កូរ៉េខាងត្បូង-ចិន

កូរ៉េ​​ខាង​​ត្បូង​​លើក​​ផ្អាក​​ការ​​ពង្រាយ​​ប្រព័ន្ធ​​ខែល​​មីស៊ីល​​របស់​​អាមេរិក​​នៅ​​លើ​​ទឹកដី​​ខ្លួន​​

ប្រព័ន្ធមីស៊ីលអាមេរិក​ THAAD
ប្រព័ន្ធមីស៊ីលអាមេរិក​ THAAD 网络照片

កូរ៉េ​​ខាង​​ត្បូង​ ផ្អាក​​ការ​​ពង្រាយ​​ប្រព័ន្ធ​ខែល​​មីស៊ីល​​របស់​​អាមេរិក​​ដើម្បី​​រង់ចាំ​មើល​​លទ្ធផល​​​នៃ​​ការ​​វាយតម្លៃ​​មួយ​​ដែល​​ពាក់ព័ន្ធ​​​ពី​​ផល​ប៉ះ​ពាល់​​របស់​​វា​​​ទៅ​​លើ​​បរិស្ថាន​​ តាម​ការ​បញ្ជារ​​របស់​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​ថ្មី​​លោក ​​Moon Jaed-In -​នេះ ​ជា​​សេចក្តី​​ជូន​ដំណឹង​​របស់​​ការរិយាល័យ​​ប្រធានាធិបតី​​កូរ៉េ​​ខាង​​ត្បូង​​នៅ​ថ្ងៃ​ពុធ​ទី​៧​​មិថុនា។​​ 

ផ្សាយពាណិជ្ជកម្ម

 

នៅ​មុន​ពេល​ឡើង​កាន់​មុខ​តំណែងនៅខែឧសភា លោក​ប្រធានាធិបតី​ថ្មី​កូរ៉េ​ខាង​ត្បូង​និន្នាការ​ឆ្វេង​កណ្តាល​និយម​ បាន​បង្ហាញ​នូវ​ជំហរ​មិន​សូវ​ចង់​ឲ្យ​មាន​ការ​ពង្រាយ​ប្រព័ន្ធ​ខែលមីល​របស់​អាមេរិក​​ឈ្មោះ Thaad ​នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង​ដែល​ជូន​ដំណឹង​ដោយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​មុន​ខាង​បក្ស​អភិរក្ស​និយម។

ប្រព័ន្ធ​ខែល​មីស៊ីល​២​គ្រឿង ត្រូវ​បាន​អាមេរិក​នាំ​ចូល​ទៅ​ដំឡើង​នៅ​​ស្រុក​មួយ​នៅ Seongju  ក្នុង​ភាគ​ខាង​ត្បូង​ប្រទេស​និង​ត្រូវ​​បាន​​ប្រជាជន​នៅទីនោះ ​សម្តែង​ការ​ប្រឆាំង​យ៉ាង​ខ្លាំងក្លា​ពីព្រោះ​ពួក​គេ​យល់​​ឃើញ​ថា​ជា​ការ​គំរាមមួយ​ដល់​បរិស្ថាន។​​

គួររំលឹកថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក Thaad នៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង​នេះ ក្នុង​​គោលដៅ​​ដើម្បី​ប្រឈម​ទល់​នឹង​ការ​គំរាម​នានា​របស់​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ឲ្យ​ប្រទេស​ចិន​មាន​កំហឹង​យ៉ាងខ្លាំងក្លា​។ ពីព្រោះ ទីក្រុង​ប៉េកាំង​ ចាត់​ទុកថា ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក​នេះ ​ជា​ឧបករណ៍​យកការណ៍​និង​គំរាម​កំហែង​យុទ្ធសាស្ត្រ​យោធា​របស់​ចិន​។

ជា​ដៃ​គូ​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន បាន​ចាត់​វិធានការ​មួយ​ចំនួន​ដែល​ទីក្រុង​សេអ៊ូល​ចាត់ទុក​ដូច​ជា​ទណ្ឌកម្ម​សេដ្ឋកិច្ច​មកលើ​ប្រទេស​ខ្លួនដែរ។ទន្ទឹមនេះ​ អ្នក​ទទួល​ខុសត្រូវ​មួយ​រូប​នៃ​ការ​រិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ប្រកាស​ថ្លែង​ថា “​​ប្រព័ន្ធ​ខែល​មីស៊ីល​ទំាង​ពីរ​ដែល​បាន​ដំឡើង​រួច​ហើយ​នោះ ពុំ​​ចាំ​បាច់​ដក​ចេញ​វិញ​ទេ ផ្ទុយ​ទៅ​វិញ រាល់​ការ​ដំឡើង​ប្រព័ន្ធ​មីស៊ីល Thaad ថ្មី​ៗ​បន្ថែម​ទៀត​នោះ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​​នៅ​ខណៈ​ពេល​ដែល​ការ​វាយតម្លៃ​ទៅ​លើ​ផល​ប៉ះពាល់​នៅ​លើ​បរិស្ថាន បាន​ចប់រួច​រាល់​ហើយ​​"។

ការ​​​ព្យួរ​​នូវ​​ការ​​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក​នេះ ត្រូវ​បាន​​ប្រព្រឹត្ត​​ទៅ​ ២​​ថ្ងៃ​បន្ទាប់ពី​ការ​ជូនដំណឹង របស់​​ប្រធានាធិបតី​​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង អំពី ការ​​បើក​​ស៊ើប​អង្កេត​មួយ​ប្រកប​ដោយ​​​ជំហរ​ដ៏​​​ល្អ​​ត្រឹមត្រូវ​មួយ​នៅ​លើ​ផលប៉ះពាល់​បរិស្ថាន​ដែល​អាច​បណ្តាល​មកពី​ការដាក់​ពង្រាយ​ប្រព័ន្ធខែលមីស៊ីល Thaad​។​ សូមបញ្ជាក់ថា​ប្រព័ន្ធ​ខែល​មីស៊ីល​ Thaad ​ចំនួន​​៤ ​គ្រឿង​​ទៀតត្រូវ​​បាន​​នាំ​​ចូល​ក្នុង​​​កូរ៉េ​ខាង​ត្បូង​​នៅ​មុន​ពេល​លោក​ Moon Jae In ឡើង​កាន់​មុខ​តំណែង​​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​ ​ហើយ​​​បច្ចុប្បន្ននេះ  ​ត្រូវ​​បានគេ​​​ស្តុក​ទុក​នៅ​លើ​មូលដ្ឋាន​យោធា​​អាមេរិក​នៅ​ក្នុង​ប្រទេស​​កូរ៉េ​ខាង​ត្បូង​​ដែល​ ក៏​មាន​វត្តមាន​​កង​ទ័ព​អាមេរិក ចំនួន​ប្រមាណ​​​២ ម៉ឺន​​៨ ៥០០​​នាក់ ដាក់​​ប្រចាំការ​​​ដែរ។​​​ ពីព្រោះទីក្រុង​វ៉ាស៊ីនតោននិង​សេអ៊ូល​ បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា​ដោយសារ​សន្ធិសញ្ញា​សន្តិសុខមួយ ​ចា​ប់តាំងពីសង្គ្រាម​នៅ​ឧបទ្វីប​​កូរ៉េ​តាំងពីឆ្នាំ​១៩៥០ រហូតដល់ឆ្នាំ១៩៥៣​ ។​​​​

ចំណែក​កងទ័ព​កូរ៉េ​ខាង​ត្បូង​វិញ​​ ក៏​​ត្រូវ​ទទួល​រង​នូវ​ការ​រិះគន់​​មិន​ស្ទើរ​ដែរ​​​នៅ​ខណៈ​ដែល​វិមានប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ បាន​ចោទ​ប្រកាន់​ថា កងទ័ព​បាន​លាក់​ព័តមាន​ដោយចេតនា​អំពី​​ការ​នាំ​ចូល​ប្រព័ន្ធ​ខែល​មីស៊ីល​អាមេរិក​មក​ក្នុង​ទឹកដី​កូរ៉េ​ខាង​ត្បូង។ ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​​ទទួល​ខុសត្រូវ​មួយ​រូប​​នៃ​ក្រសួង​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង ត្រូវ​​បាន​គេដកចេញ​ពី​មុខ​តំណែង​ដែរ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI