អាហ្វហ្កានីស្ថាន

ប៉ូលិស​អាហ្វហ្កានីស្ថាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​របស់​យន្តហោះ​អាមេរិក

ទាហាន​អាមេរិក​ចូល​រួម​ធ្វើ​លំហាត់​សឹក​នៅ​ខេត្ត​Helmand ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅថ្ងៃទី ៦​កក្កដា ២០១៧
ទាហាន​អាមេរិក​ចូល​រួម​ធ្វើ​លំហាត់​សឹក​នៅ​ខេត្ត​Helmand ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នៅថ្ងៃទី ៦​កក្កដា ២០១៧ REUTERS/Omar Sobhani

ប៉ូលិស​អាហ្វហ្កានីស្ថាន ១៦​នាក់ បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ ទម្លាក់​គ្រាប់បែក​មួយ​របស់​យន្តហោះ​អាមេរិក នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។ អាជ្ញាធរ​អាហ្វហ្កានីស្ថាន​បាន​លើក​ឡើង​ពី​អចេតនា បាញ់​ច្រលំ របស់​កងទ័ព​អាមេរិក ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុមភេរវនិយម នៅ​ខេត្ត Helmand ភាគខាងត្បូង​អាហ្វហ្កានីស្ថាន ដែល​កំពុង​កាន់កាប់​ដោយ​ពួក​តាលីបង់។ ឧប្បត្តិហេតុ​ថ្មី​នេះ​នឹងអាច​ជំរុញ​ឲ្យ​មាន​កាន់​តែច្រើន គំនិត​ស្អប់​កងទ័ព​បរទេស នៅក្នុង​ចំណោម​ប្រជាជន​អាហ្វហ្កានីស្ថាន។ 

ផ្សាយពាណិជ្ជកម្ម

តាម​អ្នកនាំពាក្យ​របស់​ប៉ូលិស​ខេត្ត​ Helmand យន្តហោះ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិក បាន​សម្លាប់​ប៉ូលិស អាហ្វហ្កានីស្ថាន​១៦​នាក់ ដែលនៅក្នុង​នោះ ២​នាក់ ជា​មេបញ្ជារការ​ប្រចាំ​ខេត្ត។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៥​ល្ងាច នៅពេល​ដែល​ប៉ូលិស​អាហ្វហ្កានីស្ថាន ទើប​ឈ្នះ បោសសម្អាត​ពួកតាលីបង់ នៅ​ក្នុង​ភូមិ​Pachava របស់​ខេត្ត​ Helmand។

 

សម្រាប់​អ្នកនាំពាក្យ​របស់​ប៉ូលិស​ខេត្ត ប៉ូលិស​អាហ្វហ្កានីស្ថាន​ត្រូវ​បាញ់​សម្លាប់ ដោយ​ច្រលំ ព្រោះ​ថា នៅ​មុន​យន្តហោះ​អាមេរិក មកដល់ កាលពី​កន្លះម៉ោង​មុន ពួកតាលីបង់ កំពុង​មាន​វត្តមាន នៅ​ឡើយ នៅក្នុង​ភូមិ Pachava។ នៅយប់​ថ្ងៃ​សុក្រនៅ​ក្នុង​សេចក្តីថ្លែងការណ៍ របស់​ខ្លួន កងទ័ព​អូតង់ នៅ​កាប៊ូល​បាន​ទទួល​ស្គាល់​ថា យន្តហោះ​ចម្បាំង​របស់ខ្លួន​បាន​បាញ់​ច្រលំ​ទៅលើ​មិត្ត ប៉ូលិស​អាហ្វហ្កានីស្ថាន ដែល​កំពុង​ជួប​ប្រជុំ​គ្នា នៅក្នុង​ជំរំ​មួយ​នៅ​ភូមិ Pachava។ អូតង់​បាន​បញ្ជាក់​ថា បេសកកម្ម​ទម្លាក់​គ្រាប់បែក​ខ្លួន​បាន​ធ្វើឡើង នៅ​ភាគខាងត្បូង​របស់​អាហ្វហ្កានីស្ថាន ជាទី ដែល​មួយភាគធំ​កំពុង​កាន់កាប់​ដោយ​ពួកតាលីបង់។ អូតង់ បាន​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ របស់​ប៉ូលិស​អាហ្វហ្កានីស្ថាន និង​សន្យា​បើក​ការស៊ើបអង្កេត​ផ្ទៃក្នុង​ទៅលើ​ឧប្បត្តិហេតុ​នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ។

 

សូមបញ្ជាក់ថា នៅក្នុង​សម្ព័ន្ធ​កងទ័ព​អូតង់ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅអាហ្វហ្កានីស្ថាន មាន​តែ​កម្លាំង​ទ័ព​អាមេរិក​តែមួយ​ប៉ុណ្ណោះ ដែល ធ្វើការ​វាយប្រហារ​ផ្នែកអាកាស ទៅលើ​ពួក​តាលីបង់ ហើយ​និង​ពួកជីហាត អង្គការ​រដ្ឋអ៊ីស្លាម ក្នុង​ក្របខ័ណ្ឌ ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។ ប៉ុន្តែ ប្រតិបត្តិការ​ទ័ពអាកាស​របស់​អាមេរិក រង​ការរិះគន់ និង​តវ៉ា​កាន់តែច្រើន​ពីសំណាក់​ប្រជាជន ដែល​បាន​ចោទ កម្លាំង​ទ័ព​បរទេស ថា​កំពុង​បង្ក​វិនាសកម្ម សម្លាប់​ជីវិត​មនុស្ស​ស្លូតត្រង់​នៅ​អាហ្វហ្កានីស្ថាន។

 

នេះ​មិនមែន​ជា​លើកទី១ទេ ដែល​កងទ័ព​អូតង់ ដឹកនាំ​ដោយ​អាមេរិក​បាញ់​ច្រលំ ខុស​ទិសដៅ។ នៅ​ខែ​កុម្ភៈ ដើម​ឆ្នាំនេះ គឺ​នៅក្នុង​ខេត្ត​ Helmand ដដែល ប្រជាជន ១៨​នាក់​បាន​ស្លាប់​នៅក្នុង​ការទម្លាក់​គ្រាប់បែក​របស់​កងទ័ព​លោក​ខាងលិច។

 

បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​អាហ្វហ្កានីស្ថាន នៅ​បាន​រក​ឃើញ​ដែរ​ថា នៅ​ខែវិច្ចិកា ឆ្នាំមុន ប្រតិបត្តិការ​ទម្លាក់​គ្រាប់បែក​របស់​អូតង់ ប្រឆាំង​ថ្នាក់ដឹកនាំ​តាលីបង់ នៅ​ភាគខាងជើង​អាហ្វហ្កានីស្ថាន បាន​សម្លាប់​ប្រជាជន​ស៊ីវិល​៣២​នាក់ និង​របួស ១៩​នាក់ ដែល​ភាគច្រើន ជា​ស្រ្តី និង​កុមារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI