អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Sipri៖​ជំនួញ​អាវុធ​ចន្លោះ​ឆ្នាំ ២០១២ និង២០១៦ បាន​កើន​ខ្ពស់​ គិត​តាំង​ពី​ក្រោយ​សង្រ្គាមត្រជាក់

សំឡេង ០៦:២៣
ឡានទាហានវៀតណាម
ឡានទាហានវៀតណាម (@defence-blog.com)
២៩ នាទី

នៅ​ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ​នេះ វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ដើម្បី​សន្តិភាព (Stockholm International Peace Research Institute) ហៅ​កាត់​ថា Sipri បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ទិន្នន័យ​នៃ​ការ​ទិញ លក់​អាវុធ​ក្នុង​លោក​រយៈពេល ៥ឆ្នាំ ពី​ឆ្នាំ ២០១២ ដល់ ២០១៦។ របាយការណ៍​បាន​ឲ្យ​ដឹង​ថា ជំនួញ​គ្រឿងសព្វាវុធ​ក្នុង​លោក​នា​រយៈពេល ៥ឆ្នាំ​ចុង​ក្រោយ​បាន​កើន​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន បើ​គិត​តាំង​ពី​ក្រោយ​សង្រ្គាមត្រជាក់។ យោង​តាម​របាយការណ៍​ដដែល អាស៊ី និង​អូសេអានី​ជា​តំបន់​ដែល​បាន​ចំណាយ​ទិញ​អាវុធ​ច្រើន​ជាង​តំបន់​ផ្សេង​ទៀត​ក្នុង​លោក។ តែ​បើ​គិត​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ អត្រា​នៃ​ការ​លក់​អាវុធ​ក្នុង​លោក​បាន​កើន​ចំនួន ៨,៤%។

ផ្សាយពាណិជ្ជកម្ម

តាម​ទិន្នន័យ​របស់ Sipri ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ ពោល​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ មាន​អាវុធ​គ្រប់ប្រភេទ​ច្រើន​ណាស់​ត្រូវ​បាន​លក់​ក្នុង​លោក។ នេះ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​គេ​កម្រ​ឃើញ​មាន គិត​តាំង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាមត្រជាក់។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​កើន​ឡើង​នៃ​ចំនួន​ប្រទេស​ដែល​អាច​ផលិត​អាវុធ​សម្រាប់​ការពារ​ខ្លួន និង​លក់​ទៅ​ឲ្យ​ប្រទេស​ផ្សេង។ យោង​តាម Sipri មាន​ដល់​ទៅ ៥៧ប្រទេស​ក្នុង​លោក​ដែល​បាន​លក់​អាវុធ​ទៅ​បរទេស ក្នុង​នោះ អាមេរិក​នៅ​បន្ត​ជា​ប្រទេស​ស្ថិត​ចំណាត់ថ្នាក់​ទី១ ខាង​ការ​នាំ​ចេញ​គ្រឿងសព្វាវុធ ដោយ​គ្រប់គ្រង​ចំណែក​ទីផ្សារ​ដល់​ទៅ ១ភាគ៣។

អាមេរិក​លក់​អាវុធ​គ្រប់ប្រភេទ​ទៅ​បរទេស​រួម​មាន យន្តហោះចម្បាំង គ្រាប់មីស៊ីល ឬ​មួយ​ខែលមីស៊ីល​ប្រឆាំង​មីស៊ីល និង​សម្ភារៈបរិក្ខារ​យោធា​ជា​ច្រើន​ទៀត។ តំបន់​មជ្ឈិមបូព៌ា ជា​ទីផ្សារ​ធំ​ជាង​គេ​របស់​អាមេរិក ពិសេស​ប្រទេស​អារ៉ាប៊ីសាអូឌីត។ អឺរ៉ុប​ក៏​ជា​អតិថិជន​របស់​អាមេរិក​ដែរ ព្រោះ​អាវុធ ៣២% បាន​នាំ​ចូល​ពី​អាមេរិក ហើយ​អត្រា​នេះ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​ខាង​មុខ​ជាមួយ​នឹង​ការ​មក​ដល់​នូវ​យន្តហោះ​ចម្បាំង​អាមេរិក F៣៥ នៅ​ក្នុង​កម្លាំង​អូតង់។ បន្ទាប់​ពី​អាមេរិក គឺ​ប្រទេស​រុស្ស៊ី​ដែល​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ​លក់អាវុធ​ចំនួន ២៣%។

ក្នុង​រយៈពេល ១០ឆ្នាំ រុស្ស៊ី​ទទួល​បាន​កិច្ចសន្យា​លក់​អាវុធ​យ៉ាង​ច្រើន​សម្បើម​ទៅ​ឲ្យ​ប្រទេស​ឥណ្ឌា វៀតណាម ចិន និង​ប្រទេស​អាល់ហ្សេរី ហើយ​ក្នុង​រយៈពេល ៥ឆ្នាំ​ខាង​មុខ ការ​លក់​អាវុធ​រុស្ស៊ី​ទៅ​បរទេស​នឹង​កើន​ឡើង​បន្ថែម​ទៀត ជាមួយ​នឹង​កិច្ចសន្យា​ជាមួយ​ប្រទេស​អេហ្ស៊ីប ឬ​មួយ​ក៏​ប្រទេស​អ៊ីរ៉ង់។

ចិន​ស្ថិត​ចំណាត់ថ្នាក់ទី៣ ខាង​នាំ​ចេញ​គ្រឿងសព្វាវុធ​ក្នុង​លោក

ក្រៅ​ពី​ជា​អថិជន ចិន​ក៏​ជា​ប្រទេស​ស្ថិត​ចំណាត់ថ្នាក់​ទី៣ ខាង​នាំ​ចេញ​គ្រឿងសព្វាវុធ​ទៅ​បរទេស បន្ទាប់​ពី​អាមេរិក និង​រុស្ស៊ី។ ចូរ​កុំ​ភ្លេច​ថា ចិន​ដែល​ពី​មុន​ពឹង​តែ​លើ​កម្មវិធី​យោធា​ក្នុង​ជំនាន់​សហភាព​សូវៀត ឬ​មួយ​រុស្ស៊ី​សព្វថ្ងៃ បាន​ផ្តើម​ទៅ​ពឹង​លើ​ការ​ស្រាវជ្រាវ ការ​អភិវឌ្ឍន៍ និង​ការ​ផលិត​អាវុធ​ជាមួយ​នឹង​បច្ចេកវិទ្យា​របស់​ខ្លួន ព្រម​ទាំង​ចាប់​ផ្តើម​បង្កើន​ការ​លក់​អាវុធ​របស់​ខ្លួន​ទៅ​បរទេស ពិសេស​ទៅ​ឲ្យ​ទ្វីបអាហ្រ្វិក។ គ្រាន់​តែ​ក្នុង​រយៈពេល​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ ការ​លក់​អាវុធ​ចិន​ទៅ​អាហ្រ្វិក​បាន​កើន​ជាង ១២២%។ បន្ទាប់​មក នៅ​មាន​ប្រទេស​អាស៊ី​ជា​ច្រើន​ផ្សេង​ទៀត​ដែល​បាន​ទិញ​អាវុធ​របស់​ចិន។

ចំណែក​នៅ​អឺរ៉ុប​ត្រូវ​បាន​របាយការណ៍ Sipri បញ្ជាក់​ថា បារាំង និង​អាល្លឺម៉ង់​ជា​ប្រទេស​នាំ​ចេញ​គ្រឿងសព្វាវុធ​ស្ថិតលំដាប់​ទី៤ បន្ទាប់​ពី​ចិន​ដោយ​មាន​ចំណែក​គ្រប់គ្រង​ទីផ្សារ​ពី ៥ ទៅ ៦%។ តាម​ធម្មតា អាល្លឺម៉ង់​ត្រូវ​ស្ថិត​ចំណាត់ថ្នាក់ទី៣ ខាង​នាំ​ចេញ​គ្រឿងសព្វាវុធ តែ​អាល្លឺម៉ង់​បាន​បាត់បង់​ចំណាត់ថ្នាក់​នេះ​វិញ​ដោយសារ​តែ​ការ​លក់​អាវុធ​របស់​ខ្លួន​ទៅ​បរទេស​បាន​ធ្លាក់​ចុះ ៣៦% ក្នុង​រយៈពេល​ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦។

ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​ទិញ​អាវុធ​ច្រើន​ជាង​គេ​ក្នុង​លោក
អាស៊ី​ត្រូវ​បាន Sipri ចាត់​ទុក​ជា​តំបន់​ដែល​បាន​នាំ​ចូល​គ្រឿងសព្វាវុធ​ច្រើន​ជាង​គេ​ក្នុង​រយៈពេល ៥ឆ្នាំ ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦ ហើយ​ឥណ្ឌា​ជា​ប្រទេស​ស្ថិត​ចំណាត់ថ្នាក់ទី១ បន្ត​ដោយ​ក្រុមប្រទេស​នៅ​តំបន់​ឈូងសមុទ្រ​ពែស្ស។ រីឯ​ប្រទេស​អឺរ៉ុប​ដែល​ធ្លាក់​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​តាំង​ពី​ឆ្នាំ ២០០៨ ក៏​បាន​ផ្តើម​កាត់​បន្ថយ​ការ​ចំណាយ​របស់​ខ្លួន​ក្នុង​វិស័យ​ការពារជាតិ។ តាម Sipri ឥណ្ឌា​ជា​ប្រទេស​ដែល​បាន​ចំណាយ​លុយ​ទិញ​អាវុធ​ច្រើន​ជាង​គេ​ក្នុង​លោក ព្រោះ​ក្នុង​រយៈពេល ១០ឆ្នាំ​កន្លង​ទៅ ការ​នាំ​អាវុធ​ចូល​បាន​កើន​ឡើង ៤៣%។ ការ​ដែល​ឥណ្ឌា​បាន​ទិញ​អាវុធ​ច្រើន​ពី​បរទេស​ក៏​ដោយសារ​តែ​ឥណ្ឌា​នៅ​មិន​ទាន់​អាច​ផលិតអាវុធ​ដែល​មាន​បច្ចេកវិទ្យាទំនើប និង​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៅ​ឡើយ។

នៅ​មជ្ឈិមបូព៌ា អារ៉ាប៊ីសាអូឌីត​ជា​ប្រទេស​ដែល​បាន​បង្កើន​ការ​ទិញ​គ្រឿងសព្វាវុធ​១គុណជា៣ ក្នុង​រយៈពេល ៥ឆ្នាំ​កន្លង​ទៅ និង​បន្ត​ដោយ​ប្រទេស​កាតា។ នៅ​ទ្វីប​អាហ្រ្វិក​ជា​លក្ខណៈ​ទូទៅ ការ​នាំ​អាវុធ​ចូល​មាន​ការ​ធ្លាក់​ចុះ ៦,៦% ពី​ឆ្នាំ ២០១២ ដល់​ឆ្នាំ ២០១៦។ តែ​នៅ​ក្នុង​តំបន់ Maghreb ការ​ប្រជែង​គ្នា​ខាង​សព្វាវុធ​កំពុង​បន្ត​មាន ព្រោះ​គ្រាន់​តែ​ប្រទេស​អាល់ហ្សេរី​ម្នាក់​ឯង​បាន​គ្រប់គ្រង​ចំណែក​ទីផ្សារ ៤៦% នៅ​ក្នុង​តំបន់ បន្ត​ដោយ​ប្រទេស​ម៉ារ៉ុក​ចំនួន ១៥%។ នៅ​ក្នុង​តំបន់​អាហ្រ្វិក​សាហារ៉ា ប្រទេស​ដែល​ទិញអាវុធ​ច្រើន​ជាង​គេ គឺ​នីហ្សេរីយ៉ា ស៊ូដង់ និង​អេត្យូពី​ដែល​ជា​ប្រទេស ៣ ស្ថិត​ក្នុង​តំបន់​ជម្លោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ