សម្រេច​បដិសេធ មិនយល់ស្រប​តាម​សភា ទៅវិញ ក្នុង​ហេតុផល​ថា គេ​គ្មាន​ភស្តុតាង​រឹងមាំ​ដើម្បី​ទម្លាក់​លោក​រ៉ូ ម៉ូយុន។ ដូច្នេះ​លោក​រ៉ូ ម៉ូយុន​បាន​ត្រលប់​មក​ធ្វើ​ជា​ប្រធានាធិបតី​រហូត​ដល់​ចប់​អាណត្តិ​របស់​លោក នៅ​ឆ្នាំ ២០០៨។

ប៉ុន្តែ ក្នុង​ករណី​របស់​លោកស្រី​ប៉ាក់ គុនហេ តុលាការ​ធម្មនុញ្ញ អាចមិន​ធ្វើ​បាន​ដូច​លើកមុន ដោយហេតុថា តុលាការ​អាច​រងការដាក់​សម្ពាធ​ពី​បណ្តាជន​កូរ៉េខាងត្បូង។ ខុសពី​លោក​រ៉ូ ម៉ូយុន​ដែល​មាន​ប្រជាប្រិយភាព នៅ​ពេល​លោក​ត្រូវ​សភា​បោះឆ្នោត​ទម្លាក់ លោកស្រី​ប៉ាក់ គុនហេ ឯណេះវិញ គឺ​បាន​បាត់បង់ ទំនុកចិត្ត ការការគាំទ្រ ពី​ប្រជាជន​ទាំងស្រុង ដោយសារ​តែ​រឿងអាស្រូវ​ចុងក្រោយ​ទាក់ទង​នឹង​ស្រ្តី​មន្តអាគម ឆយ ស៊ុនស៊ីល។ រឿងអាស្រូវ ពុករលួយ ឃុបឃិត​រំលោភអំណាច​ប្រធានាធិបតី រួមផ្សំ​នឹង​ការធ្វេសប្រហែស​ធ្វើ​ឲ្យ​លិច​សាឡាង​សម្លាប់​សិស្ស​សាលា​ប្រមាណ ៣០០​នាក់ កាលពី​ឆ្នាំ ២០១៤ បាន​ធ្វើ​ឲ្យ​ប្រជាជន​កូរ៉េខាងត្បូង កាន់ច្រើន ស្អប់ និង​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​លោកស្រី​ចុះចេញពី​តំណែង។
 
ហេតុអ្វី​លោកស្រី​ប៉ាក់ គុនហេ​មិនព្រម​លាលែង​ពីតំណែង​ដោយ​ខ្លួនឯង?
លោកស្រី​ប៉ាក់ គុនហេ​បាន​ថ្លែង​ជាសាធារណៈ​រួចហើយថា លោកស្រី​សោកស្តាយ​ដែល​ធ្វើ​ឲ្យ​ប្រទេសជាតិ​លង់ខ្លួន ដោយសារ​រឿងអាស្រូវ ពុករលួយលើកនេះ។ បើទោះបី​ជា​លោកស្រី​បាន​បដិសេធ​ថា មិន​បាន​ជាប់ពាក់ព័ន្ធ ក្នុង​រឿង​ឃុបឃិត ប្រព្រឹត្ត​ពុករលួយ​ជាមួយ​ស្រ្តី​មិត្តជិតស្និទ្ធ​ឆយ ស៊ុនស៊ីល ប៉ុន្តែ លោកស្រី​បញ្ជាក់ថា លោកស្រី​ត្រៀមចុះ​ពី​អំណាច ប៉ុន្តែ  លោកស្រី​បាន​ទាមទារ​ឲ្យ​សភា​ជា​អ្នកសម្រេច រៀបចំ​ផ្លូវចាកចេញ​ពី​អំណាច​របស់​លោកស្រី ដើម្បី​ជៀសវាង​កុំ​ឲ្យ​កូរ៉េខាងត្បូង​ជួប​វិបត្តិ​នយោបាយ។

លោកស្រី​ប៉ាក់ គុនហេ​ដែល​មិន​ព្រមចុះចេញ​ដោយខ្លួនឯង និង​រង់ចាំ​ការសម្រេច​របស់​សភា ដោយសារតែ​លោកស្រី​អាចម្យ៉ាង លោកស្រី​នៅ​មាន​ក្តី​សង្ឃឹម​ពី​តុលាការ​រដ្ឋធម្មនុញ្ញ ដែល​អាច​សម្រេច​ឲ្យ​លោកស្រី​ត្រលប់មក​ធ្វើ​ជា​ប្រធានាធិបតី​វិញ។ បើទោះបី​ជា​ប្រជាជន​ខឹងសម្បារ​នឹង​លោកស្រី​ក៏ដោយ​ចុះ ប៉ុន្តែ បើ​តុលាការ​រកឃើញថា លោកស្រី​ស្អាតស្អំ នោះ​លោកស្រី​នឹង​អាច​លាង​ជម្រះ​មន្ទិល​រួច​ពី​ការចោទប្រកាន់​ទាំងឡាយ។ លាលែង​ចុះចេញ​ពីតំណែង​ដោយខ្លួន​ឯង អាច​មានន័យ ស្មើ​នឹង​ការដែលថា លោកស្រី​ទទួលស្គាល់ ជាប់ពាក់ព័ន្ធ ឃុបឃិត​ពុករលួយ​ជាមួយ​ស្រ្តី​ឆយ ស៊ុនស៊ីល។

មួយវិញទៀត បើ​មើល​ប្រវត្តិគ្រួសារ​របស់លោកស្រី ប៉ាក់ គុនហេ លោកស្រី​ធំដឹងក្តី និង​ប្រលូក​ក្នុង​នយោបាយ​តាំង​ពី​ក្មេងវ័យ។ ឪពុករបស់​លោកស្រី ជា​អតីត​ប្រធានាធិបតី​ផ្តាច់ការ ប៉ុន្តែ គឺ​ជា​ឪពុក ដែល​លោកស្រី គោរព ស្រឡាញ់ ជាប់ជានិច្ច។ ដោយសារ​តែ​ម្តាយ​របស់លោកស្រី ត្រូវ​បាន​ចារកិច្ច​កូរ៉េខាងជើង​លួច​សម្លាប់ លោកស្រី ប៉ាក់ គុនហេ បាន​ចូល​ធ្វើ​ជា​ស្រ្តី​កូរ៉េខាងត្បូង​ទីមួយ ជំនួស​ម្តាយ ដើម្បី​បំពេញ​កិច្ចការ​ជាមួយ​ឪពុក​ដែល​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង​រហូត​ដល់​ឆ្នាំ ១៩៧៩។ គេ​អាច​ថា ដោយសារ​ងប់ ជាប់​ប្រលូកជ្រៅ​ក្នុង​ជីវិត​នយោបាយ​របស់​ឪពុក ធ្វើ​ឲ្យ​លោកស្រី ប៉ាក់ គុនហេ ស្រឡាញ់ មិន​ចង់​បាត់បង់​អំណាច ប្រធានាធិបតី ដែល​លោកស្រី​ទើបស្រវ៉ា​ចាប់បាន នៅ​ឆ្នាំ ២០១៣។

ការបោះឆ្នោត​សភា ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ​ពីតំណែង​ប្រធានាធិបតី​ជា​ជោគជ័យ​ដ៏ធំធេង​របស់​បក្ស​ប្រឆាំង និង​ប្រជាជន​កូរ៉េខាងត្បូង​រាប់​សែន រាប់លាន ដែល​ទាមទារ​រាប់​សប្តាហ៍​មកហើយ ឲ្យ​លោកស្រី​ប៉ាក់ គុនហេ​ចុះចេញ​ពី​តំណែង។ ប៉ុន្តែ ការបោះឆ្នោត​សភា នៅថ្ងៃ​សុក្រ មិន​បាន​សំដៅ​បិទបញ្ចប់​វិបត្តិ​នៅ កូរ៉េខាងត្បូង​នោះទេ។

រឿងអាស្រូវ​ពុករលួយ​របស់​លោកស្រី​ប្រធានាធិបតី​នឹង​នៅ​បន្ត​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង ធ្លាក់ត្រាំត្រែង ក្នុង​វិបត្តិ​នយោបាយ​យូរខែ​ទៅទៀត។ កូរ៉េខាងត្បូង​បច្ចុប្បន្ន​កំពុង​មាន​សេដ្ឋកិច្ច​នៅ​ទ្រឹង ប្រឈម​នឹង​វិបត្តិ​មនុស្ស​គ្មានការងារ​ធ្វើ។ ប្រជាជន​អស់ទឹកចិត្ត​លើ​ថ្នាក់ដឹកនាំ ដែល​ពី​មួយ​អាណត្តិ អាណត្តិ​ត្រូវ​គេ​រកឃើញថា មាន​ជាប់ពាក់ព័ន្ធ ពុករលួយ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដែល​រកជំនួញ មាន​បាន​ដោយសារ​ប្រើ​អំណាច​ឥទ្ធិពល​របស់​ថ្នាក់ដឹកនាំ។

រឿងអាស្រូវ​ពុករលួយ​នៅ​កូរ៉េខាងត្បូង​កំពុង​ធ្វើ​ឲ្យ ប្រទេស​សេដ្ឋកិច្ច​ធំ​ទី៤​នៅ​អាស៊ី ធ្លាក់​ចូល​កាន់តែជ្រៅ ក្នុង​វិបត្តិនយោបាយ ដែល​ជា​ការធ្វើ​ឲ្យ​គេ​បារម្ភមែនទែន មិនថា ប្រទេស​សម្ព័ន្ធ​មិត្ត ឬ​ទីផ្សារ​ហិរញ្ញវត្ថុ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ