អានតួអត្ថបទ
កូរ៉េខាងត្បូង

ប្រធានាធិបតី​​កូរ៉េខាងត្បូងជាប់ឆ្នោត​​​​ថ្មី​ ​Moon Jae-In​ ជា​​នរណា ?​

លោក Moon Jae-In និង​ភរិយា​
លោក Moon Jae-In និង​ភរិយា​ Reuters
ដោយ៖ ព្រំ សឿន សូលីណា
1 នាទី

ថ្ងៃអង្គារ​៩ឧសភា​នេះ ប្រជាជន​​កូរ៉េខាងត្បូង​បាន​បោះឆ្នោត​ជ្រើស​យក​លោក Moon Jae-In ​ជា​​បេក្ខជន​​បក្ស​ប្រជាធិបតេយ្យ​និន្នាការ​ឆ្វេង អោយឡើង​ធ្វើ​ជា​ប្រធានាធិបតី​ថ្មី ជំនួស​លោកស្រី​ប៉ាក់ គុនហេ ដែល​​ត្រូវបាន​ទំលាក់​ពីតំណែង​ដោយសារ​រឿង​ពុករលួយ។ សម្លេង​គាំទ្រលោក​មូន មាន​ប្រមាណ​៤១,៤ភាគរយ ​ឈ្នះ​បេក្ខជន Hon Joon-pyo មកពី​បក្ស​អភិរក្ស​និយម​របស់​លោកស្រី​ប៉ាក់ គុនហេ។  

ផ្សាយពាណិជ្ជកម្ម

លោក​Moon Jae-In អាយុ​៦៤ឆ្នាំ ​បាន​ធ្វើ​ជា​ប្រធានាធិបតីកូរ៉េខាងត្បូង​​ថ្មី​ សមតាម​បំណង​ហើយ ក្រោយ​លោកស្រី​ប៉ាក់ គុនហេ ​ខ្ទាត​ពីតំណែង​ដោយសារ​រឿង​ពុករលួយ​មក។ ​លោក​មូន ​ជា​បេក្ខជន​​បក្ស​​ប្រជាធិបតេយ្យ​និន្នាការ​ឆ្វេងនិយម ធ្លាប់​ចាញ់ឆ្នោត​​​លោកស្រី​ប៉ាក់ គុនហេ កាលពី​ឆ្នាំ២០១២។

​លោក Moon Jae-In ​​​កើត​​ឆ្នាំ​១៩៥៣ នៅ​កោះ Geoje ភាគខាងត្បូង ​ក្នុង​សម័យ​សង្គ្រាម​កូរ៉េ។ ខុសពី​​លោកស្រី​ ​​​ប៉ាក់ គុនហេ ដែលជាកូនស្រី​របស់​អតីត​ប្រធានាធិបតី​ប៉ាក់ ជុងអ៊ី ​លោក​ Moon Jae-In ​ ​កើត​ចេញ​ពី​​គ្រួសារ​ក្រីក្រ។ ឧពុក​ម្តាយ​​​​​លោក​​​ជា​​ជន​ភៀសខ្លួន​​មកពី​កូរ៉េខាងជើង។ ជីវិត​កុមារភាព​​របស់​លោក​មិន​សំបូរ​សប្បាយ​ដូចគេ​ទេ។ ​លោកធ្លាប់ប្រាប់ថា ពេល​លោក​នៅជា​ទារក ម្តាយ​លោក​បាន​ដាក់​លោក​នៅលើខ្នង ក្នុងពេល​គាត់​​​​​លក់ពងមាន់ពងទា នៅ​ក្រុង​​កំពង់ផែ​ប៊ូសាន។

​Moon Jae-In ​ធ្លាប់​ធ្វើ​ជា​​មេធាវី​ការពារ​សិទ្ធិមនុស្ស ជា​អ្នកផុសផុល​ការពារ​​​ប្រជាធិបតេយ្យ​។ កាល​ពី​លោកមូន​​នៅជា​និស្សិត​ ​លោក​​ធ្លាប់​ត្រូវ​អាជ្ញាធរ​​ចាប់ខ្លួន​ប៉ុន្មាន​ដង​ហើយ ដោយសារ​​​លោក​​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​របប​​ផ្តាច់ការ​របស់​លោក​ប៉ាក់ ជុងអ៊ី ដោយសារ​លោក​ការពារ​ប្រជាធិបតេយ្យ​ខ្លាំងពេក។ ​គេស្គាល់ថា លោក​ Moon Jae-In ជា​មិត្តភក្តិ​ ជា​អ្នកជំនិត​នឺងអតីត​ប្រធានាធិបតី​​Roh Tae-Woo។ អតីត​ប្រធានាធិបតី​​​រូបនេះ​ ​​បាន​ធ្វើអត្តឃាត​ នៅ​ឆ្នាំ២០០៩ ពេល​តុលាការ​បើក​ការ​អង្កេត​ពី​បទ​ពុករលួយ​​​​ជាប់ពាក់ព័ន្ធ​នឹង​អ្នកជំនិត​របស់​គាត់។

ដោយឡែក ​លោក​មូន ធ្លាប់​ធ្វើ​ជាប្រធាន​ខទ្ទកាល័យ​​របស់លោក​​​Roh ពេល​លោកRohជាប់ឆ្នោត​​ឆ្នាំ២០០២។​ ​លោក​ធ្លាប់ជួយរៀបចំ​ជំនួប​កំពូលមេដឺកនាំ​កូរ៉េខាងត្បូង​និង​​​​​មេដឺកនាំ​កូរ៉េខាងជើង​គឹម ជុងអ៊ីល កាលពី​ឆ្នាំ២០០៧។ ​

លោក​ Moon Jae-In ​​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ថ្មី នៅ​កូរ៉េខាងត្បូង​ពេលនេះ ក៏ដោយសារ​លោកស្រី ប៉ាក់ គុនហេ ត្រូវ​ទំលាក់​ពី​តំណែង ពាក់ព័ន្ធ​រឿង​អាស្រូវ​ពុករលួយ​ដែរ។​ លោកស្រី​ប៉ាក់ រង​ការ​ចោទប្រកាន់​ពីបទ​បំពាន​អំណាច ប្រើសិទ្ធិ​ប្រធានាធិបតី​​​ទទួល​សំណូក​ពី​​​ពី​រោងចក្រ​សហគ្រាស ​​ទំលាយ​ព័ត៌មា​នសំងាត់​​ជាតិ​​ជាដើម។ ប្រជាជន​កូរ៉េខាងត្បូង​សម្រេច​អោយ​លោក​ Moon Jae-In ដែល​ចាញ់​ឆ្នោត​លោកស្រី ប៉ាក់ គុនហេ កាលពី​ឆ្នាំ​២០១២ អោយ​លោក​មក​កាន់អំណាច​វិញម្តង ព្រោះ​ប្រជាជន​លែង​អាច​ទ្រាំ​​មើល​ការ​​​ឃុបខិត​រវាង​អ្នកដឺកនាំ​និង​សហគ្រាស​រកស៊ី ដែល​​ជាបញ្ហា​រ៉ាំរ៉ៃ​ទៀតហើយ។ ​

ប្រធានាធិបតី​ជាប់ឆ្នោត​ថ្មី Moon Jae-In ​មាន​រូបភាព​ស្អាតស្អំ មិនដែល​ជាប់​​រឿង​អាស្រូវ​ពុករលួយ​ទេ។ លោក​បាន​​ប្រឡូក​នយោបាយ ធ្វើជា​តំណាងរាស្ត្រ​ក្នុងឆ្នាំ​២០១២​។ លោក​មូន​សន្យា​បង្កើត​ការងារ​ធ្វើ​អោយ​ប្រជាជន​ ពិសេស​ការងារ​រដ្ឋ។ លោក​ក៏ត្រៀម​ចរចា​ឡើងវិញ​ជាមួយ​កូរ៉េខាងជើង​ ដើម្បី​កាត់បន្ថយ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ដែរ។ លោក​មូន ​ចង់​អោយ​កូរ៉េខាងត្បូង​​​ឃ្លាតឆ្ងាយ​ពី​អាមេរិក​​វិញ​បន្តិច។ ​​លោក​ធ្លាប់​ប្រាប់ថា បើ​លោក​ជាប់ឆ្នោត លោក​នឹង​ឈានជើង​ទៅ​កូរ៉េខាងជើង ​​មុននឹង​ទៅ​អាមេរិក។ លោក​ធ្លាប់​សរសេរ​សៀវភៅ​ ​ប្រើ​ឃ្លា​ប្រយោគ​ថា ​កូរ៉េខាងត្បូង​​​ត្រូវរៀនប្រើពាក្យ​បដិសេធ​នឹង​អាមេរិក៕  ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ