អានតួអត្ថបទ
កូរ៉េខាងត្បូង

កូរ៉េខាងត្បូង៖​តុលាការ​សម្រេច​ឃុំខ្លួន​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung ក្នុង​រឿង​ពុករលួយ

​តុលាការ​កូរ៉េខាងត្បូង​សម្រេច​ឃុំខ្លួន​​លោក Lee Yae-Yong (រូបកណ្តាល) កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung ក្នុង​រឿង​ពុករលួយ
​តុលាការ​កូរ៉េខាងត្បូង​សម្រេច​ឃុំខ្លួន​​លោក Lee Yae-Yong (រូបកណ្តាល) កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung ក្នុង​រឿង​ពុករលួយ REUTERS/Ahn Young-joon/Pool
1 នាទី

នៅ​កូរ៉េខាងត្បូង តុលាការ​បាន​សម្រេច​ឃុំខ្លួន​លោក Lee Jae-yong អគ្គនាយករង និង​ជា​កូនប្រុស​ថៅកែ​ក្រុមហ៊ុន Samsung នា​ថ្ងៃ​សុក្រ ទី១៧ កុម្ភៈ។ អ្នក​ស្នងតំណែង​ក្រុមហ៊ុន Samsung រូប​នេះ​បាន​ជាប់ចោទ​ពី​បទ​ប្រព្រឹត្តិ​អំពើ​ពុករលួយ និង​ការ​បង្វែរ​លុយ​ដោយ​ខុស​ច្បាប់​នៅ​ក្នុង​រឿងអាស្រូវ​នយោបាយ ហិរញ្ញវត្ថុ​ជាប់ពាក់ព័ន្ធ​នឹង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ដែល​សភា​បាន​ព្យួរ​តំណែង​ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៦។ អ្នកនាំ​ពាក្យ​របស់​ក្រុមហ៊ុន Samsung បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ ទី១៧ កុម្ភៈ​នេះ​ថា ក្រុ​មហ៊ុន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ប្តឹងឧទ្ធរណ៍ ឬ​មួយ​ក៏​តម្កល់​ប្រាក់​ដើម្បី​សុំ​ការ​ដោះលែង​បណ្តោះអាសន្ន​លោក Lee Jae-yong។

ផ្សាយពាណិជ្ជកម្ម

នៅ​ទីបំផុត និង​បន្ទាប់​ពី​ក្រុមចៅក្រម​បាន​ជជែក​ពិភាក្សា​គ្នា​អស់​ជា​ច្រើន​ម៉ោង​មក តុលាការ​ទីក្រុង​សេអ៊ូល​ក៏​បាន​សម្រេចចិត្ត​ឃុំខ្លួន​លោក Lee Jae-yong ជា​បណ្តោះអាសន្ន។ លោក Lee ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​ក្នុង​បន្ទប់​មួយ​តែ​ម្នាក់​មាន​បំពាក់​ដោយ​ទូរទស្សន៍​មួយ និង​តុ​មួយ​នៅ​ពន្ធនាគារ​ក្រុង​សេអ៊ូល។ មាន​អាយុ ៤៨ឆ្នាំ លោក Lee Jae-yong បាន​ជាប់ចោទ​ពី​បាន​ផ្តល់​លុយ​ចំនួន ៣៨លានដុល្លារ​ទៅ​ឲ្យ​មនុស្ស​ជំនិត​នឹង​លោកស្រី​ប្រធានាធិបតី​ប៉ាក់ គុនហេ​ជា​ថ្នូរ​នឹង​អន្តរាគមន៍​របស់​វិមាន​ប្រធានាធិបតី​នៅ​ក្នុង​នីតិវិធី​ច្របាច់​បញ្ចូល​ចូល​គ្នា​នៃ​សាខា​ពីរ​របស់​ក្រុមហ៊ុន Samsung។

សូម​រម្លឹក​ជូន​ថា​នា​ខែ​មករា​កន្លង​ទៅ តុលាការ​ក្រុង​សេអ៊ូល​ដដែល​បាន​ទាត់ចោល​ដីការ​ចាប់​ខ្លួន​លោក Lee Jae-yong ស្នើ​ដោយ​ក្រុម​រដ្ឋអាជ្ញាពិសេស​ទទួល​បន្ទុក​សំណុំរឿង​នេះ។ តែ​ដោយ​មាន​ភស្តុតាង​ថ្មី​បន្ថែម​ពី​ក្រុម​រដ្ឋអាជ្ញាពិសេស​ក្នុង​ថ្ងៃ​អង្គារ ទី១៤ កុម្ភៈ តុលាការ​ក៏​បាន​សម្រេច​ឃុំ​ខ្លួន​លោក Lee Jae-yong នា​ថ្ងៃ​សុក្រ ទី១៧ កុម្ភៈ​នេះ​តែ​ម្តង។ ប្រតិកម្ម​ភ្លាមៗ អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Samsung បាន​ប្រកាស​ថា ក្រុមហ៊ុន​នៅ​មិន​ទាន់​បាន​សម្រេច​ថា តើ​ត្រូវ​ប្តឹងឧទ្ធរណ៍ ឬ​មួយ​ក៏​តម្កល់​ប្រាក់​ដើម្បី​សុំ​ការ​ដោះលែង​លោក Lee Jae-yong ឲ្យ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន។

ដោយឡែក នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ ក្រុមហ៊ុន Samsung បាន​បដិសេធ​លើ​បទ​ចោទប្រកាន់​រឿង​សូកប៉ាន់​ទៅ​ឲ្យ​លោកស្រី​ប្រធានាធិបតី និង​សង្ឃឹម​ថា ការ​ពិត​នឹង​លេច​ចេញ​នៅ​ក្នុង​ការ​បើក​សវនាការ​នា​ពេល​ខាង​មុខ។ ការ​បដិសេធ​ដូច​គ្នា​នេះ​ក៏​មាន​ពី​លោក Lee Jae-yong កាល​ពី​ថ្ងៃ​ពុធ ទី១៥ កុម្ភៈ​ដែល​ថា Samsung មិន​ដែល​សូកប៉ាន់​ទៅ​ឲ្យ​រូប​ប្រធានាធិបតី​ក្នុង​គោលដៅ​ទទួល​បាន​អ្វី​ត្រឡប់​វិញ​ទេ។ យ៉ាង​ក៏​ណា​ក៏​ដោយ ព្រឹត្តិការណ៍​ចាប់​ខ្លួន​លោក Lee Jae-yong ពេល​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃភាគហ៊ុន Samsung ធ្លាក់​ចំនួន ១,៤%។

គួរ​ជម្រាប​ជូន​ថា​នៅ​ក្នុង​អតីតកាល ថ្នាក់ដឹកនាំ Samsung ក៏​ធ្លាប់​ទទួល​ការ​កាត់ទោស​ក្នុង​រឿងអាស្រូវ​មួយ​ចំនួន​ដែរ តែ​នេះ​ជា​លើកទី១ បង្អស់​នៅ​ក្នុង​ប្រវត្តិ​របស់ Samsung ដែល​មាន​ថ្នាក់ដឹកនាំ​ម្នាក់​ត្រូវ​បាន​គេ​យក​ទៅ​ឃុំ​នៅ​ក្នុង​ពន្ធនាគារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ