ឥណ្ឌូណេស៊ី-ហ្វីលីពីន

ឥណ្ឌូណេស៊ី៖មាន​ទាហាន​ជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ១២០០​នាក់ នៅ​ហ្វីលីពីន

ទាហាន​ហ្វីលីពីន​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួកឧទ្ទាម​អ៊ីស្លាមជ្រុុលនិយម​ដែល​ភ្ជាប់​ខ្លួន​ទៅនឹង​អង្គការ​រដ្ឋអ៊ីស្លាម ក្រុមជីហាត​ភេរវនិយម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់
ទាហាន​ហ្វីលីពីន​ដែល​កំពុង​ប្រយុទ្ធប្រឆាំង​នឹង​ពួកឧទ្ទាម​អ៊ីស្លាមជ្រុុលនិយម​ដែល​ភ្ជាប់​ខ្លួន​ទៅនឹង​អង្គការ​រដ្ឋអ៊ីស្លាម ក្រុមជីហាត​ភេរវនិយម​នៅ​ស៊ីរី និង​អ៊ីរ៉ាក់ ©REUTERS/Romeo Ranoco
ដោយ៖ ឈាង បុប្ផា
១៦ នាទី

អង្គការ​រដ្ឋអ៊ីស្លាម​មាន​ទាហាន​​ស្មោះស្ម័គ្រ​របស់ខ្លួន​ប្រមាណ ជាង​១ពាន់​នាក់នៅក្នុង​ទឹកដី​ហ្វីលីពីន។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី នៅ​ថ្ងៃអាទិត្យទី ៤​មិថុនា នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ដែល​កំពុង​រៀបចំ​ធ្វើ​នៅ​ប្រទេស​សិង្ហបុរី។

ផ្សាយពាណិជ្ជកម្ម

ទាហាន​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាមប្រមាណ ១២០០​នាក់ មាន​វត្តមាន​ ​នៅក្នុង​ទឹកដី​ហ្វីលីពីន។ នៅក្នុង​ចំណោម​ក្រុមប្រដាប់​អាវុធ​បរទេស​ដែល​ជាសមាជិក​របស់អង្គការ​រដ្ឋអ៊ីស្លាម មាន​ប្រមាណ ៤០​នាក់ជាជនជាតិ​ឥណ្ឌូណេស៊ី។ រដ្ឋមន្រ្តី​ការពារ​ជាតិ​ឥណ្ឌូណេស៊ី​ លោក​ Ryamizard Ryacudu បាន​បញ្ចេញ​ព័ត៌មាន​នេះ នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ​ ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​សិង្ហបុរី។ “នៅយប់​មិញនេះ ​គេ​បាន​រាយការណ៍​ប្រាប់​ខ្ញុំ​ថា សមាជិក​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម ប្រមាណ ១២០០​នាក់ កំពុង​ស្ថិតនៅ​ក្នុង​ប្រទេស​ហ្វីលីពីន”។ នេះ​ជា​ប្រសាសន៍​របស់​លោក​Ryamizard Ryacudu។

 
ការគំរាមកំហែង​ធ្វើ​ភេរវកម្ម ការវិលត្រលប់​ចូល​ប្រទេស​របស់​ជនជាតិ​អាស៊ី​អាគ្នេយ៍ ដែល​បាន​ចេញ​ទៅ​ប្រយុទ្ធ​ក្នុង​ជួរ​ពួក​ជីហាត អង្គការរដ្ឋអ៊ីស្លាម នៅ​ប្រទេស​ស៊ីរី និងអ៊ីរ៉ាក់ ជា​ប្រធាន​បទ​សំខាន់​ដែល​គេ​លើ​ក​យក​ទៅ​ពិភាក្សា​នៅក្នុង​សន្និសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ដែល​មាន​ចូលរួម​ផងដែរ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​ជែម ម៉ាទីស។

នៅក្នុង​សន្នីសីទ​អន្តរជាតិ​ស្តីពី​សន្តិសុខ ប្រមុខការពារ​ជាតិ​ឥណ្ឌូណេស៊ី ​បាន​អំពាវនាវ​ឲ្យមាន​​ការសហការ​គ្នា ក្នុង​តំបន់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមទាហាន​បរទេស ដែល​កំពុង​ប្រយុទ្ធ​ដើម្បី​បុព្វហេតុ​ក្រុម​ភេរវនិយម អង្គការ​រដ្ឋអ៊ីស្លាម។ តាម​​លោក​ Ryamizard Ryacudu គេ​ត្រូវ​តែ​រក​មធ្យោបាយ និង​​ប្រយ័ត្ន​ប្រយែង​​ខ្ពស់ ព្រោះថា ទាហាន​ប្រយុទ្ធ​របស់​ក្រុមជីហាត គឺជា​​ម៉ាស៊ីន​សម្លាប់​មនុស្ស។ “គោលដៅ​របស់ពួកអង្គការ​រដ្ឋអ៊ីស្លាម គឺ​សម្លាប់​មនុស្ស។ អីចឹង​ហើយ​បាន​គេ​ត្រូវ​តែ​រក​វិធី​ធ្វើការ​រួមគ្នា ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត​បរទេស​ទាំងនោះ”​។

អនុរដ្ឋមន្រ្តី​​ការពារ​ជាតិ​ហ្វីលីពីន​ឯណោះវិញ​ជឿ​ថា ក្រុមជីហាត​មិន​មាន​ចំនួន​ច្រើន​ដល់​១២០០​នាក់ ដូច​ការអះអាង​របស់​សមភាគី​ឥណ្ឌូណេស៊ីនោះទេ។ លោក​Ricardo Davis វាយតម្លៃថា ទាហាន​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​មានចំនួន​ប្រមាណ ពី ២៥០​ ទៅ​៤០០​នាក់​ប៉ុណ្ណោះ ឬ​ក៏​តិច​ជាងនេះ​ក៏មាន។ យ៉ាងណាក៏ដោយ​លោក​ទទួលស្គាល់​ថា មាន​ក្រុមទាហាន​អ៊ីស្លាម​បរទេស​ប្រមាណ ៤០​នាក់ កំពុង​ចូលរួម​ប្រយុទ្ធកៀកស្មា ​ជាមួយ​ពួកឧទ្ទាម​ហ្វីលីពីន នៅទីក្រុង​ម៉ារ៉ាវី របស់​កោះ​មីនដាណាវ ជាទី​ដែល​ការប្រយុទ្ធគ្នា យ៉ាងហិង្សា រវាង​ពួក​ឧទ្ទាម និង​​កងទ័ព​រដ្ឋាភិបាល​ហ្វីលីពីន បាន​សម្លាប់​មនុស្ស​១៧៧​នាក់ ក្នុង​រយៈពេល​ ២​សប្តាហ៍​។

អាជ្ញាធរ​ហ្វីលីពីន​ធ្លាប់​បាន​ប្រកាស​​រួចហើយ​ថា ពួកទាហាន​បរទេស ដែល​មក​ពី​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី​ យេម៉ែន អារ៉ាប៊ី សាអូឌីត និង​ឆេឆិនី ​បានចូលរួ​ម​​ប្រយុទ្ធ​ក្រុង​ជួរ​របស់​​ពួកឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម​ហ្វីលីពីន នៅទីក្រុង​ម៉ារ៉ាវី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI