ឥណ្ឌា-បង់ក្លាដែស

ឥណ្ឌា​ផ្តល់​ប្រាក់កំចី ដើម្បី​ចែចង់​បង់ក្លាដែស

នាយករដ្ឋមន្រ្តី​ឥណ្ឌា ទទួល​លោកស្រី​ហាស៊ីណា នាយករដ្ឋមន្រ្តី​បង់ក្លាដែស ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់​ពី​ថ្ងៃទី ៧​ដល់​ថ្ងៃទី ១០​មេសា ២០១៧
នាយករដ្ឋមន្រ្តី​ឥណ្ឌា ទទួល​លោកស្រី​ហាស៊ីណា នាយករដ្ឋមន្រ្តី​បង់ក្លាដែស ដែល​ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌា ចាប់​ពី​ថ្ងៃទី ៧​ដល់​ថ្ងៃទី ១០​មេសា ២០១៧ © Prakash SINGH / AFP

រដ្ឋាភិបាល​ឥណ្ឌា នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន​សម្រេច​ផ្តល់​ប្រាក់​កម្ចី​ប្រមាណ ៤ពាន់ ៥រយ​លាន​ដុល្លារ ដល់​ប្រទេស​បង់ក្លាដែស។ នៅក្រោយ​ជំនួប​ទ្វេរភាគី​ជាមួយ​លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស លោក​ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​ប្រកាស​ផងដែរ ពី​ទឹកប្រាក់​៥០០​លាន​ដុល្លារ ដែល​ឥណ្ឌា ឲ្យ​បង់ក្លាដែស​ខ្ចី សម្រាប់​វិស័យ​កងទ័ព​បង់ក្លាដែស។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​អំឡុង​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល ៤​ថ្ងៃ នៅ​ប្រទេស​ឥណ្ឌា លោកស្រី​នាយករដ្ឋមន្រ្តី​បង់ក្លាដែស ស្ហែក ហាស៊ីណា​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​ក្រាល​កម្រាល​ព្រំ​ក្រហម ទទួល​យ៉ាងរាក់ទាក់។ នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ភាគី​ទាំងពីរ ឥណ្ឌា និង​បង់ក្លាដែស​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ចំនួន​២២ ដែលនៅ​ក្នុង​នោះ​មាន​ផងដែរ វិស័យ​បច្ចេកវិទ្យា​ថាមពល​នុយក្លេអ៊ែរ​ស៊ីវិល។

 
នៅក្នុង​សន្និសីទ​កាសែត ដែល​ធ្វើឡើង នៅក្រោយ​ការចុះហត្ថលេខា​រវាង​ភាគី​ទាំងពីរ​លោក​នាយក រដ្ឋមន្រ្តី​ឥណ្ឌា ណារិនដ្រា ម៉ូឌី​បាន​ប្រកាស​ឲ្យ​ដឹង​ពី​សម្បទាន​ប្រាក់​កម្ចី​៤ពាន់ ៥រយលាន​ដុល្លារ សម្រាប់​ឲ្យ​បង់ក្លាដែស​យក​ទៅ​អភិវឌ្ឍ​គម្រោង​សំខាន់ៗ​នៅ​ក្នុង​ប្រទេស។ តាម​លោក​ណារិនដ្រា ម៉ូឌី ឥណ្ឌា នឹង​ផ្តល់ផងដែរ ប្រាក់កំចី ៥០០​លាន​ដុល្លារ សម្រាប់​វិស័យ​ការពារ​បង់ក្លាដែស។ អាច​និយាយ​ថា សំភារៈ សព្វាវុធ​របស់​កងទ័ព បង់ក្លាដែស នឹង​ត្រូវ​ផ្គត់ផ្គង់​ដោយ​ប្រទេស​ឥណ្ឌា។

នៅ​ក្នុង​ទស្សនកិច្ច​៤​ថ្ងៃ បង់ក្លាដែស​នឹង​ទទួល​បាន​ប្រាក់កំចី ដោយ​មិន​បាច់ប្រឹង នៅពេល​ដែល​ឥណ្ឌា ប៉ង​ចង់​បាន​តែមួយគត់ គឺអូសទាញ​ប្រទេស​ជិតខាង​មួយនេះ ឲ្យ​មក​ស្ថិតនៅ​ក្រោម​ឥទ្ធិពល​របស់ខ្លួន។ ឥណ្ឌា​ដែល​បាន​ផ្តល់​ប្រាក់កំចី​រាប់ពាន់​លាន​ដុល្លារ ក៏​ដើម្បី​ទាក់ទាញ​ទឹកចិត្ត បង់ក្លាដែស ដែល​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​បាន​ជាប់​នុយ​សន្ទូច របស់​ក្រុង​ប៉េកាំង។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោកប្រធានាធិបតីស៊ី ជីនពីង នៅ​ខែ​តុលា ប្រទេស​ចិន​បាន​ប្រកាស​ផ្តល់​ប្រាក់​កម្ចី ២៤​ពាន់​លាន​ដុល្លារ​ដល់​បង់ក្លាដែស ដែល​ចិន​បាន​ចាត់ទុក​ជា​ដៃគូ​យុទ្ធសាស្រ្ត ដើម្បី​បង្កើត​ខ្សែ​ក្រវ៉ាត់ ផ្លូវសូត្រ របស់​ចិន នៅ​អាស៊ី​ខាងត្បូង។ វត្តមាន និង​ឥទ្ធិពល​របស់​ចិន ដែល​កាន់តែ​រីកធំ​ឡើង នៅ​ប្រទេស​ជិតខាង ក្បែរ​មាត់ទ្វារ​ឥណ្ឌា មិន​មែន​ជា​ដំណឹង​ល្អ​សម្រាប់​ឥណ្ឌា នោះទេ។

ឥណ្ឌា​មាន​ព្រំដែន​ជាប់​ជាមួយ​បង់ក្លាដែស ប្រមាណ ជាង ៤ពាន់​គីឡូម៉ែត្រ។ លោក​ណារិនដ្រា ម៉ូឌី​បាន​ធ្លាប់​បាន​ព្យាយាម​រឹតចំណង​មិត្តភាព​ជាមួយ​បង់ក្លាដែស ដោយ​បាន​ចុះកិច្ចព្រមព្រៀង ជា ប្រវត្តិសាស្រ្ត ដោះដូរដីភូមិ​ នៅ​តាមព្រំដែន​ជាមួយ​បង់ក្លាដែស នៅ​ឆ្នាំ ២០១៥។ បង់ក្លាដែស​នឹង​រៀបចំ​ការបោះឆ្នោត​សភា នៅ​ឆ្នាំ ក្រោយ។ ដោយ​ផ្តល់​ប្រាក់កំចី​ទៅ​បង់ក្លាដែស លើកនេះ រដ្ឋាភិបាល​ឥណ្ឌា​ដឹងថា ដើម្បី​ឈ្នះឆ្នោត លោកស្រី​​នាយករដ្ឋមន្រ្តី​បង់ក្លាដែស​មិន​អាច​ត្រលប់​ចូល​ប្រទេស ដោយ​ដៃទទេ​នោះ​ទេ។ នាយករដ្ឋមន្រ្តី​បង់ក្លាដែស លោកស្រី​ហាស៊ីណា មានសមាន​ចិត្ត ច្រើនទៅ​រក​ឥណ្ឌា ព្រោះថា ឪពុក​របស់​លោកស្រី ធ្លាប់​ត្រូវ​បាន​រដ្ឋាភិបាល​ឥណ្ឌា​ជួយ​ជ្រោមជ្រែង ឲ្យ​ទាមទារ​ឯករាជ្យ បាន​សម្រេច​ពី​ប៉ាគីស្ថាន នៅ​ឆ្នាំ ១៩៧១៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI