អានតួអត្ថបទ

ថៃផ្អាក​ការ​អនុវត្ត​ច្បាប់​ថ្មី​ស្តី​ពី​ការប្រឆាំងនឹង​​អន្តោប្រវេសន៍​ខុសច្បាប់

ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​
ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ចាប់​ឃាត់​ខ្លួន​ នគរបាលជាតិ
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

របប​សឹក​ថៃ ដែល​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ថៃ បាន​ប្រកាស​ នៅ​យប់​មិញ ព្យួរ​ការ​អនុវត្ត​ច្បាប់​ថ្មី​ប្រឆាំង​នឹង​អន្តោប្រវេសន៍​​ខុស​ច្បាប់។ ការ​សម្រេច​បែប​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​មាន​អន្តោប្រវេសន៍​ជា​ច្រើន​ពាន់​នាក់​រត់​ចេញ​រួច​ទៅ​កាន់​ប្រទេស​ជិត​ខាង ដោយ​ខ្លាច​អាជ្ញាធរ​សឹក​ចាប់​ខ្លួន ឬ​ត្រូវ​បង់​ពិន័យធ្ងន់ធ្ងរ។

ផ្សាយពាណិជ្ជកម្ម

របប​សឹក​ថៃ បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ ព្យួរ​​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អន្តោប្រវេសន៍​រយៈ​ពេល​១២០​ថ្ងៃ​សិន​។ ច្បាប់​នេះ​បាន​ចូល​ជាធរមាន កាលពី​ថ្ងៃ​ទី ២៣​មិថុនា និង​បាន​បង្ក​ឱ្យ​ភាព​ជ្រួលច្របល់​យ៉ាង​ខ្លាំង ក្នុង​រង្វង់​ពលករ​អន្តោប្រវេសន៍​ខុស​ច្បាប់​ផង និង​អ្នក​ជួល​កម្មករ​ទាំង​នោះ​ផង។

បើ​តាម​ការ​លម្អិត​របស់​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ ទៅ​កាន់​អ្នក​កាសែត ក្នុង​រយៈ​ពេល​ព្យួរ​ច្បាប់​នេះ នឹង​គ្មាន​ទេ​ការ​ចាប់​ខ្លួន ឬ​ការ​បង្ក្រាប​ប្រឆាំង​នឹង​អន្តោប្រវេសន៍​ខុស​ច្បាប់​ លើក​លែង​តែ​តែ​ជន​នោះ​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់​ទាក់ទង​នឹង​ការ​ជួញដូរ​មនុស្ស។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​សឹក​ថៃ បាន​ប្តូរ​ចិត្ត​ ងាក​មក​សម្រេច​ផ្អាកការ​អនុវត្ត​ច្បាប់វិញ ក៏​ព្រោះ​តែ​ ក្នុង​រយៈ​ពេល​ពេញ​មួយ​សប្តាហ៍​កន្លង​ទៅ​នេះ ពលករ​អន្តោប្រវេសន៍​ខុស​ច្បាប់​ប្រមាណ​រាប់​ពាន់​នាក់ បាន​នាំ​រត់​ចាក​ចេញ​ពី​ថៃ ទៅ​កាន់​ប្រទេស​ភូមា ឬ​កម្ពុជា​ ដោយ​ហេតុ​តែ​ខ្លាច​អាជ្ញាធរ​ថៃ ចាប់​ខ្លួន​ ឬ​ចាប់​បង្ខំ​ពួក​គេ​ឱ្យ​បង់​ពិន័យ​ជា​ប្រាក់​ដែល​អាច​មាន​តម្លៃ​ដល់​ទៅ​៣០០០​ដុល្លារ​អាមេរិក។

នៅក្នុង​ច្បាប់​ថ្មី​ដែល​របប​សឹក​ថៃ​ទើប​បាន​អនុម័ត ការ​​ពិន័យ​អាច​ប៉ះពាល់​ដល់​ម្ចាស់​ក្រុមហ៊ុន​ ថៅកែដែល​ប្រើ​ពលករ​ខុស​ច្បាប់ គ្មាន​បណ្ណ​ស្នាក់​នៅ​ ឬ​បណ្ណាការងារ​ស្រប​ច្បាប់​​ តាម​រយៈ​បង់ប្រាក់​រហូត​ដល់​ទៅ​២៤០០០​ដុល្លារ ចំពោះ​ការ​ប្រើ​អន្តោប្រវេសន៍​​ខុស​ច្បាប់​ម្នាក់។

អាជ្ញាធរ​ថៃ តែង​ប្រឹង​ប្រកាស​ចាត់​វិធានការ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​មនុស្ស ជួញដូរ​ពលករ​អន្តោប្រវេសន៍​ខុសច្បាប់ និង​ចាត់ការ​សម្រួល​លំហូរ​អន្តោប្រវេសន៍​រាប់​លាន​នាក់ ដែល​សំម្រុក​មក​ការងារ​ធ្វើ។ ពលករ​បរទេស​ទាំង​នេះ​ជា​កម្លាំង​ចលករ​បង្វិល​ម៉ាស៊ីន​សេដ្ឋកិច្ច​ថៃ នៅ​ក្នុង​រោងចក្រ នៅ​លើ​ទូក​នេសាទ​ និង​ការងារ​ជា​ច្រើន​ផ្សេង​ទៀង ដែល​ពុំ​សូវ​មាន​តម្លៃ និង​ដោយ​បង់​តម្លៃពលកម្ម​ទាប។ ​ ប៉ុន្តែ​ជាញឹកញយ​ វិធានការ​ទាំង​នោះ​​ប្រើ​តែ​ក្នុង​រយៈ​ពេល​ខ្លី។ ជា​ឧទាហរណ៍​ជាក់ស្តែង នៅ​ឆ្នាំ​២០១៤ ពេល​របប​សឹកឡើង​កាន់អំណាច​ភ្លាម បាន​ប្រកាស​ចាត់​វិធានការ​បណ្តេញ​អន្តោប្រវេសន៍​ខុស​ច្បាប់​ឱ្យ​អស់​ ​ ពលករ​ខ្មែរ​ជាង​២៥​ម៉ឺននាក់​បាន​រត់​ចេញ​ពី​ថៃ។ ប៉ុន្តែ​នៅ​ពេល​សេចក្តី​ប្រកាស​ចាប់​សាប ពួក​គេ​បាន​វិល​ត្រលប់​ទៅ​វិញ​ នៅ​ពីរ​បី​សប្តាហ៍​ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ