កូរ៉េខាងជើង ៖ ត្រកូលគីម បែកមែកសាខាល្អ តែងាយបាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:៣២
កើតជាសមាជិកគ្រួសារក្នុងត្រកូលអ្នកកាន់អំណាច នៅកូរ៉េខាងជើង ពិតជាភព្វល្អ និងមានអភ័យឯកសិទ្ធិខ្ពស់ណាស់ ! ប៉ុន្តែទន្ទឹមនឹងសំណាងដ៏ត្រដែតត្រដឹមនោះ ក៏មានសមាជិកគ្រួសារជាច្រើននាក់ផ្សេងទៀត ត្រូវបានព្រលះចេញ មិនឱ្យរស់រៀនក្បែរ បែកសាខាជាត្រកូលគ្រួសារដ៏ធំឡើយ។ ការកម្ចាត់គ្នាក្នុងត្រកូល ដែលបង្ហាញថា រស់ក្នុងត្រកូល “គីម” ក៏ជាការប្រឈមនឹងគ្រោះហានិភ័យខ្លាំងដែរ។
ឃាតកម្មសម្លាប់ លោក គីម ជុងណាម បងប្រុសម្តាយទីទៃ របស់ប្រមុខគីម ជុងអ៊ុន កាលពីថ្ងៃចន្ទទី ១៣កុម្ភៈ នៅក្រុងគូឡាឡាំពួរ ត្រូវបានសេអ៊ូលចាត់ទុកជាស្នាដៃរបបព្យុងយ៉ាង។ ប្រសិនបើកូរ៉េខាងជើង ពិតជានៅពីក្រោយអំពើឃាតកម្មនេះមែន នោះកូនចៅត្រកូលគីម ផ្សេងទៀត គួរតែព្រួយបារម្ភនឹងអាយុជីវិតរបស់ខ្លួនហើយ ! គីម ជុងអ៊ុន ផ្ទាល់ ក៏ភ័យខ្លួនដែរ ! ព្រោះជាមួយនឹងការដឹកនាំបែបផ្តាច់ការរបស់គីម ជុងអ៊ុន ឥស្សរជនកំពូលៗរបស់ព្យុងយ៉ាងមួយចំនួន ទំនងជាចាប់ផ្តើមនឹកផ្អួចៗចង់ប្តូរប្រមុខដឹកនាំប្រទេស។ នេះបើតាមការអះអាងរបស់អតីតអ្នកការទូតកូរ៉េខាងជើងម្នាក់ ដែលបច្ចុប្បន្នបានក្លាយជាអ្នកជំនាញស្តីពីកិច្ចការកូរ៉េខាងជើង ប្រចាំទីក្រុងសេអ៊ូល។
ប៉ុន្តែក្នុងដំណាក់កាលជាក់ស្តែងពេលនេះ មនុស្សដំបូងគេបង្អស់ ដែលត្រូវព្រួយបារម្ភ គឺកូនប្រុសរបស់លោក គីម ជុងណាម ឈ្មោះថា គីម ហានសុល ដែលបើគិតពីការបន្តត្រកូល គឺជាគូប្រជែងសំខាន់បំផុតរបស់ប្រមុខគីម ជុងអ៊ុន។
ពេលនេះ គីម ជុងណាម ជាឪពុកបានស្លាប់ គេពិតជាអាចគិតថាកូនប្រុសគាត់ក៏កំពុងស្ថិតក្នុងគ្រោះថ្នាក់ដែរ។ គេមិនដឹងថាសព្វថ្ងៃនេះ ហានសុល ដែលមានអាយុ២១ឆ្នាំ ធ្លាប់ទៅសិក្សានៅបូស្នី និងនៅសាលាវិទ្យាសាស្ត្រនយោបាយបារាំង រស់នៅទីណាទេ។ តែគ្រួសារគាត់បានមករស់នៅយូរហើយលើទឹកដីចិន ម៉ាកាវ។
អ្នកវិភាគជំនាញកូរ៉េខាងជើងខ្លះ យល់ថា ចិនការពារគ្រួសារ គីម ជុងណាម នេះខ្លាំងណាស់ ក្នុងគំនិតមួយថាជាអ្នកបន្តតំណែងពីគីមជុងអ៊ុន ក្នុងករណី... ចិនការពារ គីម ជុងណាម និងកូនចៅ ! ការនេះរឹតតែធ្វើឱ្យប្រមុខគីមជុងអ៊ុន កាន់កាន់តែស្អប់ខ្ពើមបងខ្លាំងថែមទៀត។
គីមជុងណាម កូនប្រុសច្បងរបស់ប្រមុខគីមជុងអ៊ីល ធ្លាប់ត្រូវបានគេប្រមើលឃើញថាអ្នកត្រូវស្នងតំណែងបន្តពីឪពុក និងទំនងជាបានសាកល្បងសុំសិទ្ធិជ្រកកោននយោបាយនៅកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក ដែលព្យុងយ៉ាងពិតជាមិនអាចអនុគ្រោះឱ្យបានឡើយ។ កាលពីពីរបីឆ្នាំមុន គីម ជុងណាម ធ្លាប់បាននិយាយរិះគន់របបព្យុងយ៉ាងទៅកាន់អ្នកកាសែតបរទេសទេ។ ចំណែក គីម ហានសុល ជាកូនប្រុស ក៏ធ្លាប់បានផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ហ្វាំងឡង់ ជាភាសាអង់គ្លេស ថា គីមជុងអ៊ុន ជាឪពុកមា ជាមនុស្សផ្តាច់ការ ! ហើយឪពុកលោកមិនចាប់អារម្មណ៍នឹងនយោបាយទេ តែលោកចង់ទៅជួយពលរដ្ឋណាស់ និងស្រមៃចង់ត្រលប់ទៅប្រទេសកំណើតវិញដើម្បីជួយសម្រួលជីវិតប្រជាជន។
ក្រោយបទសម្ភាសន៍នេះ លោក គីម ហានសុល បានបាត់មុខ សំងំលាក់ខ្លួនឈឹង។ តែពេលនេះ មានគេធ្វើឃាតឪពុក គីមហានសុល នឹងចេញមុខរិះគន់របបព្យុងយ៉ាងជាថ្មី។ គីម ហានសុល ដឹងច្បាស់ដែរថាអាយុជីវិតខ្លួនរងការគំរាមកំហែង។ ប៉ុន្តែឃាតកម្មសម្លាប់ គីម ជុងណាម មិនមែនជាករណីដំបូងក្នុងត្រកូលគីមឡើយ។
ឪពុកមាថ្លៃដែលជាអ្នកចិញ្ចឹមបីបាច់អប់រំ គីម ជុងអ៊ុន លោកចង់សុងថែក ត្រូវបានកាត់ទោសប្រហារជីវិត កាលពីថ្ងៃទី ១២ធ្នូ ២០១៣ ពីបទក្បត់ និងពុករលួយ។ លោក ចង់សុងថែកនេះ ក៏ធ្លាប់ការពារ និងលួចជួបឧបត្ថម្ភថវិកាគីមជុងណាម ពេលរស់និរទេសនៅចិន។ នៅឆ្នាំ១៩៩៧ ជីដូនមួយរបស់គីមជុងណាម ម្នាក់ត្រូវឃាតករពីរនាក់វាយសម្លាប់នៅមុខផ្ទះ នាក្រុងសេអ៊ូល ព្រោះតែបានផ្តាច់ខ្លួនមកកូរ៉េខាងត្បូង និងបានសរសេរសៀវភៅលម្អិតពីជីវិតឯកជននៃត្រកូលគីម។
សមាជិកគ្រួសារត្រកូលគីម ដែលមិនមែនជាគ្រោះថ្នាក់ មិនមែនជាអ្នកប្រជែងអំណាច ត្រូវបានបញ្ជូនឱ្យទៅរស់នៅឆ្ងាយ។ លោកគីម ព្យុងអ៊ីល អាយុ៦២ឆ្នាំ ជាប្អូនប្រុសពៅរបស់លោក គីមជុងអ៊ីល រស់នៅតែបរទេសទេ ក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ។ លោកក៏ធ្លាប់ត្រូវបានគេគិតជាស្នងតំណែងពីបងប្រុសម្នាក់ដែរ ហើយបច្ចុប្បន្នលោកជាឯកអគ្គរដ្ឋទូតប្រចាំសាធារណរដ្ឋឆែក។ ប៉ុន្តែសូមកុំនិយាយពីឈ្មោះនេះឱ្យសោះ នរណាហ៊ានរាប់អានល្អូកល្អើនជាមួយ គីម ព្យុងអ៊ីល ពិតជាប្រថុយប្រថានពេកណាស់។
គីមជុងអ៊ុន មានបងប្រុសបង្កើតម្តាយរួមគ្នាម្នាក់ អាយុ៣៥ឆ្នាំ ឈ្មោះ ជុងចល ដែលក៏រស់នៅបរទេសដែរ។ គេទើបបានស្គាល់មុខកូនម្នាក់នេះនៅឆ្នាំ២០១៥ ប៉ុន្តែ ជុងចល រស់និរទេសខ្លួនក្រោមការឃ្លាំមើលឥតដាច់ ប្រព្រឹត្តគ្រឿងស្រវឹង និងមានរោគចិត្ត។ ជាបងប្រុសមែន ប៉ុន្តែគ្មានថ្ងៃចូលប្រលូកនយោបាយទេ អតីតមន្ត្រីទូតកូរ៉េខាងជើងប្រចាំក្រុងឡុងដ៍ទើបផ្តាច់ខ្លួនទៅកូរ៉េខាងត្បូង បានអះអាងថា បើ គីម ជុងចល កើតក្នុងត្រកូលធម្មតា គេអាចក្លាយជាអ្នកភ្លេងហ្គីតាដ៏ល្បី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ