គ្រុនផ្តាសាយបក្សី ផ្តើមរាតត្បាតជាថ្មី ស្លាប់ម្នាក់នៅ ហុងកុង
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បុរសចំណាស់ហុងកុងម្នាក់បានស្លាប់ ក្រោយពីបានឆ្លងមេរោគគ្រុនផ្តាសាយបក្សី នៅហុងកុង។ ចំណែកនៅជប៉ុនវិញ សត្វមាន់ទា ជាងមួយលានក្បាលត្រូវបានសម្លាប់ចោល។ នៅបារាំង អាល្លឺម៉ង់ អ៊ីរ៉ង់ មេរោគH1N5 -H1N8 ក៏កំពុងបន្តធ្វើការរាតត្បាត នៅតាមកសិដ្ឋានជាច្រើនក្នុងផ្ទៃប្រទេស ដែលជំរុញឱ្យមានការសម្លាប់ចោលសត្វបក្សីរាប់សិបពាន់ក្បាល។
គិតមកត្រឹមថ្ងៃអង្គារមុនេះសោះ កសិដ្ឋានចិញ្ចឹមមាន់ទាបារាំង ចំនួន៤៥កន្លែងបានឆ្លងមេរោគគ្រុនផ្តាសាយបក្សី។ ភ្នាក់ងារសុខាភិបាលប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺសត្វ បានគូសបញ្ជាក់ថា មានប្រទេសចំនួន ១៣ នៅអឺរ៉ុប បានរងការរាតត្បាតគ្រុនផ្តាសាយបក្សីប្រភេទ H1N8 ដែលសត្វបក្សាបក្សីព្រៃជាចម្លងមក។
ក្នុងខណៈដែលរដ្ឋាភិបាលបារាំងក៏ដំឡើងកំរិតគ្រោះថ្នាក់នៃការចម្លងមេរោគផ្តាសាយបក្សី នៅអាល្លឺម៉ងឯណោះអាជ្ញាធរបានប្រកាសបញ្ជាឱ្យសម្លាប់សត្វមាន់ទា ជាង៥៥ពាន់ក្បាល នៅក្នុងកសិដ្ឋានបី នៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានរកឃើញមានដានមេរោគ H1N8 ដ៏មហាឆ្លង។ មិនខុសគ្នានេះដែរ អង្គការសុខភាពសត្វពិភពលោក ក៏បានជូនដំណឹងអំពីកម្ទេចសត្វមាន់ទា ក្ងានរាប់សិបពាន់ក្បាលដែរនៅប្រទេសអ៊ីរ៉ង់។
តែគឺនៅអាស៊ី ដែលជំងឺនេះមានទំហំធំ។ នៅកូរ៉េខាងត្បូង គេក៏សង្កេតឃើញមានការផ្ទុះកើតជំងឺគ្រុនផ្តាសាយបក្សីនេះដែរ តែជាប្រភេទមេរោគខ្លាំងជាង H1N8ទៀត។ ភាពអាសន្នបានដំឡើងដល់កំរិតខ្ពស់បំផុត។ គិតត្រឹមពីថ្ងៃ១៨វិច្ឆិកាមក សត្វមាន់ទាប្រមាណ២៦លានក្បាលយ៉ាងតិចត្រូវសម្លាប់ចោល។
ចាប់តាំងពីបានឃើញខ្មោចសត្វស្លាប់ កាលពីសប្តាហ៍មុនមក រដ្ឋាភិបាលជប៉ុនក៏បានចាត់វិធានការ និងបញ្ជាក់ព័ត៌មានដែរ ពិតជាមានករណីរាតត្បាតជំងឺគ្រុនផ្តាសាយបក្សីនៅក្នុងខេត្តចំនួន៧ របស់ជប៉ុន ដែលជំរុញឱ្យមានកម្ទេចសត្វចិញ្ចឹមមាន់ទា ក្ងាន អស់ជាងមួយលានក្បាល។
កាន់តែធ្ងន់ធ្ងរទៅទៀត គឺនៅហុងកុង។ អាជ្ញាធរបានប្រកាសអំពីករណីទីមួយ នៃការស្លាប់របស់មនុស្ស ដោយសារមេរោគគ្រុនផ្តាសាយបក្សី ប្រចាំរដូវត្រជាក់ថ្មី។ អាយុ៧៥ឆ្នាំ មនុស្សចំណាស់រូបនេះ បានទៅលេងខេត្តខ្វ័ងទុង និងបានទៅផ្សារទិញមាន់ ទើបត្រូវឆ្លងមេរោគH7N9 និងបានស្លាប់កាលពីថ្ងៃអាទិត្យ។ សាច់ញាតិជាង៥០នាក់ដែលមានទំនាក់ទំនងជាមួយបុរសនេះ បាននិងកំពុងទទួលការព្យាបាល និងស្ថិតក្រោមការតាមដានសុខភាពទាំងអស់គ្នា។ តាំងពីលេចមុខនៅឆ្នាំ២០១៣ នៅប្រទេសចិនមកមេរោគH7N9 នៃជំងឺគ្រុនផ្តាសាយបក្សី បានសម្លាប់មនុស្សអស់ជាង២០០នាក់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ