សភាថៃបន្តឹងច្បាប់ផ្នែកព័ត៌មានវិទ្យា និងអ៊ីនធ័រនែត
នៅថ្ងៃសុក្រនេះ សភាថៃបានអនុម័តកែប្រែច្បាប់ផ្នែកព័ត៌មានវិទ្យា ដើម្បីរឹតបន្តឹងកាន់តែខ្លាំងបន្ថែមទៀត ការផ្តោះប្តូរព័ត៌មានតាមអ៊ីនធ័រនែត។ សម្រាប់ក្រុមអ្នកការពារសិទ្ធិមនុស្ស ច្បាប់ថ្មីដែលបានដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ ពេញផ្ទៃប្រទេស មានកម្មវត្ថុតែមួយគត់ គឺបំបិទមាត់អ្នករិះគន់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាំងពីឡើងកាន់អំណាច តាមរយៈរដ្ឋប្រហារយោធា កាលពីខែឧសភាឆ្នាំ២០១៤មក របបសឹកបានកាត់បន្ថយសេរីភាពក្នុងការបញ្ចេញមតិស្ទើរគ្មានសល់ ៖ ហាមឃាត់ការធ្វើបាតុកម្ម គំរាមអ្នកសារព័ត៌មាន គេហទំព័រខ្លះត្រូវបិទខ្ទប់ …
និន្នាការនេះហាក់គ្មានថ្ងៃប្តូរទិសឡើយ បើទោះបីជាសហគមន៍អន្តរជាតិធ្វើការរិះគន់យ៉ាងណាក៏ដោយ។ នៅថ្ងៃសុក្រទី ១៦ ធ្នូនេះ សភាថៃ ដែលតែងតាំងឡើយដោយមេដឹកនាំយោធា បានអនុម័តច្បាប់ព័ត៌មានវិទ្យាថ្មី ក្នុងសំឡេងគាំទ្រស្ទើរតែស្រុង ១៦៧គាំទ្រ និងអនុប្បវាទ៥សំឡេង។ អតីតមេដឹកនាំប៉ូលិសជាន់ខ្ពស់ បច្ចុប្បន្នជាតំណាងរាស្ត្រ ដែលបានចូលរួមចំណែកតាក់តែងកែប្រែច្បាប់ បានអះអាង ច្បាប់ទើបអនុម័តថ្មីនេះ សំខាន់ និងចាំបាច់ ព្រមទាំងមិនរំលោភសិទ្ធិបុគ្គលទេ។
ប៉ុន្តែអត្ថបទច្បាប់នេះអាចព្រលាត់បានយ៉ាងទូលំទូលាយបំផុត ! គ្រាន់តែចែកចាយបន្ត ក្នុងប្រព័ន្ធសង្គម (ហ្វេសប៊ូក ជាឧទាហរណ៍) នូវរូបថ្លុកមេដឹកនាំ ឬអ្នកទទួលខុសត្រូវក្នុងរដ្ឋាភិបាលសឹក ឬអត្ថបទសើចចំអករិះគន់ប៉ះពាល់ដល់គម្រោងច្បាប់ ក៏អាចមានគ្រោះជាប់ទោស ដល់៥ឆ្នាំក្នុងពន្ធនាគារដែរ ពីបទ «ញុះញង់ឱ្យមានគ្រោះថ្នាក់ដល់សន្តិសុខជាតិ សន្តិសុខសាធារណៈ ស្ថិរភាពសេដ្ឋកិច្ចជាតិ ឬអាចបង្កឱ្យមានចលាចលក្នុងស្រុក។
ម្យ៉ាងទៀត តាមរយៈច្បាប់នេះ ប៉ូលិសអាចតាមស្កាត់ចាប់យកព័ត៌មានដែលអ្នកប្រើប្រាស់ទាក់ទងគ្នា ក្នុងសារអ៊ីមែល ហ្វេសប៊ូក និងសារឆាតឆ្លើយឆ្លងគ្នាតាមបណ្តាញសង្គម ដោយមិនបាច់សុំសេចក្តីអនុញ្ញាតពីតុលាការទេ។
សកម្មជនអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធ័រនែត Thai Netizen network ដែលប្រមូលបានហត្ថលេខាជាង ៣សែន ដើម្បីប្រឆាំងនឹងគម្រោងច្បាប់បានសម្តែងក្តីព្រួយបារម្ភថា ពេលនេះគេលែងដឹងអ្វីត្រូវនិយាយ និងអ្វីមិននិយាយទេ។ បើតាមតួលេខរបស់អង្គការក្រៅរដ្ឋាភិបាល Fortify Rights មានមនុស្សមិនតិចជាង៣៩៩នាក់ទេ ដែលរងចោទប្រកាន់ពីបទរំលោភច្បាប់ព័ត៌មានវិទ្យា នៅឆ្នាំ២០១៦នេះ ទល់នឹង៤៦នាក់ កាលពីឆ្នាំ២០១៣ មុនរបបសឹកឡើងកាន់អំណាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ