អានតួអត្ថបទ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​បញ្ជា​ឱ្យ​ប៉ូលិស​បាញ់​ឈ្មួញ​គ្រឿង​ញៀន ដែល​ច​ង់​តដៃ

លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី
លោក Joko Widodo ប្រធានាធិបតី​ឥណ្ឌូណេស៊ី Reuters
ដោយ៖ អៀង សុខម៉ិញ
១៤ នាទី

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក Joko Widodo វីដូដូ បាន​ចេញ​បញ្ជា​ផ្តល់​សិទ្ធិ​ឱ្យ​ប៉ូលិស អាច​បាញ់​ ជា​ស្វ័យប្រវត្តិ​ ជន​សង្ស័យ​​​ជួញ​ដូរ​គ្រឿង​ញៀន​ណា​ ដែល​មិន​ព្រម​ប្រគល់​ខ្លួន​ឱ្យ​អាជ្ញាធរ​ចាប់​ដោយ​សម្រួល។ បទ​បញ្ជា​នេះ ត្រូវ​ប្រតិបត្តិ​លើ​គ្រប់​ជនសង្ស័យ​ទាំង​អស់​ មិន​ថា​ជន​នោះ​ជា​ឥណ្ឌូណេស៊ី ឬ​ជា​បរទេស​ឡើយ។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​មុន​ភ្នាក់ងារ​ជាតិ​ឥណ្ឌូណេស៊ី​ បាន​ប្រកាស​ចង់​យក​គំរូ​តាម​ហ្វីលីពីន ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ! ថ្ងៃ​នេះ ប្រធានាធិបតី​ វីដូដូ បាន​ចេញ​បញ្ជា​ដោយ​ផ្ទាល់​មាត់​ និង​ជា​សាធារណៈ​​តែ​ម្តង។

“ត្រូវ​តែ​ម៉ឺងម៉ាត់​ដាច់ខាតខ្លាំង ! ជា​ពិសេស​ជាមួយ​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​បរទេស ដែល​ចូល​មក​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ! ប្រសិន​បើ​ពួក​គេហ៊ាន​តតាំង​ជាមួយ​អាជ្ញាធរ​ ទោះ​បន្តិច​ក៏​ដោយ​ អ្នក​បាញ់​ពួក​គេ​ទៅ !” នេះជា​ប្រសាសន៍​​របស់​លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទៅ​កាន់​ស្ថាប័ន​ប៉ូលិស នា​ឱកា​ស​ជំនួប​​ធ្វើ​សន្ទរកថា ជាមួយ​បក្ស​នយោបាយ។

បើ​តាម​តួលេខ​ផ្លូវការ ក្នុង​ចំណោម​ប្រជាជន​ឥណ្ឌូណេស៊ី​ទាំង​អស់​២២៥​លាន​នាក់ គេ​រាប់​ឃើញ​ មកទល់​ថ្ងៃ​នេះ មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ប្រមាណ​ជាង​ ៦​លាន​នាក់។ ប្រឈម​នឹង​ស្ថានភាព​បែប​នេះ ​លោក​ប្រធានាធិបតី​ យល់​ថា ប្រទេស​កំពុង​ធ្លាក់​ក្នុង​ ស្ថានភាព​អាសន្ន​គ្រឿង​ញៀន ដែល​មិន​អាច​អនុគ្រោះ​បាន​ទៀត​ឡើយ។

ប៉ុន្តែ​​សេចក្តី​ថ្លែងការណ៍​របស់​លោកប្រធានាធិបតី បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ក្លា និង​​ភ្លាម​មួយ​រំពេច​ពី​សំណាក់​ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​ ដែល​បាន​និង​កំពុង​ប្រមូល​កម្លាំង​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​គ្មាន​អាសូរ​កម្ចាត់​ពួក​ជួញ​ដូរ​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​​ហ្វីលីពីន នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ បើតាម​តំណាងអង្គការ​ការពារ​សិទ្ធិមនុស្ស Human Rights Watch​ ទទួល​បន្ទុក​លើ​ប្រទេស​ឥណ្ឌូណេស៊ី សេចក្តី​ថ្លែងការណ៍​របស់​ប្រធានាធិបតី វីដូដូ គឺ​ពាក្យ​បញ្ជា និ​ងជា​ការ​បើក​ដៃ​ឱ្យ​ប៉ូលិស​បាញ់​ ជន​សង្ស័យ ដោយ​គ្មាន​ខ្វល់​នឹង​ដំណើរការ​នីតិវិធី​អ្វី​ទាំង​អស់។

ឥណ្ឌូណេស៊ី​មាន​ច្បាប់​ប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿង​តឹង​តែង​ខ្លាំង​​ស្រាប់​ណាស់​ទៅ​ហើយ ដោយ​បាន​កំណត់​​​ដាក់​ទោស​ប្រហារ​ជីវិត​​តែ​ម្តង ជន​ណា​ដែល​មាន​គ្រឿង​ញៀនក្នុង​ដៃ​​ចាប់​ពី​៥​ក្រាម​ឡើង​ទៅ។ នា​រយៈ​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ អ្នក​ជួញដូរ​គ្រឿង​ញៀន​១៨​នាក់ បានត្រូវ​​ប្រហារ​ជីវិត ក្នុង​នោះពីរ​នាក់​ជា​ជនជាតិ​អូស្ត្រាលី។ នៅ​សប្តាហ៍​មុន ប៉ូលិស​ឥណ្ឌូណេស៊ី​បាន​បាញ់​​សម្លាប់​​ជនជាតិ​តៃវ៉ាន់​ម្នាក់ ដែល​ចង់​រត់​គេច​ខ្លួន នៅ​ពេល​ប៉ូលិស​​ចាប់​បាន​រក​ឃើញ​មាន​គ្រៀង​ញៀនសំយោគ​ មេតាមហ្វេតាមីន​ជា​គ្រីស្តាល់​​១តោន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ