ស្រីលង្កាលក់កំពង់ផែដ៏ចម្រូងចម្រាសទៅឲ្យក្រុមហ៊ុនចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ចិន និងស្រីលង្កា នៅថ្ងៃសៅរ៍ទី ២៩កក្កដា ២០១៧ បានចុះហត្ថលេខា លើកុងត្រា ទិញ លក់កំពង់ផែ នៅតំបន់ទឹកជ្រៅ Hambantota ដែលស្ថិតនៅភាគខាងត្បូងរបស់ប្រទេសស្រីលង្កា។ ទីក្រុងកូឡុំបូសង្ឃឹមយកប្រាក់ ដែលមកពីការលក់កំពង់ផែ ទៅដោះសងបំណុល ដែលនៅក្នុងនោះ មានមួយភាគ ជាបំណុលរបស់ចិន។
តាមកុងត្រាដែលចុះហត្ថលេខា នៅថ្ងៃសៅរ៍ ដោយរដ្ឋាភិបាលស្រីលង្កាបានជំនះ លក់កំពង់ផែ Hambantota ទៅឲ្យក្រុមហ៊ុនរដ្ឋចិន ក្នុងតម្លៃ ១ពាន់ ១រយលានដុល្លារ សម្រាប់គម្រោងវិនិយោគ ៩៩ឆ្នាំ។ សម្រាប់ ១ពាន់លានដុល្លារ ក្រុមហ៊ុនរដ្ឋ ចិនបានទទួលផងដែរ ដីធ្លី ទំហំ ១៥ ០០០ហិចតា នៅក្បែរកំពង់ផែ សម្រាប់ធ្វើជាតំបន់ឧស្សាហកម្ម។
កុងត្រាលក់កំពង់ផែក្នុងស្រុកទៅឲ្យក្រុមហ៊ុនចិន ត្រូវបានពន្យារពេល ជាច្រើនដង ដោយសារចលនាប្រឆាំងពីសហជីពកម្មករនៅកំពង់ផែ ផ្ទាល់ និងពីសំណាក់ក្រុមបក្សប្រឆាំងស្រីលង្កា ដែលបារម្ភពីផលវិបាកពីរយ៉ាង។ ទីមួយ គេខ្លាចក្រែងចិនប្រើកំពង់ផែ Hambantota ជាមូលដ្ឋានទ័ព និងទី២ គេបារម្ភថា ចិនបង្កើតតំបន់អាណានិគមកិច្ច នៅក្នុងទឹកដីស្រីលង្កា។ ដើម្បីធានាថា ចិននឹងមិនអាចប្រែក្លាយកំពង់ផែ ជាកន្លែងតាំងទ័ពចិន ទៅថ្ងៃអនាគត រដ្ឋាភិបាលស្រីលង្កាបានអះអាងថា ខ្លួនបានបញ្ចុះ ចំណែកភាគហ៊ុនរបស់ចិន នៅក្នុងការគ្រប់គ្រងកំពង់ផែ ពី៨០ មកនៅ៧០ភាគរយ ចំណែក បញ្ហាសន្តិសុខ ការធ្វើគមនាគមន៍ផ្លូវទឹក ត្រូវគ្រប់គ្រង និងសម្រេច ដោយរដ្ឋាភិបាលស្រីលង្កា គឺមិនមែនដោយភាគីក្រុមហ៊ុនចិននោះឡើយ។
កំពង់ផែ Hambantotaចាប់បើក ដំណើរការនៅឆ្នាំ ២០១០ នៅក្រោមជំនួយឥណទានរបស់ចិន ប្រមាណ ១ពាន់ ៣រយលានដុល្លារ។ ដោយសារទីតាំងសេដ្ឋកិច្ច មិនសូវអំណោយផល ព្រោះថា ទំនិញភាគច្រើនត្រូវស្រូបដោយកំពង់ផែ ដ៏ធំ នៅក្រុងកូឡុំបូ កំពង់ផែ Hambantota រកប្រាក់ចំណូល មិនសូវបាន និងបានធ្វើឲ្យរដ្ឋស្រីលង្កាជាប់បំណុល ដោយសារតែការខាតបង់ប្រមាណ ៣០០លានដុល្លារ ចាប់តាំងពីបើកសម្ពោធកំពង់ផែ។
នៅថ្ងៃសុក្រ នាយករដ្ឋមន្រ្តី ស្រីលង្កាបាននិយាយប្រាប់អ្នកកាសែតថា កុងត្រាលក់កំពង់ផែ Hambantotaទៅឲ្យចិន នឹងអាចជួយឲ្យរដ្ឋាភិបាលបានប្រាក់យកទៅសងបំណុល ជាតិ ដែលមានប្រមាណ៦៥ ពាន់លានដុល្លារ ដែលនៅក្នុងនោះ ៨ពាន់លានដុល្លារ ជាបំណុលដែលស្រីលង្កាជំពាក់ចិន។
ស្ថិតនៅក្នុងតំបន់ទឹកជ្រៅ កំពង់ផែ Hambantotaជាកំពង់ផែទី២ របស់ស្រីលង្កា ដែលចិនបានផ្តល់ថវិកាសាងសង់ ក្រោមស្លាកប្រាក់ជំនួយឥណទាន។ ឥណ្ឌាព្រួយបារម្ភពីការពង្រីកដែន ជាពិសេស វត្តមានទ័ព របស់ចិន នៅស្រីលង្កា ដែលស្ថិតនៅចុងច្រមុះ មិនឆ្ងាយប៉ុន្មានពីឥណ្ឌា។ ប៉ុន្តែ ប៉េកាំងបានអះអាងថា កំពង់ផែនៅស្រីលង្កានឹងដើរតួជាចំណតសំខាន់ នៅក្នុងនយោបាយសេដ្ឋកិច្ច ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ដែលចិនត្រូវការប្រើសម្រាប់ភ្ជាប់ពីអាស៊ី ទៅអឺរ៉ុប៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ