ចិននិងន័រវែសភ្ជាប់ទំនាក់ទំនងជាធម្មតានឹងគ្នាឡើងវិញ
បន្ទាប់ពីបានអាក់អន់ស្រពន់ចិត្ត និងបានបង្កកទំនាក់ទំនងជាន់ខ្ពស់នឹងគ្នាមួយរយៈធំ ព្រោះន័រវែសបានប្រគល់ពានរង្វាន់ណូបែលសន្តិភាពដល់សកម្មជនប្រឆាំងចិន លី ស៊ាវបូ មក ចិននិងន័រវែស បានប្រកាសនៅថ្ងៃចន្ទនេះ ផ្សារភ្ជាប់ទំនាក់ទំនងការទូតជាធម្មតា ឡើងវិញ និងបានប្រកាសបើកចរចាលើកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីឡើងវិញដែរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយលទ្ធផលណូបែលឆ្នាំ២០១០ ប្រកាសផ្តល់ជ័យលាភីជូនដល់សកម្មជនសិទ្ធិមនុស្សចិន លោក លីស៊ាវបូ ដែលកាលណោះកំពុងជាប់ពន្ធនាគារពីបទប៉ុនប៉ងធ្វើវិទ្ធង្សនាមក ចិន បានផ្តាច់ទំនាក់ទំនងការទូតជាមួយន័រវែស។ ប៉ុន្តែនាឱកាសបំពេញទស្សនកិច្ច ដ៏ភ្ញាក់ផ្អើលរបស់រដ្ឋមន្ត្រីការបរទេសន័រវែស នៅទីក្រុងប៉េកាំង ថ្ងៃនេះ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម រិតរកគ្នាវិញ។
លោក លី ខឺឈាំង ប្រមុខការទូតចិន បានគូសបញ្ជាក់ថា ចិនសង្ឃឹមធ្វើការជាមួយន័រវែស ដើម្បីបើកទំព័រថ្មីនៃចំណងទ្វេភាគី ឱ្យកាន់តែមានកំរិតខ្ពស់ មានលំនឹង និងបរិសុទ្ធ។ នេះបើតាមការពាំពាក្យក្នុងទំព័រសារព័ត៌មានផ្លូវការចិន។
ចំណែកអូស្លូបានសន្យាមិនគាំទ្រសកម្មភាពដែលនាំឱ្យខូចប្រយោជន៍ចិន និងប្រឹងធ្វើគ្រប់យ៉ាងមិនឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីនាពេលអនាគត។ ចំណែកបញ្ហាសិទ្ធិមនុស្ស មិនត្រូវបានលើកយកលាយលំទេ។ ប៉ុន្តែសមភាគីន័រវែស បានបញ្ជាក់ថាអូស្លូមិនបានធ្វើសម្បទានអ្វីទេ គឺប្រើពេលវេលា និងកិច្ចខិតខំប្រឹងប្រែងការទូតគ្រប់ជាន់ថ្នាក់ ដើម្បីបង្កើតទំនុកចិត្តគ្នា និងបានត្រលប់មករកភាពធម្មតានឹងគ្នាវិញ។
យោងតាមសារព័ត៌មានន័រវែស ចិនបានទាមទារឱ្យន័រវែសសុំទោស ជាផ្លូវការក្រុងប៉េកាំង ចំពោះការប្រគល់រង្វាន់ណូបែលសន្តិភាពដល់លីវ ស៊ាវបូ តែរដ្ឋាភិបាលន័រវែសបដិសេធ ដោយសំអាងថាជាសេចក្តីសម្រេចរបស់គណៈកម្មការណូបែល ដែលជាស្ថាប័នឯករាជ្យ។
ការភ្ជាប់ទំនាក់ទំនងជាធម្មតាឡើងវិញនាពេលនេះ ក៏បានអនុញ្ញាតឱ្យការចរចាស្វែងរកកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីចិន-ន័រវែស ដែលជាប្រទេសសម្បូរទៅដោយធនធានធម្មជាតិ និងសេដ្ឋកិច្ចខ្លាំងលំដាប់ទីពីរលើពិភពលោក មានដំណើរការឡើងវិញដែរ។
ន័រវែសមិនទាន់ដែលបានទាញប្រយោជន៍ អំពីកំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ចិន ដូចបណ្តាប្រទេសផ្សេងទៀតលើលោកទេ។ នៅថ្ងៃនេះ គ្រាន់តែបានឮចិននិងន័រវែសចាប់ចរចាគ្នាឡើងវិញ ភាគហ៊ុនរបស់ផលិតផលត្រីសូម៉ុងបានស្ទុះឡើងភ្លាម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ