ចិន​សម្ពោធ​បើក​តំបន់​ផ្តោះប្តូរពាណិជ្ជកម្ម​​សេរីម្តង​​ ៧​កន្លែង

កំពង់ផែ Yangshan ក្នង​តំបន់​ផ្តោះប្តូរ​សេរីនៃ​ក្រុង Shanghai.
កំពង់ផែ Yangshan ក្នង​តំបន់​ផ្តោះប្តូរ​សេរីនៃ​ក្រុង Shanghai. REUTERS/Carlos Barria

បួន​ឆ្នាំ​ក្រោយ​ពី​ការ​បង្កើត​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​សេរី នៅ​ក្រុង​សៀងហៃ នៅ​ថ្ងៃ​សៅរ៍​ទី ១ មេសានេះ ចិន​បាន​សម្ពោធ​បើក​តំបន់​ផ្តោះប្តូរ​សេរី ចំនួន​៧ កន្លែង​ ផ្សេង​ទៀត។ តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ថ្មី​នេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ក្បាល​ម៉ាស៊ីនថ្មី សម្រាប់​អូសទាញ​កំណើន​​សេដ្ឋកិច្ច​​ចិន។

ផ្សាយពាណិជ្ជកម្ម

​បន្ថែម​ពី​លើ​តំបន់​ផ្តោះប្តូរ​សេរី​​ដែល​ចិន​មាន​ស្រាប់ ចំនួន​៤ នៅតាម​បណ្តោយ​ឆ្នេរ​ខាង​កើត​ប្រទេស ចិន​នៅ​ថ្ងៃ​នេះ​ បាន​បើក​សម្ពោធ​ឱ្យ​ប្រើប្រាស់​តំបន់​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ទាំង​៧ថ្មី​​ទៀត។ តែ​ម្តង​នេះ ​មជ្ឈមណ្ឌល​បាន​ទៅ​បោះ​​ទីតាំង នៅ​ប៉ែក​ខាង​លិចប្រទេស​ ដែល​ពុំ​សូវ​មានការ​អភិវឌ្ឍន៍។ ជា​ជម្រើស​យុទ្ធសាស្ត្រ​សម្រាប់​ផ្តល់​សន្ទុះនិង​ដង្ហើម​ថ្មី​ដល់​ភាគ​ខាង​លិច​ក្រីក្រផង និង​ការ​បើក​ផ្លូវ​​ឆ្ពោះ​ទៅ​ខាង​ផ្លូវ​សូត្រ ផ្លូវ​ពាណិជ្ជកម្ម​ចាស់​បូរាណ​ជាមួយ​បណ្តា​ប្រទេស​ជិត​ខាង​នៅ​អឺរ៉ុប​កណ្តាល​ផង។

តំបន់នីមួយៗ មាន​ផ្ទៃ​ដី​ ​លាត​សន្ធឹង​ទំហំ​​ប្រមាណ​ជាង​មួយ​គីឡូម៉ែត្រ​ការ៉េ។ ក្រុមហ៊ុន​បរទេស​អាចនាំ​ចេញ​ផលិតផល​របស់​ខ្លួន និង​ធ្វើ​សេវាកម្ម​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ​ ដោយ​បង់​ពន្ធ​ទាប​ ឬ​ដោយ​គ្មាន​បង់​ពន្ធ​សោះ​តែ​ម្តង​ផង។

បើ​តាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ចិន ការ​បើក​មជ្ឈមណ្ឌល​ផ្តោះប្តូរ​សេរី​ថ្មី​នេះ ជា​ការ​បញ្ជាក់​អំពី​ឆន្ទៈ​ពិត​របស់​អាជ្ញាធរ​ក្រុង​ប៉េកាំង ក្នុង​នយោបាយ​បើក​ចំហ​សេដ្ឋកិច្ច​ជាតិ។ កាលពី​ខែ​មករា នៅ​ក្នុងជំនួប​ក្រុង​ដាវ៉ូស ប្រធានាធិបតី​ចិន លោក ស៊ីជីនពីង បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ដ៏ភ្ញាក់ផ្អើល​មួយ ដែល​ផ្តោត​លើ​នយោបាយ​សេរីនិយម។ របប​ក្រុង​ប៉េកាំង​មើល​ឃើញ​ការ​បើក​ចំហ​សេដ្ឋកិច្ច​បែប​សេរីនិយម​ ថា​ជា​ការ​ទាក់ទាញ​អ្នក​វិនិយោគ​បរទេស​ ឱ្យ​ចូល​ទៅបោះទុន​នៅក្នុង​ទឹក​ដី​ចិន និង​បញ្ចុះ​បញ្ចូល​ពួក​គេ​ឱ្យ​បន្ត​រក​ស៊ី​នៅ​ចិន ដើម្បី​អាច​បំពេញ​កង្វះ​ខាត​ធនធាន​ បង្ក​ឡើង​ដោយ​ការ​ធ្លាយ​ទុន​ទៅ​ក្រៅ​ប្រទេសដ៏​សន្ធឹក​សន្ធាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI