ថៃបញ្ចូលមុខវិជ្ជាយោធាក្នុងកម្មវិធីសិក្សានៅមតេយ្យសិក្សា
កុមារថៃ អាយុពី ៤ ទៅ៥ ឆ្នាំ ដែលចូលរៀននៅសាលាមតេយ្យ ត្រូវមានម៉ោងហាត់យោធាផង និងរៀនសូត្រមេសូត្រ “តម្លៃសីលធម៌” ដាក់ដោយអាជ្ញាធរសឹកទៀត។ របបសឹកថៃបានសម្រេចបញ្ចូលមុខវិជ្ជាយោធានេះ ទៅក្នុងកម្មវិធីសិក្សានៅក្នុងខេត្ត កាន់ចាន់ណាបុរី ភាគខាងលិចប្រទេសមួយសិន ប៉ុន្តែមិនយូរមិនឆាប់ទេ មុខវិជ្ជានេះនឹងមានចែងក្នុងកម្មវិធីសិក្សាថ្នាក់ជាតិទាំងមូលតែម្តង។
ចុះផ្សាយនៅថ្ងៃ៖
តើជាសិក្សា ឬជាការបញ្ជូលមនោគមវិជ្ជា ! កូនសិស្សត្រូវពាក់ឯកសណ្ឋានជាយោធាមកសាលា ! និងត្រូវរៀនលូន ត្រូវហាត់ប្រាណ ក្រោមសំឡេងកញ្ចែបញ្ជាដោយគ្រូយោធាមកកងពលទាហានជើងគោក។ ត្រូវញ៉ាំអាហារ តាមវិន័យតឹងតែងដូចនៅក្នុងបន្ទាយទាហាន ហើយជាងនេះទៅទៀត កូនសិស្សតូចៗនេះ ត្រូវចេះចាំនិងសូត្របាននូវមេរៀនសីលធម៌ ចំនួន១២មេ ដែលឧត្តមសេនីយ៍ប្រាយុទ្ធចាន់អូចា ប្រមុខរដ្ឋាភិបាលសឹកកំណត់ឱ្យ។ មេរៀនសីលធម៌នេះ រៀបរាប់អំពីការគោរពអាជ្ញាធរ មាតុភូមិ និងទម្លាប់ដែលត្រូវធ្វើ។
មកទល់ពេលនេះ មានឪពុកម្តាយសិស្សតិចតួចណាស់ បានបញ្ចេញប្រតិកម្ម។ សាស្ត្រាចារ្យនៅតាមមហាវិទ្យាល័យជាច្រើន បានចាត់ទុកកម្មវិធីសិក្សាយោធា ថាជាការបំពាក់បំប៉នបំពុលស្មារតី បញ្ចូលមនោគមវិជ្ជា ក្មេងដែលមិនដឹងអី គួរឱ្យខ្មាសអៀនបំផុត។ ប៉ុន្តែគ្មានទេ ប្រតិកម្មជាដុំកំភួននោះ ព្រោះយោធាមានរូបភាពនិងទទួលបានការគោរពខ្លាំងណាស់ក្នុងសង្គមថៃ បើទោះបីជាពួកយោធាធ្លាប់ធ្វើរដ្ឋប្រហារនិងប្រព្រឹត្តអំពើហិង្សាជាញយដងក៏ដោយ។
ម្យ៉ាងវិញទៀត រិះគន់របបសឹក នៅពេលនេះ អាចនឹងត្រូវជាប់ទោសនៅតុលាការ។ ហេតុដូច្នេះហើយបានជាអ្នកដែលមិនពេញចិត្តនឹងកម្មវិធីសិក្សា មិនហ៊ានបញ្ចេញមតិយោបល់ឡើយ។ បញ្ហាមួយដែលអាចចោទខ្លាំងនាពេលនេះ គឺប្រព័ន្ធសិក្សាថៃ ដែលគ្មានចំណាត់ល្អស្រាប់នៅអន្តរជាតិ ព្រោះមិនដែលបំផុសឱ្យសិស្សចេះរិះគន់ ចេះមានស្មារតី មានគំនិតផ្តួចផ្តើមនោះ កាន់តែធ្លាក់ទាបបន្ថែមទៀត ដោយតាំងពីតូចមកគេបង្ហាត់ឱ្យគោរព ធ្វើតាមតែបង្គាប់មនុស្សធំ។
របបយោធានិយមបានរីករាលដាលក្នុងសង្គមថៃកាន់តែខ្លាំងឡើងៗ ប្រព័ន្ធតុលាការក៏ស្ថិតក្រោមអំណាចយោធាកាន់តែច្រើន ការងាររបស់ប៉ូលិសនគរបាលក៏ទាហានទទួលធ្វើ ការត្រួតពិនិត្យក្នុងវិស័យទូរគមនាគមន៍ ក៏ស្ថិតក្នុងកណ្តាប់ដៃយោធា ... ច្បាប់រដ្ឋធម្មនុញ្ញថ្មី បានផ្តល់អំណាចដោយប្រយោលដល់យោធាក្នុងរយៈពេលយ៉ាងហោចក៏៥ឆ្នាំទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ