កូរ៉េខាងជើង

បារាំង​​និង​​អាមេរិក​​ចង់​អោយ​​អង្គការ​​សហប្រជាជាតិ​​បន្ថែម​​ទណ្ឌកម្ម​​លើ​​កូរ៉េខាងជើង​ រុស្ស៊ី​​ជំទាស់​​

លោកស្រី​ ​Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ
លោកស្រី​ ​Nikki Haley ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ Reuters
ដោយ៖ ព្រំ សឿន សូលីណា
១៤ នាទី

ក្នុង​កិច្ចប្រជុំ​បន្ទាន់​​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ថ្ងៃពុធ​ម្សិលមិញ ​បារាំង​និង​អាមេរិក​ចង់​អោយ​ក្រុមប្រឹក្សា​សន្តិសុខ​​​​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត ទៅលើ​កូរ៉េខាងជើង ដែល​បាន​បាញ់​មីស៊ីល​​អន្តរទ្វីប កាលពី​ថ្ងៃ​អង្គារ។ ប៉ុន្តែ ​​រុស្ស៊ី​​​ប្រាប់​ទុក​មុន​ថា ​ជំទាស់នឹង​​​ការបន្ថែម​ទណ្ឌកម្ម​ប្រឆាំង​ក្រុងព្យុងយ៉ាង។ ថ្ងៃព្រហស្បតិ៍​នេះ ចិ​នអំពាវនាវ​អោយ​ចៀសវាង​​សកម្មភាព រឺ​ការប្រើពាក្យពេចន៍​ដែល​បន្ថែម​ភាព​តានតឹង​ដល់​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ។

ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​បន្ទាន់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ម្សិលមិញ លោកស្រី​នីគី ហាឡី ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​​​ប្រចាំ​​អង្គការ​សហប្រជាជាតិ​ បាន​លើកឡើងថា ពេល​ឆាប់ៗ​ខាងមុខ​នេះ ​អាមេរិក​នឹងស្នើ​ទណ្ឌកម្ម​ថ្មីៗ​ទៀត ប្រឆាំង​ក្រុងព្យុងយ៉ាង។ អាមេរិក​នឹង​​បង្ហាញ​សេចក្តីសម្រេច​ចិត្ត​ទៅ​អង្គការ​សហប្រជាជាតិ ទាក់ទង​ទណ្ឌកម្ម​ទាំងនេះ។ សម្រាប់​អាមេរិក ​ការដែល​កូរ៉េខាងជើង​បាញ់​មីស៊ីល​អន្តរទ្វីប​​នៅថ្ងៃ​បុណ្យជាតិ​អាមេរិក​៤កក្កដា ​សបង្ហាញ​ច្បាស់​ ពីការ​វាយលុក​ផ្នែក​យោធា​របស់​ក្រុងព្យុងយ៉ាង។

សម្រាប់​ទណ្ឌកម្ម​បន្ថែម​នេះ​ អាមេរិក​ចង់​ដាក់ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​ណា ដែល​បន្ត​ធ្វើពាណិជ្ជកម្ម​ជាមួយ​កូរ៉េខាងជើង។ ​ម្សិលមិញ លោក​ដូណាល់ ត្រាំ​ បាន​ចោទ​​ចិន​ថា ចិន​ពង្រឹង​ការផ្តោះប្តូរ​ពាណិជ្ជកម្ម​​ជាមួយ​ក្រុងព្យុងយ៉ាង ​​​បំផ្លាញ​ដល់​ការ​ប្រឹងប្រែង​របស់​អាមេរិក។ បារាំង​វិញ​​ ​​​​​បាន​​គាំទ្រ​អាមេរិក​ ​​អោយ​ដាក់ទណ្ឌកម្ម​អោយ​ធ្ងន់​លើ​ក្រុង​ព្យុងយ៉ាង។ ​

ប៉ុន្តែ ​រុស្ស៊ី​​​​​ព្រមាន​​ទុក​មុនថា នឹង​ប្រើសិទ្ធិ​ជំទាស់។​​​ សម្រាប់​រុស្ស៊ី​ ការបន្ថែម​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ មិនមែន​ជា​ដំណោះស្រាយ​​​បញ្ហា​ទេ ហើយ​ការ​ប៉ុនប៉ង​​​​ប្រើ​ដំណោះស្រាយ​យោធា ជាអ្វី​ដែល​មិនអាច​ទទួល​យកបាន។ ដូច​រុស្ស៊ី​ដែរ ​លោក​លីវ ជីយី ឯកអគ្គរដ្ឋទូត​ចិន​នៅ​អង្គការ​សហប្រជាជាតិ​ ​​មិនគាំទ្រ​ជម្រើស​យោធា​ ​ក្នុង​ការ​​​​ឆ្លើយតប​ទៅ​ក្រុងព្យុងយ៉ាង​​ទេ។​ ថ្ងៃព្រហស្បតិ៍​នេះ ចិន​បាន​ស្នើអោយ​ចៀស​សកម្មភាព​រឺ​ពាក្យពេ​ចន៍​ ដើម្បី​កុំអោយ​ស្ថានការណ៍​ឧបទ្វីប​កូរ៉េ​កាន់តែ​តានតឹង។

ក្រោយ​​កូរ៉េខាងជើង​​បាញ់​មីស៊ីល​អន្តរទ្វីប​ថ្ងៃ​បុណ្យជាតិ​អាមេរិក​ ៤កក្កដា អាមេរិក​និង​កូរ៉េខាងត្បូង​​បាន​ធ្វើសមយុទ្ធ​រួមគ្នា បាញ់​មីស៊ីល​ឆ្លើយតប​ទៅវិញ។ ​ចិន​និង​រុស្ស៊ីបាន​ស្នើ​អោយ​​​​ភាគី​អាមេរិក​និង​កូរ៉េខាងត្បូង​ឈប់​ធ្វើ​សមយុទ្ធ​រួមគ្នា​ទៀត ជាថ្នូរ​ ​ខាងភាគី​កូរ៉េខាងជើង​​​ក៏​ត្រូវ​ផ្អាក​ការ​បាញ់​សាក​មីស៊ីល​នុយក្លេអ៊ែរ​តទៅទៀត​ដែរ។ ចិន​ធ្លាប់​លើក​សំណើ​នេះទៅ​អាមេរិ​កដែរ តែ​កាលពី​ខែ​មីនា អាមេរិក​​បាន​បដិសេធ​សំណើ​ចិន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI