អានតួអត្ថបទ
សហរដ្ឋអាមេរិក-អាស៊ី

ទស្សនកិច្ច​លើក​ដំបូង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​នៅ​អាស៊ី

រដ្ឋមន្រ្តីការពារ​ជាតិ​ថ្មី​របស់​អាមេរិក លោក James Mattisនៅ​ពេល​ធ្វើ​ដំណើរ​មកដល់​មន្ទីរបញ្ចកោន​ថ្ងៃទី ២១​មករា ២០១៧
រដ្ឋមន្រ្តីការពារ​ជាតិ​ថ្មី​របស់​អាមេរិក លោក James Mattisនៅ​ពេល​ធ្វើ​ដំណើរ​មកដល់​មន្ទីរបញ្ចកោន​ថ្ងៃទី ២១​មករា ២០១៧ ©REUTERS/Phil Stewart
ដោយ៖ ឈាង បុប្ផា
១៤ នាទី

ប្រធាន​មន្ទីរបញ្ចកោន​អាមេរិក លោក James Mattis ចេញ​ទៅ​បំពេញ​ទស្សនកិច្ច ជាលើក​ដំបូង ទៅ​និយាយ​ធានា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​អាមេរិក នៅ​អាស៊ី។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារ​ជាតិ​អាមេរិក លោក​James Mattis ត្រូវ​ទៅដល់​ទីក្រុង​សេអ៊ូល នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ២​កុម្ភៈ មុន​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃ​សុក្រ​ស្អែក។ 

ផ្សាយពាណិជ្ជកម្ម

លោក​ James Mattis​ជាមន្រ្តី​ជាន់ខ្ពស់​ដំបូងគេ របស់​រដ្ឋបាល​លោក​ដូណាល់ ត្រាំ ដែលចេញ​ដំណើរ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​បរទេស ដោយ​ចាប់ផ្តើម​មុនគេ នៅ​កូរ៉េខាងត្បូង និង​ជប៉ុន​ដេល​ជា​សម្ព័ន្ធមិត្ត​យុទ្ធសាស្រ្ត​របស់​អាមេរិក នៅ​អាស៊ី។ តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ទីរបញ្ចកោន រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​ទៅ​អាស៊ី ដើម្បី​រឹតចំណង​ជាមួយ​ជប៉ុន និង​កូរ៉េខាងត្បូង សម្ព័ន្ធមិត្ត​ចីរកាល​របស់​អាមេរិក ហើយ​និង​ពង្រឹង​បន្ថែម​សហប្រតិបត្តិការ​យោធា​របស់​ប្រទេស​ទាំង៣។

 
ជប៉ុន និង​កូរ៉េខាងត្បូង សម្ព័ន្ធមិត្ត​ចាស់ឆ្នាំ​របស់​អាមេរិក ធ្លាប់​មាន​ក្តីបារម្ភ នៅពេល​លឺ​បេក្ខជន​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ និយាយ​សន្យា​ជា​សាធារណៈ​ថា លោក​នឹង​ដកទ័ព​អាមេរិក​ចេញ​ពី​កូរ៉េខាងត្បូង និង​ជប៉ុន បើសិន​ប្រទេស​ទាំង​ពីរ​មិន​ព្រម​ជួយចេញ​លុយ​ថ្លៃ​ចំណាយ​យោធា​អាមេរិក​ទេនោះ។ លោក​ដូណាល់ ត្រាំ នៅ​បាន​រិះគន់​ផងដែរ អង្គការ​អូតង់ ថា ហួសសម័យ និង​ជាបន្ទុក​ថវិកា​ធ្ងន់ សម្រាប់​អាមេរិក។

នៅក្រោយ​ជាប់ឆ្នោត លោក​ដូណាល់ ត្រាំ​បាន​ផ្លាស់ប្តូរ​ជំហរ​របស់ខ្លួនវិញ ដោយ​បាននិយាយ​បញ្ជាក់​ទៅ​នាយករដ្ឋមន្រ្តី​ជប៉ុន លោក​ស៊្ហីនហ្សូ អាបេ និង​ប្រធានាធិបតី​កូរ៉េខាងត្បូង ពី​ការសន្យា​របស់​អាមេរិក ដើម្បី​ជួយ​ការពារ​សម្ព័ន្ធមិត្ត​ទាំងពីរ។

ខុស​ពី​ប្រធានាធិបតី​លោក​ដូណាល់ ត្រាំ លោក James Mattis​មិនសូវ​មាត់ក​ច្រើន​នោះទេ។ ប៉ុន្តែ រាល់​លើក លោក​តែង​បញ្ជាក់​ពី​សារៈសំខាន់ មិនអាច​កាត់ថ្លៃ​បាន នៃ​ប្រទេស​សម្ព័ន្ធភាព​អាមេរិក មិនថា អូតង់ ឬ​កូរ៉េខាងត្បូង និង​ជប៉ុន។

តាម​អ្នកទទួលខុសត្រូវ​ម្នាក់​របស់​ក្រសួងការពារ​ជាតិអាមេរិក នៅ​កូរ៉េខាងត្បូង និង​នៅ​ជប៉ុន លោក​ James Mattis​នឹង​ស្តាប់​ច្រើន​ជាង​និយាយ។ ជាមួយ​សមភាគី​ជប៉ុន និងកូរ៉េខាងត្បូង​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​នឹង​ពិភាក្សា​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង ដែល​កំពុង​ចង់​បាញ់​សាកល្បង​មីស៊ីល​ដែល​អាច​បំពាក់​ដោយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ។

ធ្លាប់​ជា​អតីត​មេបញ្ជាការ​កងទ័ព​អាមេរិក នៅក្នុង​សមរភូមិ​ប្រយុទ្ធ ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន និង​អ៊ីរ៉ាក់ លោក​ James Mattis​ត្រូវ​បាន​គេ​ចាត់ទុក​ជា​មេដឹកនាំ​យោធា​ដែល​ដាច់ណាត់ និង​ប្រសិទ្ធិភាព។ លោក​ James Mattis ​នៅ​ធ្លាប់​បាន​និយាយ​ផ្ទុយ​ពី​លោក​ដូណាល់ ត្រាំ ដែល​ចង់​ឲ្យ​ឡើងវិញ ការធ្វើ​ទារុណកម្ម​ដើម្បី​ប្រឆាំង​នឹង​ក្រុមភេរវជន។ លោក​ដូណាល់ ត្រាំ បាន​តមពាក្យ​សំដី​ទៅវិញ បន្ទាប់​ពី​លោក​ James Mattis បាន​និយាយ​ថា លោក​មិន​ឃើញ​ថា ការធ្វើ​ទារុណកម្ម​មាន​ប្រយោជន៍​នោះទេ។ នេះ​អាច​បញ្ជាក់ថា លោក​ប្រធានាធិបតី​អាមេរិក អាច​ជឿស្តាប់ រដ្ឋមន្រ្តីការពារ​ជាតិ​របស់ខ្លួន ដែល​ធ្លាប់​មាន​បទពិសោធន៍​ធ្វើ​សង្រ្គាម គឺ​ខុសពី​លោក​ដែល​មាន​បទពិសោធន៍​ត្រឹម ជា​មហាសេដ្ឋី ធ្វើ​ជំនួញអចលនទ្រព្យ និង​ពិធីករ​ទូរទស្សន៍៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ