អូស្ត្រាលី

អូស្រា្តលី​កម្ចាត់​ទាន់ពេល គម្រោង​ធ្វើ​ភេរវកម្ម​​បំផ្ទុះ​​យន្តហោះ

ប៉ូលិស​អូស្ត្រាលី​សួរ​រក​លិខិត​ស្នាម​ដល់​អ្នកដំណើរ​នៅ​ព្រលាន​យន្តហោះ នៅ​ស៊ីដនី នៅថ្ងៃទី ៣០​កក្កដា ២០១៧
ប៉ូលិស​អូស្ត្រាលី​សួរ​រក​លិខិត​ស្នាម​ដល់​អ្នកដំណើរ​នៅ​ព្រលាន​យន្តហោះ នៅ​ស៊ីដនី នៅថ្ងៃទី ៣០​កក្កដា ២០១៧ © REUTERS/David Gray

នាយករដ្ឋមន្រ្តី​អូស្រ្តាលី លោក​ម៉ាល់ខុម ធើនប៊ុល នៅថ្ងៃ​អាទិត្យនេះ បាន​ប្រកាស​ថា ប៉ូលិស​អូស្ត្រាលី​បាន​ទប់ស្កាត់​ទាន់ពេលវេលា គម្រោង​ផែនការ​ធ្វើ​ភេរវកម្ម បំផ្ទុះ​យន្តហោះ។ នៅ​យប់​ថ្ងៃ​សៅរ៍ ម្សិលមិញ មនុស្ស​៤នាក់ ត្រូវ​បាន​ចាប់ខ្លួន នៅ​ទីក្រុងស៊ីដនី នៅក្នុង​ប្រតិបត្តិការ​បង្រ្កាប​របស់​ប៉ូលិស​ប្រឆាំង​ភេរវកម្ម អូស្រ្តាលី។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទ​កាសែត នៅ​ថ្ងៃ​អាទិត្យនេះ ​នាយក​រដ្ឋមន្រ្តី​អូស្ត្រាលី​បាន​និយាយ​ថា ប៉ូលិស​អូស្ត្រាលី​បាន​កម្ចាត់​ទាន់ពេលវេលា គម្រោងការ​ធ្វើ​ភេរវកម្ម​បំផ្ទុះ​​យន្តហោះ​ដឹក​អ្នកដំណើរ នៅ​អូស្ត្រាលី។ អាជ្ញាធរ​អូស្ត្រាលី​មិន​បាន​បញ្ជាក់​ទេ​ថា តើ​គម្រោង​ធ្វើ​ភេរវកម្ម សំដៅ​យន្តហោះ​ដឹកអ្នកដំណើរ​ក្នុង​ស្រុក ឬ​ជើង​ហោះហើរ អន្តរជាតិ។ ប៉ុន្តែ កាសែត​ប្រចាំ​ថ្ងៃ​របស់​អូស្រា្តលី Daily Telegraph បាន​សរសេរ ថា គម្រោងការ​​ធ្វើ​ភេរវកម្ម​សំដៅ​យន្តហោះ ដឹក​អ្នកដំណើរ​ក្នុង​ស្រុក។

 

នៅ​ថ្ងៃសៅរ៍ ប៉ូលិស​អូស្ត្រាលី បាន​ចុះឆែកឆេរ និង​ចាប់​បាន​មនុស្ស​៤​នាក់ ដែល​ប៉ូលិស​សង្ស័យថា មាន​ជាប់ពាក់ព័ន្ធ​នឹង​គម្រោងការ​ធ្វើ​ភេរវកម្ម​ប្រឆាំង​យន្តហោះ។ នៅ​ថ្ងៃ​អាទិត្យ សន្តិសុខ​ត្រូវ​បាន​ពង្រឹង​ខ្លាំង នៅ​តាម​ព្រលាន​យន្តហោះ​ធំៗ និង​ជាពិសេស នៅ​ចំណត​យន្តហោះ។

 

នៅ​ប៉ុន្មាន​ថ្ងៃនេះ ​ការស៊ើបអង្កេត ហើយ​និង​ការចាប់ខ្លួន​មនុស្ស​មួយ​ចំនួន បាន​ជួយ​ឲ្យ​ប៉ូលិស​ជឿថា មាន​មនុស្ស​កំពុង​រៀបចំ​ផែនការ ផលិត​គ្រឿងផ្ទុះ នៅ​ទីក្រុង ស៊ីដនី។ តាម​ទូរទស្សន៍​អូស្រ្តាលី ABC នៅក្នុង​ប្រតិបត្តិការ ចុះឆែកឆេរ នៅ​ថ្ងៃ​សៅរ៍ ប៉ូលិស​បាន​រកឃើញ​វត្ថុតាង ដែល​គេ​នឹង​អាច​ប្រើ​សម្រាប់​ផលិត​គ្រឿងផ្ទុះ។ ប៉ូលិស​ជឿថា ជនសង្ស័យ គ្រោង​​ផលិត​គ្រឿងផ្ទុះ ដែល​គេនឹង​លួច​ដាក់ ទៅ​ក្នុង​យន្តហោះ មុន​នឹង​ចុច​បំផ្ទុះ​យន្តហោះ។

 

សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អូស្ត្រាលី ការគំរាមកំហែង​ភេរវកម្ម មានពិតៗ នៅ​អូស្ត្រាលី។ នាយករដ្ឋមន្រ្តី​អូស្ត្រាលី ជឿដែរថា គម្រោង​ធ្វើ​ភេរវកម្ម​អាច​ជា​ស្នាដៃ រៀបចំ ឡើង​ដោយ​ភេរវជន​ទោល តែប៉ុណ្ណោះ។ អូស្រ្តាលី ដែល​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​របស់​សម្ព័ន្ធ​អន្តរជាតិ ប្រឆាំង​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី និង​អ៊ីរ៉ាក់ មាន​ជនជាតិ​របស់​ខ្លួន ជាង ១០០​នាក់ បាន​ទៅ​ចូល​រួម​ប្រយុទ្ធ កៀកស្មា​ជាមួយ​ក្រុម​ជីហាត​នៅ​ស៊ីរី។ រដ្ឋាភិបាល​អូស្ត្រាលី ដែល​បារម្ភ​ថា ក្រុមប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុល​និយម ទាំងនេះ អាច​ត្រលប់​ចូល មកវិញ មក​ធ្វើ​ភេរវកម្ម​នៅ​ទឹកដី​អូស្ត្រាលី បាន​ប្រកាស​ពង្រឹង​សន្តិសុខ កម្រិត​ខ្ពស់ នៅ​ទូទាំង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI