ចិនបដិសេធ​​​ទំនួល​ខុស​ត្រូវ​ក្នុង​វិបត្តិ​កូរ៉េខាង​ជើង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង ក្នុង​ជំនួប​ហ្សេ ២០
ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​ចិន ស៊ីជីនពីង ក្នុង​ជំនួប​ហ្សេ ២០ © Reuters

នៅ​ថ្ងៃ​អង្គារ​នេះ ចិន​​បានបញ្ចេញ​ប្រតិកម្ម​ដោយ​​​ប្រើ​ពាក្យ​ពេជន៍​ខុស​ពី​ទម្លាប់​​សព្វមួយដង ​ច្រាន​ចោល​នូវគំនិត​ដែល​ថា​ប៉េកាំង​ជា​អ្នក​មាន​​ទំនួល​ខុស​ត្រូវ​ក្នុង​វិបត្តិ​​នៅ​ឧបទ្វីប​កូរ៉េ។ វិបត្តិ​បាន​រីកធំធាត់ និង​ឡើង​តាន​តឹង​ខ្លាំង​ជា​លំដាប់ ព្រោះ​តែ​​កូរ៉េខាង​ជើង​ ​បាន​និង​កំពុង​អភិវឌ្ឍន៍​កម្មវិធី​បាលីស្ទិក និង​នុយក្លេអ៊ែរ ដោយ​បាន​ធ្វើ​ការ​សាក​ល្បង​ជា​ច្រើន​លើក​ច្រើន​សា។

ផ្សាយពាណិជ្ជកម្ម

ការ​សាកល្បង​ ​មីស៊ីល​បាលីស្ទិក​ ម្តង​ហើយ​ម្តង​ទៀត របស់​ព្យុងយ៉ាង បាន​ធ្វើ​ឱ្យ​អាមេរិក ក៏​ដូច​ជា​ជប៉ុន​និង​កូរ៉េខាង​ត្បូង ក្តៅ​ក្រហាយ​ខ្លាំង​ណាស់ ! ការ​បាញ់​មីស៊ីល​អន្តរទ្វីប​មួយ​គ្រាប់​​ចុងក្រោយ​ ដែល​អាច​ទៅ​ប៉ះដល់​ទឹក​ដី​អាឡាស្កា ឬ​កោះ​ហាវ៉ៃ ឬ​ដី​អាមេរិក​ភាគ​ពាយ័ព្យ បាន​ធ្វើ​ស្ថានភាព​កាន់​តែ​ដុនដាប​បន្ថែម​ទៀត។

តែ​ក្នុង​ពេល​ជួប​គ្នា​ផ្ទាល់ នា​ឱកាស​ជំនួប​កំពូល​ហ្សេ ២០ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បានទប់​​ ​ជំហរ​ ប្រឹង​ប្រកាន់ភាសា​​ផ្សះ​ផ្សា​ដាក់​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ណាស់ លើ​ប្រធានបទ​កូរ៉េខាង​ជើង​ដ៏​រសើប។ លោក ត្រាំ បាន​ត្រឹម​ព្រលយ​ថា ប៉េកាំង​ប្រើ​កម្លាំង​មិន​អស់ ក្នុង​ការ​បង្ឃាំង​សម្ព័ន្ធមិត្ត​តែ​មួយ​គត់​របស់​ខ្លួន​ឱ្យ​បញ្ឈប់​កម្មវិធីនុយក្លេអ៊ែរ។

ជា​ចម្លើយ​តប​វិញ នៅ​ថ្ងៃ​នេះ តាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការបរទេស ចិន​បាន​ពន្យល់​ថា ចិន​គ្មាន​ទំនួល​ខុស​ត្រូវ​អ្វី​ទាំង​អស់ ក្នុង​វិបត្តិ​តាន​តឹង​នៅ​ឧបទ្វីប​កូរ៉េ ហើយ​ដំណោះស្រាយ​ក៏​មិន​អាច​ព្រលាត់​ចេញ​តែ​ពី​ខាង​ចិន​ម្នាក់​បាន​ដែរ។

“​ទាក់ទង​នឹង​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាង​ជើង អ្នក​ខ្លះ​ផ្តល់​​ភាព​សំខាន់​ជ្រុលហួសហេតុ​ យល់​ថា​ទំនួល​ខុសត្រូវ​ចិន​ជា​ក្បួន​ដោះស្រាយ​បញ្ហា។ អ្នក​យល់​ដូច្នេះ គឺ​មក​ពី​គេ​ខ្វះ​ចំណេះ​ដឹង​ជ្រៅជ្រះ និង​យល់​ស្ថានភាព​មិន​ច្បាស់លាស់​ ឬ​មិន​ដូច្នេះទេ មក​ពី​អ្នក​នោះ​ចង់​បង្វែរ​ទំនួល​ខុស​ត្រូវ​ដាក់​គេ"។ នេះ​ជា​ការ​រិះគន់​លម្អិត​របស់​អ្នក​នាំ​ពាក្យ​ការបរទេស​ចិន ដោយ​ធ្វើ​ការក្រើន​រំលឹក​ទៀតថា “ចិន​ប្រឹង​ឥតឈប់ និង​បាន​ដើរ​តួនាទី​បែប​ស្ថាបនា​ហើយ តែ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត ត្រូវ​ប្រឹង​ដែរ។ មិនមែន​បញ្ជាឱ្យ​គេ​ធ្វើ​តែ​ខ្លួន​ឈរ​អោប​ដៃ រួច​ចាំ​ចាក់​ពីក្រោយ​ឡើយ​ ! គឺ​មិន​អាច​ទទួល​យក​បាន​ទេ !​”

ជា​មួយ​ប្រតិកម្ម​ដំបូង ក្នុង​សំដី​ខ្លាំងៗ​ខុស​ពីទម្លាប់​នេះ ប៉េកាំង​បាន​ថែម​ទាំង​បរិហារ​គម្រោង​​ពង្រាយ​ខែល​មីស៊ីល​​អាមេរិក​នៅ​កូរ៉េខាង​ត្បូង​ថា​ជា​ការ​គំរាម​កំហែងសន្តិសុខ​ផង និងមិន​មែន​ជា​ចំណែក​​ជួយ​បន្ធូរ​បន្ថយ​សម្ពាធ​​ក្នុង​តំបន់ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI