អានតួអត្ថបទ
ចិន-ឥណ្ឌា

ឥណ្ឌា និង​ចិន​ប្រកាន់​យក​ត្រូវ​រៀង​ខ្លួន ក្នុង​រឿង​ជម្លោះ​ព្រំដែន​ដីគោក

រូបថត​នៅ​ឆ្នាំ ២០០៨ បង្ហាញទាហាន​ចិន និង​ទាហាន​ឥណ្ឌា នៅ​ច្រក​ព្រំដែន នៅ Nathu La ដែល​ស្ថិតនៅ​ក្បែរ​រដ្ឋ​Sikkim​របស់​ឥណ្ឌា
រូបថត​នៅ​ឆ្នាំ ២០០៨ បង្ហាញទាហាន​ចិន និង​ទាហាន​ឥណ្ឌា នៅ​ច្រក​ព្រំដែន នៅ Nathu La ដែល​ស្ថិតនៅ​ក្បែរ​រដ្ឋ​Sikkim​របស់​ឥណ្ឌា 图片:路透社/REUTERS
ដោយ៖ ឈាង បុប្ផា
១៣ នាទី

ឥណ្ឌា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​អះអាងថា ខ្លួន​បាន​ទទួល​ការគាំទ្រ​ពី​អន្តរជាតិ នៅក្នុង​រឿង​បញ្ជូន​ទ័ព​ទៅ​ខ្ទប់​រារាំង​សកម្មភាព​សាងសង់​ផ្លូវ ដែល​ចិន​កំពុង​ធ្វើ​នៅ​លើ​ខ្ពង់រាប​ដែល​តវ៉ា​ទាមទារ​ដោយ​ប្រទេស​ប៊ូតង់។ តាម​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា សន្តិសុខ​ជាតិ​របស់​ឥណ្ឌា​នឹង​ត្រូវ​គំរាមកំហែង ប្រសិន​បើ​ចិន រំលោភ ចូល​កាន់កាប់​តំបន់​ត្រីកោណ ដែល​ស្ថិតនៅ​ចន្លោះ ប្រទេស​ប៊ូតង់ ឥណ្ឌា និង​ចិន។ 

ផ្សាយពាណិជ្ជកម្ម

នៅមុខ​សមាជិក​សភា​ជាន់ទាប​របស់​ឥណ្ឌា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា លោកស្រី ស៊ូស្ហម៉ា ស្វារ៉ាយ បាន​និយាយ​ថា ជំហរ​របស់​ឥណ្ឌា នៅក្នុង​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ចិន ត្រូវ​បាន​ទទួល​ការគាំទ្រ​ពី​សំណាក់​អន្តរជាតិ។ ប៉ុន្តែ ប្រមុខ​ការបរទេស​ឥណ្ឌា​មិន​បាន​បញ្ជាក់​ឈ្មោះ​ប្រទេស ដែល​បាន​គាំទ្រ​ឥណ្ឌា​នោះ​ទេ។ លោកស្រី​ស្វារ៉ាយ គ្រាន់​តែ​បានលើក​សរសើរ​ដល់​សេចក្តី​ក្លាហាន​របស់​ប្រទេស​ប៊ូតង់ ដែល​បាន​ចាត់​វិធានការ​ឆ្លើយតប​យ៉ាង​ទាន់ហន់ និង​មិន​ចុះចាញ់​ប្រទេស​យក្ស ជិតខាង ដូចជា​ចិន។

 

រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌា​ចេញ​មុខ​បញ្ជាក់ នៅ​ថ្ងៃ​ព្រហស្បតិ៍ ពី​ការគាំទ្រ​របស់​អន្តរជាតិ បន្ទាប់​ពី​ភាគី​ចិន អះអាង​រួចហើយ​ថា ចិន​បាន​ទទួល​ការគាំទ្រ​ពី​អន្តរជាតិ នៅក្នុង​រឿង​ជម្លោះ​ព្រំដែន​ជាមួយ​ឥណ្ឌា​លើកនេះ។ នៅ​ថ្ងៃ​អង្គារ ទីក្រុង​ប៉េកាំង​បាន​សំដែង​ការរន្ធត់​ចិត្ត ដែល​ឃើញ កងទ័ព​ឥណ្ឌា​ចូល ដោយ​ខុសច្បាប់ ទៅក្នុងតំបន់​ជាប់​ព្រំដែន​ចិន និង​ប្រទេស​ប៊ូតង់។

 

ចិន និង​ឥណ្ឌា ដែល​នៅ​ជាប់​មាន​ជម្លោះ​ព្រំដែន ដ៏រ៉ាំរ៉ៃ បាន​ប្រឈម​មុខ​ដាក់គ្នា សាជាថ្មី បន្ទាប់​ពី​កងទ័ព​ឥណ្ឌា កាលពី​ខែ​មិថុនា កន្លងទៅ បាន​ចូល​ទៅ​រារាំង​សកម្មភាព​សាងសង់​ផ្លូវថ្នល់​របស់​ចិន នៅ​តាម​ព្រំដែន​ចិន ជាមួយ​ប្រទេស​ប៊ូតង់។ ទីក្រុង​ញូវដេលី ជឿថា ដោយ​បញ្ជូន​សម្ភារៈ និង​គ្រឿងយន្ត​ទៅ​សង់ផ្លូវ នៅ​លើខ្ពង់រាប ដែល​ចិន កំពុង​ជាប់​មាន​ជម្លោះ​ជាមួយ​ប៊ូតង់ ចិន​កំពុងគ្រោង សំដៅ​ផងដែរ តំបន់​ត្រីកោណ ដែល​មាន​ជាប់​ព្រំដែន​រវាង​ប្រទេស​ទាំងបី គឺ​ឥណ្ឌា ចិន និង​ប៊ូតង់។

 

ប៊ូតង់​ដែល​ជា​កូនប្រទេស​ដ៏​តូច​មួយ ស្ថិតនៅ​ចន្លោះ​ចិន និង​ឥណ្ឌា បាន​តវ៉ា ជំទាស់ និង​ចាត់ទុក​សកម្មភាព សាងសង់​ផ្លូវ​របស់​ចិន ថា ជា​ការរំលោភ​ដោយផ្ទាល់​ទៅលើ​កិច្ចព្រមព្រៀង​ដែល​ចិន​បានចុះ​កន្លងមក​ជាមួយ​ប្រទេស​ប៊ូតង់។ ប៊ូតង់​ដែល​គ្មាន​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​ចិន ជា​សម្ព័ន្ធមិត្ត គាំទ្រ ផ្តាច់មុខ​ដោយ​រដ្ឋាភិបាល​ឥណ្ឌា។

 

រដ្ឋាភិបាល​ប៉េកាំង​ធ្លាប់​បាន​ទាមទារ​ឲ្យ​ កងទ័ព​ឥណ្ឌា ដក​ចេញ​ពី​តំបន់​ជម្លោះ ដែល​តាមពិត​ទៅ​ស្ថិតនៅ​ឆ្ងាយ​ខ្លាំង​ណាស់ ពី​រដ្ឋ Sikkim របស់​ឥណ្ឌា។ សូមបញ្ជាក់ថា ចិន និង​ឥណ្ឌា មហាយក្ស​អាស៊ី ដែល​ប្រជែង​ដណ្តើម​ឥទ្ធិពល​គ្នា​នៅក្នុង​តំបន់ នៅ​បន្ត ជាប់​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា និង​ធ្លាប់​បាន​វាយប្រយុទ្ធ​គ្នា​ម្តង នៅ​ឆ្នាំ ១៩៦២ ដើម្បី ដណ្តើម​ទឹកដី នៅ​តំបន់​ភ្នំ​ហិម៉ាល័យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ