អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​ចិន និង​ឥណ្ឌា​ដំឡើង​សសៃក​ដាក់គ្នា នៅពេលនេះ?

ច្រក​របៀង​នៅ​ក្នុង​រដ្ឋ​Sikkim​របស់​ឥណ្ឌា ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ចិន​រៀបចំ​សង់​ផ្លូវ​តាម​ព្រំដែន
ច្រក​របៀង​នៅ​ក្នុង​រដ្ឋ​Sikkim​របស់​ឥណ្ឌា ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ដែល​ចិន​រៀបចំ​សង់​ផ្លូវ​តាម​ព្រំដែន Agnes BUN / AFP
ដោយ៖ ឈាង បុប្ផា

សង្រ្គាម​ពាក្យ​សំដី​បាន​ផ្ទុះឡើង​រវាង​ចិននិង ឥណ្ឌា ដែល​បាន​ចោទ​គ្នា​ទៅវិញ ទៅមក ថា​ជាអ្នករំលោភ​ដែន​អធិបតេយ្យភាព និង​គំរាមកំហែង​សន្តិសុខ​ជាតិ។ ចិន និង​ឥណ្ឌា​បាន​តានតឹង​នឹងគ្នា បន្ទាប់ពី​កងទ័ព​ឥណ្ឌា​បាន​ចូល​ទៅ​រារាំង​សកម្មភាព​សាងសង់​ផ្លូវ​របស់​ចិន នៅ​លើ​តំបន់​ជួរភ្នំ​ហិមាល័យ។ ឥណ្ឌា​អះអាង​ថា ខ្លួន​ចូល​ធ្វើ​អន្តរាគមន៍ ទៅតាម​ការស្នើសុំ​របស់​រដ្ឋាភិបាល​ប៊ូតង់ ដែល​ប្រឆាំង​នឹង​ការសាងសង់​របស់​ចិន នៅ​តំបន់​ជម្លោះ​ជាប់​ព្រំដែន។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​ក្រសួងការពារ​ជាតិ​ចិន​វិញ បាន​ហៅ​សកម្មភាព​របស់​ឆ្មាំព្រំដែន​ឥណ្ឌា ថា​ជា​ការរំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​អធិបតេយ្យ​របស់​ចិន និង​រំលោភ​ទៅ​លើ​ច្បាប់​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

ចិន នៅ​ដើម​សប្តាហ៍នេះ ព្រមាន​បង្កើន​វត្តមាន​កងទ័ព នៅ​តាម​បណ្តោយ​ព្រំដែន​ដីគោក ចិន និង​ឥណ្ឌា។ ចិន​បាន​ដំឡើង​សំឡេង ក្នុង​រឿង​ព្រំដែន ដោយសារ​តែ​ចិន​មិនពេញ​ចិត្ត​នឹង​ឥណ្ឌា ដែល​ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនាមក បាន​បញ្ជូន​ឆ្មាំព្រំដែន​ឲ្យ​ចូល​ទៅរារាំង បិទខ្ទប់​សកម្មភាព​សាងសង់​ផ្លូវ​របស់​ចិន នៅ​លើ​ជំរាល​ភ្នំ​ហិមាល័យ។

 

កន្លែង​ដែល​ចិន​បញ្ជូន​គ្រឿង​ចក្រ​ទៅ​សាងសង់​ផ្លូវ​ស្ថិតនៅ​ក្នុងតំបន់​ខ្ពង់រាប Doklam នៃ​ជួរ​ភ្នំហិមាល័យ។ តំបន់ Doklam ជា​កន្លែង​ប្រទាញប្រទង់ ដែល​ចិន កំពុងឈ្លោះ​ដណ្តើម​ទាមទារ​ជាមួយ​ រាជាណាចក្រ​ប៊ូតង់​ដែល​បាន​ចេញ ​រួចហើយ សេចក្តីថ្លែងការណ៍​ផ្លូវការ​ប្រឆាំង​នឹង​ចំណាត់ការ​ឯកតោ​ភាគី​របស់​ចិន។ សម្រាប់​ប៊ូតង់ រាជាណាចក្រ​ដែល​មាន​ប្រជាជន​តិច​ជាង ១លាននាក់ សកម្មភាព​សាងសង់​របស់​ចិន​កំពុង​រំលោភ​ដែន​អធិបតេយ្យភាព​របស់​ប៊ូតង់ និង​រំលោភ លើ​កិច្ចព្រមព្រៀង​ឆ្នាំ ២០១២​ដែល​ចិន ប៊ូតង់ និង​ឥណ្ឌា​បាន​ចុះ​រួមគ្នា។

 

សម្រាប់​អ្នកនាំពាក្យ​របស់​ក្រសួង​ការបរទេស​ចិន តំបន់​ Doklam ជា​ទឹកដី​ចិន​តាំង​ពី​បុរាណមក គឺ​មិនមែន​របស់​ប៊ូតង់ ហើយ​វា​រឹត​តែ​មិនមែន​របស់​ឥណ្ឌា​ទៅទៀត។ ជា​ការពិត ចិន និង​ឥណ្ឌា​តានតឹង​នឹង​គ្នា មិនមែន​ដោយសារ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​នោះទេ។ សួរថា ចិន​សាងសង់​ផ្លូវ​លើ​ទឹកដី​ជម្លោះ​រវាង​ចិន និង​ប៊ូតង់​សោះ ហេតុអ្វីបាន​ជា​ឥណ្ឌា​លូកដៃ​អន្តរាគម រហូត​បញ្ជូន​ទ័ព​ទៅរារាំង​ការងារ​សាងសង់​ផ្លូវ​របស់​ចិន​ទៅវិញ?

 

ភាគី​ឥណ្ឌា​ធ្លាប់​បាន​បកស្រាយ​ថា ខ្លួន​បាន​ទទួល​សំណើ​សុំ​អន្តរាគមន៍​ពី​រាជាណាចក្រ​ប៊ូតង់ ដែល​ពឹងអាស្រ័យ​ទាំង​អាស្រុង​លើ​កងទ័ព​ឥណ្ឌា សម្រាប់​ទប់ទល់​នឹង​មហាអំណាច​ចិន។ បើមើល​នៅ​ផែនទី គេអាច​ឃើញ​ថា ឥណ្ឌា​ពិតជាទៅ​រំលោភ​ចូល​ក្នុង​ដែនដី​ចិន ដែល​កំពុង​ជាប់​ជម្លោះ​ជាមួយ​ប៊ូតង់​មែន គឺ​គ្មាន​ទាក់ទង​សូម្បី​បន្តិច​នឹង​ទឹកដី​ឥណ្ឌា​នោះទេ។ ប៉ុន្តែ បើគេ​ពិនិត្យ​ពិច័យ​ឲ្យ​បាន​ស៊ីជម្រៅ តំបន់​​ Doklam​ដែល​ចិន​កំពុង​បញ្ជូន​គ្រឿងសាងសង់​សន្ធឹកសន្ធាប់ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ច្រក​របៀង ដ៏ក្រីក្រ​មួយ​របស់​ឥណ្ឌា។ ច្រករបៀង​នេះ​ដើរ​តួសំខាន់​ណាស់ ព្រោះ​វា​ជា​ខ្សែផ្លូវ​តែមួយ ដែល​តភ្ជាប់​រវាង​រដ្ឋ​ចំនួន ៧ នៅ​ប៉ែក​ឦសាន ឥណ្ឌា ទៅ​នឹង​ទឹកដី​កណ្តាល​របស់​ឥណ្ឌា។ បើសិន​ចិន​លេប​យក​បាន​សម្រេច ទឹកដី Doklam​ពី​ប្រទេស​ប៊ូតង់ នោះ​ឥណ្ឌា​ឈ្វេង​យល់ថា ចិន​នឹង​បន្ត​លេបយក​បន្តទៀត ច្រករបៀង​របស់​ឥណ្ឌា ដែលនឹង​អាច​ធ្វើ​ឲ្យ​ទឹកដី​ខាងកើត​ឥណ្ឌា ត្រូវ​ពុះ​ចែក​ចេញ​ជា​ពីរ​ចំរៀក។

 

សម្រាប់​អ្នកជំនាញ​ឥណ្ឌា ដោយ​បញ្ជូន​គ្រឿងចក្រ​ទៅ​សាងសង់​ក្នុង​តំបន់​ជម្លោះ​ទឹកដី ជាមួយ​ប៊ូតង់ ចិន​ចង់​សាកល្បង តេស្ត​មើល​ប្រតិកម្ម​របស់​ឥណ្ឌា ដែល​ជាសម្ព័ន្ធមិត្ត​របស់​ប៊ូតង់។ ឥណ្ឌា​វិញ​យល់​ថា ខ្លួន​ត្រូវ​តែ​លូកដៃ អន្តរាគមន៍ នៅពេលនេះ ពោល​គឺ​ត្រូវធ្វើ​​របង​នៅ​មុន​ក្របី​បាត់ ព្រោះ​ឥណ្ឌា ឃើញ​យល់​ហើយ​ថា​ចិន ធ្លាប់​បាន​នយោបាយ​វាតទី ទឹកដី​នេះ នៅ​សមុទ្រ​ចិន​ខាងត្បូង នៅពេល​ដែល​ប្រទេស​តូចៗ ដូចជា​វៀតណាម ហ្វីលីពីន គ្មាន​កម្លាំង​យោធា ប្រឆាំង​តប​ត នឹង​ចិន។

 

ទាហាន​ឥណ្ឌា​ឈរ​យាម​នៅ​បង្គោល​ព្រំដែន​ក្នុង​រដ្ឋ Arunachal Pradesh កន្លែង​ដែល​ចិន និង​ឥណ្ឌា​ធ្លាប់​ប្រយុទ្ធ​បង្ហូរឈាម នៅ​ឆ្នាំ ១៩៦២
ទាហាន​ឥណ្ឌា​ឈរ​យាម​នៅ​បង្គោល​ព្រំដែន​ក្នុង​រដ្ឋ Arunachal Pradesh កន្លែង​ដែល​ចិន និង​ឥណ្ឌា​ធ្លាប់​ប្រយុទ្ធ​បង្ហូរឈាម នៅ​ឆ្នាំ ១៩៦២ ©AFP PHOTO/ BIJU BORO

មហាយក្ស​អាស៊ី​ទាំងពីរ​ដែល​មាន​ព្រំដែន​ដីគោក​រួមគ្នា ជាង ៣៥០០​គីឡូម៉ែត្រ នៅ​តែ​ប្រទាញប្រទង់ ដណ្តើម​ទឹកដី​គ្នា ជា​ច្រើន​កន្លែង នៅ​តាម​ព្រំដែន។ ទំនាក់ទំនង​រវាង​ប្រទេស​ជិតខាង​ទាំងពីរ កម្រ​នឹង​ល្អរលូន​ណាស់។ ឥណ្ឌា មិន​ពេញ​ចិត្ត​ទេ ដែល​ចិន​ផ្គត់ផ្គង់ ឧបត្ថម្ភ សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​ជម្លោះ​កាស្មៀ ដែល​គ្រប់គ្រង​ដោយ​ប៉ាគីស្ថាន។ ចិន​វិញ ក៏​អាក់អន់​ចិត្ត​ណាស់​ដែរ ដែល​ឥណ្ឌា បដិសេធ​មិន​ចូលរួម​ក្នុង​នយោបាយ​សាងសង់​ផ្លូវ​សេដ្ឋកិច្ច​ខ្សែក្រវ៉ាត់​មួយ ផ្លូវមួយ របស់​ចិន។

 

ការប្រឈមមុខ​ដាក់​គ្នា រវាង ឥណ្ឌា និង​ចិន លើកនេះ ធ្វើ​ឲ្យ​គេ​នឹក​ទៅដល់​សង្រ្គាម​ បង្ហូរឈាម មួយប្រាវ រវាង​មហាយក្ស​អាស៊ី ទាំងពីរ​នៅ​ឆ្នាំ ១៩៦២។ នៅក្នុង​ការប្រឈមមុខ​ដាក់គ្នា​លើកនេះ សង្រ្គាម​បង្ហូរឈាម​ដាក់​គ្នា ទំនង​មិនអាច​កើតឡើង ដូចមុន ប៉ុន្តែ ភាពតានតឹង​ទំនង​នឹង​មិនអាច​ថមថយ ចុះ​វិញនោះទេ ព្រោះ​ភាគី​ទាំងពីរ ម្ខាងៗ សុទ្ធ​តែ​ចង់​រក្សា មុខមាត់​រៀងៗខ្លួន។ គេ​សង្ឃឹមថា វិបត្តិ​ចិន និង​ឥណ្ឌា​លើកនេះ នឹង​អាច​រក​ច្រកចេញ នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តីសន្តិសុខ ដែល​រៀបចំ ឡើង នៅ​ថ្ងៃ​ព្រហស្បតិ៍ ស្អែក នៅ​ទីក្រុង​ប៉េកាំង នៅក្នុង​ក្របខ័ណ្ឌ កិច្ចប្រជុំ​សន្តិសុខ​របស់​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី Brics ដែល​មាន​ចិន រុស្ស៊ី ឥណ្ឌា ប្រេស៊ីល និង​អាហ្វ្រិក​ខាងត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ