សហរដ្ឋអាមេរិក-កូរ៉េខាងជើង

គីម ជុងអ៊ុន៖ មីស៊ីល​កូរ៉េខាងជើង​អាច​ទៅដល់​គ្រប់កន្លែង​ក្នុង​ទឹកដី​អាមេរិក

មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​ICBMឈ្មោះ Hwasong 14​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​ជាលើក​ទី ២នៅ​យប់​ថ្ងៃសុក្រ​ទី ២៨​កក្កដា ២០១៧
មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​ICBMឈ្មោះ Hwasong 14​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​ជាលើក​ទី ២នៅ​យប់​ថ្ងៃសុក្រ​ទី ២៨​កក្កដា ២០១៧ KCNA via Reuters

កូរ៉េខាងជើង នៅ​ព្រឹកថ្ងៃ​សៅរ៍នេះ បាន​ប្រកាស​ឲ្យ​ដឹង​ពីការបាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល បាលីស្ទីក អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាន​ធ្វើ កាលពី​យប់​អាធ្រាត្រ​ថ្ងៃ​សុក្រ​ម្សិលមិញ។ មេដឹកនាំ​កំពូល​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន ដែល​ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA បាន​អះអាង​ថា មីស៊ីល​អន្តរទ្វីប​​នឹង​អាច​ទៅដល់​គ្រប់​ទី​កន្លែង ក្នុង​ទឹកដី អាមេរិក​ទាំងមូល។ ឆ្លើយតប​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង អាមេរិក និង​កូរ៉េខាងត្បូង​បាន​ប្រកាស​ធ្វើ​សមយុទ្ធ នៅ​ថ្ងៃ​សៅរ៍នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ សៅរ៍ កូរ៉េខាងជើង បាន​ប្រកាស ថា ខ្លួន​បានបាញ់​សាកល្បង ដោយ​ជោគជ័យ មីស៊ីល​បាលីស្ទីក អន្តរជាតិ ឬ​មីស៊ីល​ចម្ងាយ​ឆ្ងាយ ។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក​គីម ជុងអ៊ុន ដែល​បាន​ត្រួតពិនិត្យ​ដោយផ្ទាល់ ការបាញ់​សាកល្បង​មីស៊ីល នៅ​ថ្ងៃ​ម្សិលមិញ បាន​និយាយ​ថា មីស៊ីល​បាលីស្ទីក​អន្តរទ្វីប​របស់​កូរ៉េខាងជើង អាច​ទៅ​វាយប្រហារ ដល់​”គ្រប់​ទីកន្លែង” ក្នុង​ទឹកដី​ទាំងមូល​របស់​អាមេរិក និង​”គ្រប់​ពេលវេលា”។

 

នេះ​ជា​លើក​ទី ២ ក្នុង​ខែ​កក្កដា ដែល​កូរ៉េខាងជើង បាញ់​សាកល្បង​មីស៊ីល​អន្តរទ្វីប។ មីស៊ីល​ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង នៅ​យប់​អាធ្រាត្រ​ថ្ងៃ​សុក្រ​ម្សិលមិញ គឺ​ជា​ប្រភេទ​មីស៊ីល​តែមួយ ឈ្មោះ ថា Hwasong-១៤ ដែល​កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​ម្តងហើយ ដោយ​ជោគជ័យ និង​ជា​ប្រវត្តិសាស្រ្ត កាលពី​ថ្ងៃ​ទី ៤ កក្កដា​កន្លងទៅ។ កូរ៉េខាងជើង​ធ្លាប់​បាន​ប្រកាស​ថា មីស៊ីល​ដែល​ខ្លួន​បាញ់ នៅ​ដើម​ខែ​កក្កដា ថា ជា​មីស៊ីល​ចម្ងាយ​ឆ្ងាយ ប៉ុន្តែ អាមេរិក និង​រុស្ស៊ី​វាយតម្លៃថា ជា​មីស៊ីល​ចម្ងាយ​មធ្យម​ប៉ុណ្ណោះ គឺ​មិនអាច​ទៅ​រត់ទៅដល់​ទឹកដី​ភាគខាងកើត​របស់​អាមេរិក​បានទេ។ ប៉ុន្តែ លើកនេះ មីស៊ីល​ដដែល ត្រូវ​បាន​អ្នកជំនាញ អាមេរិក និង​ជប៉ុន វាយតម្លៃថា ជា​មីស៊ីល​បាលីស្ទីក​ចម្ងាយ​ឆ្ងាយ។

 

មីស៊ីល​អន្តរទ្វីប ដែល​កូរ៉េខាងជើង​បាញ់ សាកល្បង នៅ​ដើម​ខែ​កក្កដា​នេះ ហោះ​ទៅក្នុង​អាកាស ក្នុង​រយៈ​កំពស់ ២៨០២ គីឡូម៉ែត្រ និង​ក្នុង​រយៈ​ចម្ងាយ ៩៣៣​គីឡូម៉ែត្រ។ ប៉ុន្តែ នៅ​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ ក្នុង​រយៈពេល​ប្រហាក់ប្រហែល​គ្នា ​ប្រមាណ​៤៧​នាទី ​មីស៊ីល​បាលីស្ទីក អន្តរទ្វីប អាច​ហោះ​ទៅក្នុង​អាកាស ក្នុង​រយៈកំពស់ ដល់​ទៅជិត ៤​ពាន់​គីឡូម៉ែត្រ ប្រមាណ ៣៧២៤ គីឡូម៉ែត្រ និង​រត់​បាន​ចម្ងាយ ៩៩៨ គីឡូម៉ែត្រ។ តួលេខ​នេះ​បង្ហាញថា មីស៊ីល ដែល​កូរ៉េខាងជើង​បាញ់​សាកល្បង​នៅ​យប់​ម្សិលមិញ ​មាន​កម្លាំង​ខ្លាំង ជាង​មីស៊ីល​លើក​មុន។

 

ក្នុង​រយៈពេល ៣​អាទិត្យនេះ កូរ៉េខាងជើង កំពុង ប្រឹង​សំងំ​អភិវឌ្ឍ កម្លាំង សមត្ថភាព​មីស៊ីល​បាលីស្ទីក អន្តរជាតិ ដោយ​មិន​ខ្ចី ខ្វល់ នឹង​សហគមន៍ អន្តរជាតិ ឬ អាមេរិក ដែល​នាំ​គ្នា ថ្កោលទោស និង​ប្រកាស​ដាក់ទណ្ឌកម្ម លើ​កូរ៉េខាងជើង​ដែលបាន​បាញ់​សាកល្បង​មីស៊ីល Hwasong-១៤ កាលពីថ្ងៃ​ទី ៤​កក្កដា​កន្លងទៅ នោះទេ។

 

មីស៊ីល​របស់​កូរ៉េខាងជើង អាច​រត់ទៅដល់​ទីក្រុង​ញូវយ៉ក

តាម​ក្រុម​អ្នក​វិភាគ គ្រាប់មីស៊ីល​« Hwasong-១៤ »ដែល​កូរ៉េខាងជើង បាញ់​នៅ​ដើម​ខែ​កក្កដា​កន្លងទៅ អាច​នឹង​ហោះ​បាន​ចម្ងាយ​ដល់​ទៅ ៦ ៧០០គីឡូម៉ែត្រ ប្រសិន​បើ​គេ​បាញ់​វា​ក្នុង​មុំ​ធម្មតា។ ចម្ងាយ​៦ ៧០០គីឡូម៉ែត្រ គឺ​គ្រប់គ្រាន់​ត្រឹម​ទៅ​កម្ទេច​រដ្ឋ​អាឡាស្កា ដែល​ស្ថិតនៅ​ភាគខាង​លិច​អាមេរិក​ប៉ុណ្ណោះ។

 

ប៉ុន្តែ មីស៊ីល​បាលីស្ទីក ដែល​កូរ៉េខាងជើងបាញ់​នៅ​ថ្ងៃ​ម្សិលមិញ មាន​កម្លាំង​ខ្លាំង អាច​រត់​ក្នុង​ចម្ងាយ ជាង ១ម៉ឺនគីឡូម៉ែត្រ។ ម្យ៉ាង ដោយសារ​តែ​មីស៊ីល​នេះ​ជា​មីស៊ីល (Road Mobile) ដែល​គេ​អាច​ដឹក ទៅ​កន្លែង​ណាក៏បាន គេ​វាយ​តម្លៃ​ថា កូរ៉េខាងជើង​អាច​មាន​សមត្ថភាព បាញ់​មីស៊ីល​បាលីស្ទីក ទៅដល់​ទឹកដី​ញូវយ៉ក ឬ​វ៉ាស៊ីនតោន​ជាដើម ដែល​ស្ថិតនៅ​ត្រើយ​ម្ខាងទៀត ភាគខាងកើត នៃ​ទឹកដី​អាមេរិក។

 

នេះ​ជាការវិវឌ្ឍ​ថ្មី និង​គ្រោះថ្នាក់ បំផុត សម្រាប់​អាមេរិក ដែល​បាន​បារម្ភ​រហូតមក ថា កូរ៉េខាងជើង អាច​អភិវឌ្ឍ ផលិត​បាន​មីស៊ីល​ចម្ងាយឆ្ងាយ ទៅ​វាយប្រហារ​ទឹកដី​អាមេរិក។ កូរ៉េខាងជើង អភិវឌ្ឍ​ផលិតបាន​មីស៊ីល​បាលីស្ទីក​អន្តរទ្វីប ដែលមាន​សមត្ថភាព​នាំក្បាលគ្រាប់​នុយក្លេអ៊ែរ ទៅ​កម្ទេច​ទឹកដី​អាមេរិក។ កូរ៉េខាងជើង​បច្ចុប្បន្ន នៅមិនទាន់​មាន​សមត្ថភាព​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នៅឡើយទេ។ ប៉ុន្តែ ជាមួយ​នឹង​បច្ចេកវិទ្យា អភិវឌ្ឍ លឿន​របស់​កូរ៉េខាងជើង ដែល​ទើប​សម្រេច​បាន​ផលិត​មីស៊ីល អន្តរទ្វីប គេ​បារម្ភ ថា នៅ​មិនយូរទេ នៅក្នុង​រវាង​ពី ៥ ទៅ​១០​ឆ្នាំ​ខាងមុខ កូរ៉េខាងជើង នឹង​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដាក់​លើ​មីស៊ីល បាលីស្ទីក អន្តរទ្វីបបាន។

 

កូរ៉េខាងត្បូងចង់ជំរុញ​ពន្លឿន ការដាក់​តាំង ពង្រាយ​ខែល​មីស៊ីល THAAD

នៅក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មីស៊ីល​បាលីស្ទីក អន្តរទ្វីប ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​សរសេរ នៅក្នុង​សារTwitter នៅ​ថ្ងៃ​សុក្រ ព្រមាន​កូរ៉េខាងជើង ពី​ផលវិបាក សេដ្ឋកិច្ច និង​ភាពឯកោ ដោយសារ​តែ​មហិច្ឆតា​ផលិត​អាវុធ និង​ការបាញ់​សាកល្បង​មិន​ឈប់ឈរ​របស់​កូរ៉េខាងជើង។ ស្តាប់​មើល​ទៅ គឺ​លោកដូណាល់ ត្រាំ​ចង់​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើរបប​កុម្មុយនិស្ត​ព្យុងយ៉ាង ច្រើន​ជាង​ការប្រើកម្លាំង យោធា ប្រឆាំង​នឹង​កូរ៉េខាងជើង។

 

ប៉ុន្តែ នៅលើ​ទីតាំង​ផ្ទាល់ ក្នុង​ទឹកដី​កូរ៉េខាងត្បូង​វិញ អាមេរិក និង​កូរ៉េខាងត្បូង​បានរួមគ្នា​ធ្វើ​សមយុទ្ធ ដែល​នៅក្នុង​នោះ គេ​បាន​បាញ់​មីស៊ីល ដែល​គេ​នឹង​ប្រើ​សម្រាប់​វាយប្រហារ​ទីតាំង​យោធា​របស់​កូរ៉េខាងជើង ក្នុង​ករណី​កើតមាន​ជម្លោះ សង្រ្គាម​ជាមួយ​កូរ៉េខាងជើង។ សមយុទ្ធ​នេះ​ធ្វើឡើង នៅក្រោយ ការប្រកាស​របស់​មន្ទីរបញ្ចកោន អាមេរិក ដែល​ថា ប្រមុខយោធា​អាមេរិក និង​កូរ៉េខាងត្បូង​បាន​ជួប​និយាយ​គ្នា​ពី​ជម្រើស​យោធា ដើម្បី​ឆ្លើយតប​នឹងការបាញ់​សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង។

 

រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​ឯណោះវិញ បាន​បញ្ជាក់ថា កូរ៉េខាងត្បូង នឹង​ជំរុញ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​មីស៊ីល​THAAD​របស់​អាមេរិក នៅក្នុង កូរ៉េខាងត្បូង ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​ក្រុង​ព្យុងយ៉ាង។ សព្វថ្ងៃនេះ មានតែ ប្រព័ន្ធ​ខែល​មីស៊ីល​របស់​អាមេរិក​តែ​២​ប៉ុណ្ណោះ ដែល​ត្រូវ​គេ​ដាក់​ពង្រាយ ប៉ុន្តែ ប្រព័ន្ធ​ខែល​មីស៊ីល​៤​ផ្សេងទៀត​ដែល​អាមេរិក​បានបញ្ជូន​រួចហើយ​ទៅ​កូរ៉េខាងត្បូង ត្រូវ​នៅ​រក្សា​ទុក​ក្នុង​ឃ្លាំង បន្ទាប់​ពី​ប្រធានាធិបតី​ថ្មី​របស់​កូរ៉េខាងត្បូង បញ្ជារ​ឲ្យ​ផ្អាក ប្រតិបត្តិការ​ពង្រាយ ក្នុង​ពេល​រង់ចាំ​ការស៊ើបអង្កេត ទៅលើ​ការប៉ះពាល់​របស់​ប្រព័ន្ធ​ខែល​អាមេរិក​ទៅលើ​បរិស្ថាន​កូរ៉េខាងត្បូង។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI