ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើអាមេរិក​នឹង​ធ្វើ​អ្វី បើសិន​កូរ៉េខាងជើង​ផ្គើន​បាញ់សាកល្បង​អាវុធ​នុយក្លេអ៊ែរ?

សំឡេង ០៧:១៦
លោក​គីម ជុងអ៊ុន​អញ្ជើ់ញ​អ្នកកាសែត​បរទេស​ឲ្យ​ចូល​ទៅ​មើល​ស្នាដៃ​សំណង់​អគារ​នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ១៣​មេសា ២០១៧
លោក​គីម ជុងអ៊ុន​អញ្ជើ់ញ​អ្នកកាសែត​បរទេស​ឲ្យ​ចូល​ទៅ​មើល​ស្នាដៃ​សំណង់​អគារ​នៅទីក្រុង​ព្យុងយ៉ាង នៅថ្ងៃទី ១៣​មេសា ២០១៧ ©REUTERS/Damir Sagolj

កូរ៉េខាងជើង​បាន​ត្រៀមរួចរាល់​ទីតាំង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ។ នេះ​បើតាមរូបភាព​ផ្កាយរណប​បង្ហាញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣​មេសា ដោយ​វិបសៃតិ៍​អាមេរិកាំង 38 North ដែល​តាមដាន​សកម្មភាព​យោធា​របស់​កូរ៉េខាងជើង។ អ្នកជំនាញ​វាយតម្លៃ​ថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង គ្រាប់បែក​នុយក្លេអ៊ែរ​លើក​ទី ៦ នា​ឱកាស​បុណ្យ​ខួបកំណើត​លោក​គីម អ៊ីលស៊ុង ជីតា​របស់​លោក​គីមជុងអ៊ុន​នៅ​ថ្ងៃ​សៅរ៍​ទី ១៥​មេសា។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​សៅរ៍​ខាងមុខ កូរ៉េខាងជើង​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ខួប​កំណើត​ ១០៥​ឆ្នាំ របស់​ស្ថាបនិក​កូរ៉េខាងជើង គឺ​លោក​គីម អ៊ីលស៊ុង ដែល​ជា​ជីតា របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន។ បើ​សិន​ទីតាំង​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ត្រៀមខ្លួន​រួចរាល់ហើយ មានន័យថា កូរ៉េខាងជើង​នឹង​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ នៅ​ថ្ងៃ​បុណ្យខួបកំណើត​ជីតា​របស់មេដឹកនាំ​គីម ជុងអ៊ុន។ កន្លងមក នៅពេលរៀបចំ​ពិធី​បុណ្យ​ជាតិ​សំខាន់ កូរ៉េខាងជើង តែង​បាញ់​សាកល្បង​មីស៊ីល ដើម្បី បង្អួត បច្ចេកវិទ្យា និង​កម្លាំង​យោធា​របស់ខ្លួន។

បើសិន​កូរ៉េខាងជើង​នៅ​តែ​ផ្គើន​អាច​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​មែន នោះ អាមេរិក​ប្រហែល​មិន​ជ្រើស​យក​ជម្រើស​យោធា ដើម្បី​ឆ្លើយតប​នឹង​កូរ៉េខាងជើង​ទេ។ កូរ៉េខាងជើង​មិនមែន​ស៊ីរី ដែល​អាមេរិក​បាន​បាញ់​គ្រាប់មីស៊ីល​មួយប្រាវ​ហើយ ក៏​ចប់​នោះទេ។ កូរ៉េខាងជើង​ដែល​មាន​កងទ័ព និង​សព្វាវុធ​សន្ធឹកសន្ធាប់​បាន​ព្រមាន​រួចហើយ​នឹង​ធ្វើ​សង្រ្គាម​នុយក្លេអ៊ែរ ដើម្បី ដើម្បី​វាយបក ប្រឆាំង​នឹង​ការវាយប្រហារ ឈ្លានពាន​ណាមួយ​របស់​អាមេរិក។
 

មេដឹកនាំ​កូរ៉េខាងជើង​ថត​ជាមួយ​កងទ័ព​នៅថ្ងៃ​ទី ១​មេសា ២០១៧
មេដឹកនាំ​កូរ៉េខាងជើង​ថត​ជាមួយ​កងទ័ព​នៅថ្ងៃ​ទី ១​មេសា ២០១៧ KCNA/via REUTERS

អាមេរិក​ដឹងថា ផ្លូវយោធា ទោះ​ជា​មួយ​ជំហាន​តូច ដោយ​បាញ់​មីស៊ីល​ព្រមាន​កូរ៉េខាងជើង គឺ​នឹង​អាច​បណ្តាលមាន​សង្រ្គាម​ផ្ទុះឆាបឆេះ នៅ​ឧបទ្វីប​កូរ៉េ​ទាំងមូល។ គេជឿថា បើមើល​តាម​កម្លាំង​ទ័ព​កូរ៉េខាងជើង ដែល​ឈរជើង​នៅ​តាមព្រំដែន កូរ៉េទាំងពីរ កូរ៉េខាងជើង​នឹង​អាចបាញ់​ខ្ទេចខ្ទីរ​ទីក្រុង​សេអ៊ូល បើសិន​មាន​ការផ្ទុះអាវុធ​ណាមួយ ចាប់ផ្តើម​ឡើង​ដោយ​អាមេរិក។ រដ្ឋបាល​អាមេរិក របស់លោក​ដូណាល់ បាន​បញ្ជូន​កងនាវា​ចម្បាំង​ទៅ​ឧបទ្វីបកូរ៉េ ដើម្បី គ្រាន់តែ​កំញើញ​ប៉ុណ្ណោះ ពោល​គឺ​អាមេរិក​នៅ​មិនទាន់​ត្រៀមខ្លួន ហើយ​ក៏​មិន​ចង់​ប្រឈមមុខ​ធ្វើ​សង្រ្គាម​ជាមួយ​កូរ៉េខាងជើង​ដែរ។ តាម​មន្រ្តី​របស់​សេតវិមាន ដែល​បាន​និយាយ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អង់គ្លេស​Reuters រដ្ឋបាល​អាមេរិក​អាច​ជ្រើសរើស​យក​ជម្រើស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជា​ជាង​ប្រើ​ជម្រើស​យោធា ក្នុង​ករណី​ដែល​កូរ៉េខាងជើង​នៅ​តែ​ហ៊ាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ម្តងទៀតនោះ។ ម្យ៉ាងវិញទៀត រដ្ឋបាល​លោក​ដូណាល់ ត្រាំ សង្ឃឹម​ច្រើន​ថា លោក​ប្រធានាធិបតី​ចិន នឹង​ជួយ​អាមេរិក ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង។

លោកដូណាល់ ត្រាំ ប្តូរជំហរ​១៨០ដឺក្រេ លែង​ចោទប្រកាន់​ចិន ដូចមុន
នៅក្នុង​ជំនួប​ជាមួយ​លោក​ស៊ី ជីនពីង ប្រធានាធិបតី​ចិន លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​និយាយ​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​ចិន និង​អាមេរិក គឺ​មាន​ចំណងទាក់ទង​គ្នា ជាមួយ បញ្ហា​កូរ៉េខាងជើង។ សម្រាប់​អ្នកជំនាញ​មួយចំនួន លោកដូណាល់ ត្រាំ អាច​បំភ្លេច​ចោល​ទំនាស់​ពាណិជ្ជកម្ម​ជាមួយ​ចិន ដែលនៅក្នុង​នោះ​លោក​ដូណាល់ ត្រាំ ធ្លាប់​បាន​រិះគន់ ចោទ​ចិន ថា បាន​ដើរ​ខ្សែ​លើ​អាមេរិក ក្នុង​ពេល​ដោះដូរ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។

ក្នុង​ទំនាក់ទំនង​ជាមួយ​ចិន លោក​ដូណាល់ ត្រាំ បាន​ប្តូរទស្សនៈ និង​ជំហរ​សឹង ១៨០​ដឺក្រេ។ នៅក្នុង​សន្និសីទ​កាសែត ថ្ងៃ​ម្សិលមិញ ជាមួយ​អគ្គលេខាធិការ​អង្គការ​អូតង់ ពោល​គឺ​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​និយាយ​ទូរស័ព្ទ ជាមួយ លោក​ប្រធានាធិបតី​ស៊ី ជីនពីង លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ ខុសពី​បេក្ខជន​ដូណាល់ ត្រាំ នៅក្នុង​យុទ្ធនាការ​បោះឆ្នោត គឺ​លែង​ចោទប្រកាន់​ចិន​មុន ក្នុង​រឿង​បញ្ចុះតម្លៃ​លុយយ័ន​ទៀតហើយ។ ផ្ទុយទៅវិញ លោកដូណាល់ ត្រាំ​បាន​អះអាង លោក​ចុះសម្រុងគ្នា​ខ្លាំង​ណាស់​ជាមួយ​លោក​ស៊ីជីនពីង។ លោក​ស៊ី ជីនពីង​ដែល​លោក​ដូណាល់ ត្រាំ​រំពឹងថា នឹង​ជួយ​អាមេរិក​ដើម្បី​ដោះស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង។

សម្រាប់​លោក​ដូណាល់ ត្រាំ ចិន​បោះមួយជំហាន​ទៅមុខ​ដើម្បី​ចូលរួម​ដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង។ ជាក់ស្តែង គឺ​កប៉ាល់​ដឹកធ្យូងថ្ម​របស់​កូរ៉េខាងជើង​ទាំង​ប៉ុន្មាន​ត្រូវ​បាន​អាជ្ញាធរ​ចិន បដិសេធ​មិន​ឲ្យ​ចូល ចាក់​លក់ នៅកំពង់ផែ​ចិន នៅ​ខេត្ត លាវនីង។ ចិន​បាន​បោះឆ្នោត​នៅ​ក្រុមប្រឹក្សា​សន្តិសុខ ដើម្បី​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​កូរ៉េខាងជើង ប៉ុន្តែ ចិន​ដែល​ជា​ដៃគូ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង ត្រូវ​បាន​អាមេរិក​ចោទថា មិន​បាន​ធ្វើ​សកម្មភាព​ជាក់ស្តែង ម៉ត់ចត់ ដើម្បី​ដាក់​ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​របស់ខ្លួននោះទេ។ ធនាគារ​របស់​ចិន​មួយចំនួន​ត្រូវ​រកឃើញ​ថា បាន​ជួយ​បិទបាំង ដើម្បី​ឲ្យ​របបព្យុងយ៉ាង​មាន​លទ្ធភាព​ធ្វើ​ជំនួញ​នៅ បរទេស ដើម្បី​បាន​ទុនទៅ​អភិវឌ្ឍ ទំនើបកម្ម​សព្វាវុធ និង​កងទ័ព​កូរ៉េខាងជើង។

ចិន​គ្មាន​ជម្រើស​ត្រូវ​ដាក់​សម្ពាធ​មួយគ្រា លើ​សម្ព័ន្ធមិត្ត​របស់ខ្លួន
ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ធ្វើ​ឲ្យ​ចិន​ទើសចិត្ត​ខ្លាំងណាស់ នោះ បើ ទោះបី​ជា​ចិន ចង់​​ការពារ មិន​ឲ្យ​កូរ៉េខាងជើង​ដួលរលំ។ ចិន​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​ខ្លាំង មិន​ប្រាថ្នា​ចង់​បាន​ទេ អស្ថិរភាព នៅក្នុង​ប្រទេស​ជិតខាង​របស់ខ្លួន និង​ក្នុង​តំបន់។ ចិន​ជឿថា បើសិន​របបព្យុងយ៉ាង​ដួលរលំ ជួប​អស្ថិរភាព​នយោបាយ នោះ​ចិន​នឹង​ត្រូវ​ទទួល​ថ្មបាក់ ព្រោះ ចិន​ត្រូវ​រងគ្រោះ ទទួល​ជនភៀសខ្លួន​កូរ៉េខាងជើង​រាប់លាន ដែល​អាច​រត់​ទៅជ្រក ក្នុង​ទឹកដី​របស់​ចិន។ ចិន​រឹត​តែ​មិន​ចង់​បានទៅទៀត ភ្នក់ភ្លើង​សង្រ្គាម ដែល​បង្កាត់ឡើយ ដោយសារ​តែ​ជម្លោះ​រវាង​កូរ៉េខាងជើង និង​ក្រុមសម្ព័ន្ធមិត្ត​របស់​អាមេរិក។

មួយវិញទៀត ចិន​ក៏​មិន​ចង់​ឲ្យ​ប្រទេស​ជិតខាង​តូចតាច​របស់ខ្លួន ដូចជា​កូរ៉េខាងជើង​ ក្លាយ​ជា​មហា​អំណាច​នុយក្លេអ៊ែរ​ដូចខ្លួនដែរ។ កាលណា​កូរ៉េខាងជើង​អាច​មាន​នុយក្លេអ៊ែរ នោះ​ជប៉ុន ដែល​ជា​សត្រូវ​របស់​ចិន ក៏​នឹង​អាច​រកលេស ដើម្បី​បំពាក់​អាវុធ​នុយក្លេអ៊ែរ​នឹង​គេដែរ។

ចាប់តាំង​ពី​កូរ៉េខាងជើង ចូលដឹកនាំ​ដោយ​គីម ជុងអ៊ុន ចិន​ឧស្សាហ៍​កើតក្តី​ក្រហាយ ព្រោះថា ដោយសារ​តែ​ការបាញ់​សាកល្បង​មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ របស់​កូរ៉េខាងជើង ទើប​បាន​ជា​អាមេរិក​មាន​លេស តាំងខែល​មីស៊ីលនៅក្បែរ​មាត់ទ្វារ​ផ្ទះ​ចិន។ ចិន​ចាត់ទុក​ប្រព័ន្ធ​ខែលមីស៊ីល​របស់​អាមេរិក គ្រោះថ្នាក់​សម្រាប់​យុទ្ធសាស្រ្ត​យោធា​ចិន។ ចិន​ដឹងថា សកម្មភាព​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ជាមធ្យោបាយ​រស់រាន​តែមួយ​គត់​របស់​របបនេះ ប៉ុន្តែ ចិន​គ្មានជម្រើស ទេ គឺ​ត្រូវ​តែលះបង់ ​សុខចិត្ត​ធ្វើតាម​អាមេរិក​ខ្លះហើយ។ ប៉ុន្តែ នៅក្នុង​កាលៈទេសៈនេះ ប្រតិកម្ម​របស់​ចិន គឺ​ហាក់យឺតពេល​ទៅហើយ។ គេ​សង្កេតឃើញថា កូរ៉េខាងជើង​របស់​លោកគីម ជុងអ៊ុន លែង​ស្តាប់​ប៉េកាំង​ដូចមុនទៀតហើយ។ លោកគីម ជុងអ៊ុន ដែល​មិនធ្លាប់​ធ្វើដំណើរ​​ទៅ​ទីក្រុង​ប៉េកាំងសោះ​ បាន​បញ្ជារ​ឲ្យ​គេ​បាញ់​សាកល្បង មួយលើក​ជាពីរលើក មីស៊ីល និង​គ្រាប់បែក​នុយក្លេអ៊ែរ ល្មើស​មិនស្តាប់​ការអំពាវនាវ​របស់​រដ្ឋាភិបាល​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI