ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​កូរ៉េខាង​ជើង​កំពុង​​រៀប​ផែនការអ្វី​ក្នុង​ពេល​កូរ៉េខាង​ត្បូង​កំពុងជួប​វិបត្តិ​នយោបាយ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ដឹកនាំ​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​មួយ មាន​ទម្រង់​ជា​ការហាត់​​វាយប្រហារវិមានខៀវ ដែល​ជាវិមាន​​ប្រធានាធិបតី​កូរ៉េខាង​ត្បូង។ ស្ថាប័ន​នេះ ​កំពុង​រង្គោះរង្គើយ៉ាង​ខ្លាំង​ ដោយ​រឿង​អាស្រូវ​ពុករលួយ​ ដែល​ឈាន​ដល់​ការ​បោះឆ្នោត​​សភា​ទម្លាក់​លោកស្រី ប៉ាក់ គុនហេ កាលពីថ្ងៃសុក្រ។ ឆ្លៀតពេល​​ដែល​ប្រទេស​ជា​គូ​សត្រូវ​គ្មាន​មេកើយ​​ត្រឹម​ត្រូវ​យ៉ាង​ដូច្នេះ ព្យុងយ៉ាង​ពិត​ជា​បាន​ដៃ​។ ប៉ុន្តែទន្ទឹម​គ្នា​នេះ ​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​របស់​កូរ៉េខាង​ជើង បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​នេះ​មួយ​រយៈ​ ស្រប​តាម​សេចក្តី​សម្រេច​​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ។

លោក គីម ជុងអ៊ុន ដឹកនាំធ្វើ​សមយុទ្ធហាត់​វាយប្រហារ​​ប្រឆាំង​នឹង​វិមាន​ខៀវ​របស់​កូរ៉េខាង​ត្បូង
លោក គីម ជុងអ៊ុន ដឹកនាំធ្វើ​សមយុទ្ធហាត់​វាយប្រហារ​​ប្រឆាំង​នឹង​វិមាន​ខៀវ​របស់​កូរ៉េខាង​ត្បូង © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​ដឹកនាំ​កូរ៉េខាង​ជើង លោក គីម ជុងអ៊ុន បាន​ដឹកនាំ​ធ្វើ​សមយុទ្ធ​មួយ ក្នុង​សេណារីយ៉ោ វាយប្រហារ​ជាពិសេស​លើ​កូរ៉េខាង​ត្បូង​។សារព័ត៌មាន​ផ្លូវការ​កូរ៉េខាង​ជើង មិន​បាន​បញ្ជាក់​ថ្ងៃ​ខែ​នៃ​ការធ្វើ​សមយុទ្ធ​នេះ​ទេ ហើយ​ក៏​គ្មាន​សរសេរ​អ្វី​ដែល​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​សភា​នៅ​កូរ៉េខាង​ត្បូង​ទម្លាក់​លោកស្រី​ប៉ាក់ គុនហេ ពី​តំណែង​ប្រធានាធិបតីដែរ។

ប៉ុន្តែ បើតាម​រូប​ថត​នៅ​មាន​បង្ហាញ​នៅ​ក្នុង​ទំព័រ​កាសែត ទិសដៅ​នៃ​ការ​វាយប្រហារ​ក្នុង​សមយុទ្ធ​ នោះ​គឺ​វិមាន​ខៀវ ឬ​វិមាន​ប្រធានាធិបតី​នៅ​ទីក្រុង​សេអ៊ូល​។ សមយុទ្ធនោះ គឺ​ជា​ការ​ហាត់ក្លែង​ធ្វើជា​​វាយប្រហារ​ ដោយ​កងកម្លាំង​ទ័ព​ពិសេស​ លើ​អាគារ​មួយ ដែល​ជា​ទីស្នាក់ការរបស់​ប្រមុខ​រដ្ឋ​កូរ៉េខាងត្បូង ! ឯ​កង​កម្លាំង​សត្រូវ​មិន​អាច​តប​ត និង​គ្មាន​ដី​ជ្រក​លាក់​ខ្លួន ដោយ​មាន​អគ្គីភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ក្រោម​ក្រសែ​ភ្នែក​ មើល​តាម​កែវយឺត និង​បញ្ជា​ដោយ​ផ្ទាល់​របស់​លោកគីម ជុនអ៊ុន។ មាន​រូប​មួយ​ទៀត​ បង្ហាញ​រូប​ប្រមុខ​គីម ជុងអ៊ុន កំពុង​ផ្ទុះ​សំណើច​ អបអរ​នឹង​ល្បែង​ធ្វើ​សង្គ្រាម​វាយ​កូរ៉េខាង​ត្បូង​ផង។

ថ្វី​បើ​នេះ​ជា​ល្បែង​សមយុទ្ធមែន ប៉ុន្តែជាមួយ​ការ​សាកល្បង​នុយក្លេអ៊ែរ​ពីរ​ដង និង​ការ​បាញ់​មីស៊ីល​ជាង​២០​ដង បាន​សម្រេច​ខ្លះ​ មិន​បាន​សម្រេច​ខ្លះមក កូរ៉េខាង​ជើងបានធ្វើ​ឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​ ​តាំង​ពីខែ​មករា ឆ្នាំ​២០១៦​មក ថា​មាន​សមត្ថភាព​ជឿនលឿនខ្លាំង​ ផ្នែក​មីស៊ីល​អន្តរទ្វីប។

កូរ៉េខាង​ត្បូង ដែល​នៅ​ជាប់​របង​ និង​ដែល​រងការ​គំរាម​កំហែង​ខ្លាំង​ជាងគេ បាន​ដឹង​ខ្លួន​យ៉ាង​ច្បាស់​ដែរ​ថា ក្រោយ​ពេល​​​សភា​​បាន​បោះឆ្នោត​ទម្លាក់​លោក​ស្រី​ប្រធានាធិបតីប៉ាក់ គុនហេ​ ប្រទេស​ស្ថិតក្នុង​អន្តរកាល​នយោបាយ និង​ជា​ឱកាស​មាស​សម្រាប់​ព្យុងយ៉ាង​ ​សម្ញែង​សាច់​ដុំ​ និង​សមត្ថភាព​យោធា​របស់​ខ្លួន​។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​នាយករដ្ឋមន្ត្រី និង​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ជំនួស​លោកស្រី ប៉ាក់ គុនហេ បាន​កោះ​ប្រជុំ​បន្ទាន់​ ​​តាំង​ពី​ថ្ងៃសៅរ៍​ម្សិលមិញ​ភ្លាម​ អំពាវនាវ​ឱ្យ​ក្រសួងការពារ​ជាតិ​បង្កើន​ការ​ប្រុងប្រយ័ត្ន និង​ចាត់​គ្រប់​វិធានការ​ចាំបាច់​ដើម្បីកុំ​ឱ្យ​ពលរដ្ឋ​ជ្រួល​ច្របល់​​និង​ខ្វល់ខ្វាយ​ខ្លាច​​ការ​គំរាមកំហែង​មក​ពី​ជើង។

រូបថតសមយុទ្ធ​ទ័ព​ព្យុងយ៉ាង វាយប្រហារ​លើ​​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូងឱ្យ​ឆាប​ឆេះ​
រូបថតសមយុទ្ធ​ទ័ព​ព្យុងយ៉ាង វាយប្រហារ​លើ​​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូងឱ្យ​ឆាប​ឆេះ​ © Reuters

បាញ់សាកល្បង​នុយក្លេអ៊ែរ​ ឬ​មីស៊ីល ?​

​កូរ៉េខាង​ជើង​របស់ គីម ជុនអ៊ុន ស្អប់ និង​មិន​ដែល​ឱ្យ​តម្លៃ​លោកស្រី ប៉ាក់ គុនហេ សោះ​ឡើយ ! នៅ​ថ្ងៃ​នេះ​ទៀត ព្យុងយ៉ាង​នៅតែ​បន្ត​បង្អាប់​បន្តុះ​លោកស្រី ដែល​មិន​ព្រម​លា​លែង​ចេញ​ពី​តំណែង​ថា យាយធ្មប់​មាន​ជំងឺ​ចិត្ត​ ប៉ុន្តែព្យុងយ៉ាង​ក៏​ចូល​ចិត្ត​ធ្វើ​តេស្ត​ស្ទង់​ចិត្ត​ប្រធានាធិបតី​អាមេរិក​ថ្មី​ដែរ។

​​ហេតុ​ដូច្នេះ​ហើយ​បាន​ជា ​អ្នក​វិភាគ​យល់​ថា​ព្យុងយ៉ាង​ទំនង​ជា​នឹង​មិន​ធ្វើ​ផ្តេសផ្តាស​នៅ​ពេល​នេះ​ភ្លាម​ទេ។ ព្យុងយ៉ាង​ត្រូវ​ការ​គយគន់​មើល​នយោបាយការបរទេស​របស់​លោក​ដូណាល់ត្រាំ​បន្តិច​សិន និង​ទំនង​ជា​មិន​ធ្វើការសាក​ល្បង​នុយក្លេអ៊ែរ​ជា​ថ្មី ដែល​រុញ​ច្រាន​រដ្ឋបាល​លោក​ត្រាំ ឱ្យមាន​ជំហររឹង​ប៉ឺស​ឡើយ។

លោក គីមជុងអ៊ុន ដែល​ដឹង​ថា​ត្រូវ​ធ្វើអ្វី​យ៉ាង​ច្បាស់លាស់​នោះ​ នឹង​មិន​បញ្ចេញ​សកម្មភាព​បង្ក​ហេតុ​ឱ្យ​ត្រូវ​ដូចពាក្យ​​​ប្រធានាធិបតី​ស្តីទី​កូរ៉េខាង​ត្បូង​ទេ។ ប្រមុខ​វ័យ​ក្មេង​ម្នាក់​នេះ ទំនង​ជា​ត្រូវ​ការ​រង់ចាំ​មើល​សិន​ថា​តើ​នរណា​នឹង​ត្រូវ​ឡើង​មក​បន្ត​តំណែង​ពី​លោកស្រី​ប៉ាក់ គុនហេ ដ៏​តឹង​តែង​ សុខ​ចិត្ត​និយាយ​ជាមួយ​កូរ៉េខាង​ជើង​ដរាប​ណា​របប​នេះ​សុខ​ចិត្ត​បោះបង់​ចោល​កម្មវិធីនុយក្លេអែរនោះ។ ការ​រង់ចាំ​ដែល​អាច​អូស​ពេល​វែង​រហូត​ដល់​ទៅ​ ៦​ខែ​ និង​ទម្រាំ​មាន​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី។ ប៉ុន្តែ​សំណួរ​គ្មាន​ចម្លើយ​នៅ​ត្រង់​ថា​តើព្យុងយ៉ាង​អាច​រង់ចាំ​បាន​ឬ​អត់ បើ​កាលបរិច្ឆេទ​នៃ​ការ​បាញ់​សាកល្បង​នុយក្លេអ៊ែរ និង​មីស៊ីល​ ប៉ុន្មាន​ឆ្នាំ ចុងក្រោយនេះ​ ច្រើន​តែ​ធ្វើ​ឡើង​នៅ​រាល់គ្រប់​​ពិធី​បុណ្យធំៗ​ ដូចជា​ថ្ងៃ​ កំណើតអគ្គមគ្គុទេសក៍​ គីម ជុងអ៊ីល និង​ គីមអ៊ីលស៊ុង​ ឬ​ថ្ងៃ​កំណើត​យោធា​បក្ស​កុម្មុយនិស្ត ខែ​កុម្ភៈ​ និង​មេសា។

ទណ្ឌកម្ម​សេដ្ឋកិច្ច ចិន​ផ្អាក​នាំ​ចូល​ធ្យូងថ្ម​មួយ​រយៈ

មួយ​រយៈ​ចុងក្រោយ​នេះ ពោល​គឺ​តាំង​ពី​ គីម ជុងអ៊ុន ឡើង​កាន់​អំណាច​នៅ​កូរ៉េខាង​ជើង​មក របប​ព្យុងយ៉ាង​ហាក់​ដូច​ជា​មិន​សូវ​គោរព ស្តាប់​រៀមច្បង​ប៉េកាំង​ ដូច​ឪពុក​និង​ជីតា​ទេ។
ចិន​ខ្លួន​ឯង​ក៏ហាក់​ដូច​ជា​ទើស​ទ័ល​ខ្លាំង​ដែរ​ នៅ​ចំពោះ​ទង្វើ​របស់​ព្យុងយ៉ាង​កន្លង​មក និង​បានសម្រេច​​មិន​ប្រើ​សិទ្ធិ​វ៉េតូ​ប្រឆាំង​នឹង​សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ក្នុង​ការ​ដាក់​ទណ្ឌកម្មបន្ថែម​លើ​ព្យុងយ៉ាង ដែល​បាន​ធ្វើ​ការ​សាកល្បង​នុយក្លេអ៊ែរ​កាលពី​ថ្ងៃទី ៩ កញ្ញា​កន្លង​ទៅ​ថ្មីៗនេះ។

ទណ្ឌកម្ម​របស់​ចិន​ផ្អាក​នាំ​ចូល​​រ៉ែ​ធ្យូង​ថ្ម​ពី​​ព្យុងយ៉ាង​ ​​ចាប់​មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​នេះ និង​រហូត​ដល់​ដំណាច់​ឆ្នាំ តែ​ប៉ុណ្ណោះ ស្រប​ទៅ​តាម​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ដែល​ចង់​កំរិត​ការ​នាំ​ចេញ​ធ្យូងថ្ម​ត្រឹម​៤០០,៩​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ចាប់​ពី​ឆ្នាំ​២០១៧​ទៅ ពោល​គឺ​៦០%​តិច​ជាង​ឆ្នាំ​២០១៥។ ចិន​គឺ​ជា​អតិថិជន​តែ​មួយគត់​របស់​ព្យុងយ៉ាង។

ការ​ដាក់​ទណ្ឌកម្ម​បែប​នេះ អាច​មាន​តម្លៃ​ជានិម្មិត្តរូប ថា​ចិន​ចេញ​ស្តី​ហើយ​​ធ្វើ​មែន​ ប៉ុន្តែ​ទណ្ឌកម្ម​មួយ​រយៈ​ខ្លី​បែប​តើ​ព្យុងយ៉ាង​ដែល​មាន​មេដឹកនាំ​ឈាម​រាវ​បែប​នេះ​ព្រឺព្រួច​បាន​ប៉ុន្មាន​ថ្ងៃ ?!

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI