តួកគី-ចិន

តួកគី​សន្យា​គាស់​រំលើង​ក្រុមប្រឆាំង​នឹង​ចិន នៅក្នុង​ទឹកដី​តួកគី

រដ្ឋមន្រ្តីការបរទេស​ចិន លោក​Wang Yi (ស្តាំ) ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​តួកគី Mevlut Cavusoglu នៅ​ទីក្រុង​ប៉េកាំងនៅ​ថ្ងៃទី ៣ សីហា ២០១៧
រដ្ឋមន្រ្តីការបរទេស​ចិន លោក​Wang Yi (ស្តាំ) ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​តួកគី Mevlut Cavusoglu នៅ​ទីក្រុង​ប៉េកាំងនៅ​ថ្ងៃទី ៣ សីហា ២០១៧ © REUTERS/Roman Pilipey

គ្មាន​ទៀតឡើយ ភាពតានតឹង​រវាង​ចិន និង​តួកគី។ សម្ព័ន្ធភាព​ថ្មី​ស្រឡាង រវាង​ចិន និង​តួកគី​កំពុង​តែ​ចាប់​មាន​កំណើត​ឡើង។ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ នៅក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ប៉េកាំង រដ្ឋមន្រ្តី​ការបទេស​តួកគី បាន​សន្យា​ទៅ​សមភាគី​ចិន ថា តួកគី​នឹង​បំផ្លាញ គ្មាន​សល់ ចលនា​ប្រឆាំង​នឹង​ចិន នៅក្នុង​ទឹកដី​តួកគី។ ដោយ​បែរ​ខ្នង​ដាក់​ប្រទេស​លោកខាង​លិច តួកគី​ដែល​ស្ថិតនៅ​ចន្លោះ​រវាង​អាស៊ី និង​អឺរ៉ុប កំពុង​ងាកបែរ​ទៅ​រក​ចិន ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី២ ក្នុង​លោក។  

ផ្សាយពាណិជ្ជកម្ម

តួកគី​បាន​កាច់​បែរ​ចង្កូត​នយោបាយ ១៨០​ដឺក្រេ ទៅ​រក​មហាអំណាច​ចិន។ តួកគី​ដែល​ធ្លាប់តែ​រិះគន់​រដ្ឋអំណាច​ចិន ក្នុង​រឿង​បង្រ្កាប​ហិង្សា ទៅលើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ នៅ​ខេត្ត​ស៊ីនជាំង នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ បាន​សន្យា​គាស់រំលើង​ក្រុមប្រឆាំង​នឹង​ចិន នៅក្នុង​ទឹកដី​តួកគី។

 

នៅក្នុង​សន្និសីទ​កាសែត ដែល​ធ្វើឡើង​នៅក្រោយ​ជំនួប​ទ្វេរភាគី ស្តីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុមភេរវនិយម រដ្ឋមន្រ្តី​ការបរទេស​តួកកី លោក Mevlut Cavusoglu​បាន​និយាយ​ប្រាប់​លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន ថា តួកគី​នឹង​ចាត់ទុក​បញ្ហា​សន្តិសុខ​របស់​ចិន ដូចជា​សន្តិសុខ​របស់​តួកគី។ « តួកគី​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ជាដាច់ខាត សកម្មភាព​ប្រឆាំង​ចិន នៅក្នុង​តួកគី ឬ​នៅ​ទឹកដី​ដែល​តួកគី​គ្រប់គ្រង។ យើង​នឹងចាត់​វិធានការ​បំផ្លាញ​ចោល រាល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​ចេតនា​ប្រឆាំង​ចិន » នេះ​ជា​ប្រសាសន៍​របស់​ប្រមុខ​ការបរទេស​តួកគី នៅ​ចំពោះមុខ​អ្នកកាសែត នៅក្រោម​ការផ្ចង់​ត្រចៀក​ស្តាប់​របស់​លោក​វ៉ាង យី រដ្ឋមន្រ្តី​ការបរទេស​ចិន។

 

នៅក្នុង​សន្និសីទ​កាសែត រដ្ឋមន្រ្តី​ការបរទេស​តួកគី​មិន​បាន​បញ្ជាក់​ថា តើ​ក្រុមប្រឆាំង​នឹង​ចិន ជា​ក្រុមណាទេ។ ប៉ុន្តែ កន្លងមក ចិន និង​តួកគី ធ្លាប់​បាន​រកាំរកូស ថ្នាំងថ្នាក់​នឹង​គ្នា ដោយសារ​សំណុំរឿង​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ។ ចិន​បាន​បើក​ការរបង្រ្កាប​ទៅលើ​ជនជាតិ​អ៊ុយហ្គួរ ក្នុង​ខេត្ត​ស៊ីនជាំង ដែល​រដ្ឋអំណាច​ចិន​ចោទប្រកាន់​ថា ជា​ក្រុមបះបោរ​អ៊ីស្លាម ចង់​ទាមទារ បំបែក​ទឹកដី​ពី​ចិន។ រដ្ឋាភិបាល​តួកគី​វិញ ធ្លាប់​ចេញមុខ​ការពារ ជនជាតិ​អ៊ុយហ្គួរ ដោយសារ​តែ​ជនជាតិ​ភាគតិច​មួយនេះ និយាយ​ភាសា និង​មាន​វប្បធម៌​ដូច​ជនជាតិ​តួកគី។ កន្លងមក លោក​រេស៊ីប អ៊ែរដូហ្កាន ដែល​ធ្លាប់​ជា​នាយករដ្ឋមន្រ្តី តួកគី បាន​បដិសេធ​មិន​ចាប់បញ្ជូន ជនជាតិ​អ៊ុយហ្គួរ តាម​សំណើ​របស់​ប៉េកាំង​ឡើយ។ ក្នុង​សំណុំរឿង​ជនជាតិ​អ៊ុយហ្គួរនេះ លោក​អ៊ែរដូហ្កាន ធ្លាប់​ទាំង​បាន​ចោទប្រកាន់​ចិន​ថា បាន​ប្រព្រឹត្ត​អំពើប្រល័យ​ពូជសាសន៍​ក្នុង​តំបន់​ទៀតផង។

 

ប៉ុន្តែ ពេលនេះ ដោយ សន្យា​បោស​សម្អាត​ក្រុមប្រឆាំង​នឹង​ចិន​ក្នុង​ទឹកដី​តួកគី រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​អ៊ែរដូហ្កាន ដែល​កំពុង​សំលឹង​ឃើញ​ផលប្រយោជន៍​សេដ្ឋកិច្ច និង ភូមិសាស្ត្រ​នយោបាយ ចង់​ត្រលប់​ទៅ​ត្រូវរ៉ូវ​ជាមួយ​ចិន​វិញ។ ជាមួយ​នឹង​នយោបាយ​ផ្លូវមួយ ខ្សែក្រវ៉ាត់​មួយ​របស់​ចិន តួកគី​នឹង​អាច​បង្កើត​ច្រករបៀង​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ជាមួយ​ចិន។​នយោបាយ​សេដ្ឋកិច្ច​របស់​ចិន នឹង​ធ្វើ​ឲ្យ​មាន​លេចឡើង ខ្សែរថភ្លើង​ល្បឿនលឿន​តភ្ជាប់​ពី​កើត ទៅ​តំបន់​ខាងលិច​របស់​តួកគី។ ផលប្រយោជន៍​សេដ្ឋកិច្ច​ទាំងអស់​នេះ ចង់ ឬ​មិន​ចង់​បាន​ឲ្យ​តួកគី បិទភ្នែក លែង​ខ្វល់​ពី​ជោគវាសនា​របស់​ជនជាតិ អ៊ុយហ្គួរ ដែល​តួកគី​ធ្លាប់​តែ​ចេញមុខ​ការពារ​កន្លងមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI