ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ចង់​រើស​ទាហានបន្ថែម​ពីរ​ម៉ឺន​នាក់

ហ្វីលីពីន​ចង់​រើស​ទាហាន​បន្ថែម​២​ម៉ឺ​ន​នាក់
ហ្វីលីពីន​ចង់​រើស​ទាហាន​បន្ថែម​២​ម៉ឺ​ន​នាក់ ©Reuters

ប្រឈម​មុខ​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​ពី​សំណាក់​ពួក​ជីហាត​អ៊ីស្លាម ស្និទ្ធ​នឹងអង្គការរដ្ឋ​អ៊ីស្លាម លោកប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ បាន​ស្នើ​សុំ​ទៅ​សភា​ ឱ្យ​អនុម័ត​ ជ្រើសរើស​ទាហាន​២​នាក់​បន្ថែម​ទៀត។ នេះ​បើ​ការ​ជូន​ដំណឹង​របស់​អ្នក​នាំ​ពាក្យ​ប្រធានាធិបតី។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ទី ២៣​ឧសភា ២០១៧ ពួក​អ៊ីស្លាម​ជ្រុល​និយម​ បាន​លើក​ទង់​ជាតិ​ពណ៌​ខ្មៅ​របស់​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​តាម​សង្កាត់​មួយចំនួន​​នៃ​​ក្រុង​ម៉ារ៉ាវី និង​បន្ត​កាន់​កាប់​​រហូត​មក​ទល់​ពេល​នេះ។ ​ក្នុង​រយៈ​ពេល​ជាង​ពីរ​​ខែ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ប្រដាប់​អាវុធ​អ៊ីស្លាម​ជ្រុល​និយម​ដែល​ប្រកាស​ភ្ជាប់​ខ្លួន​នឹង​អង្គការ​រដ្ឋ​អ៊ីស្លាម បាន​បង្ក​ឱ្យ​បាត់​បង់​ជីវិតមនុស្ស​អស់​ជាង​៧០០​នាក់។ នេះ​បើ​តាម​តួលេខ​ផ្លូវការ។ ម៉ារ៉ាវី បាន​ក្លាយ​ជា​សមរភូមិ​ដ៏​ធំ ស្រូប​កម្លាំង​ទាហាន​អស់​យ៉ាង​ច្រើន រហូត​ធ្វើ​ឱ្យ​តំបន់​ខ្លះ​ខ្វះ​​កម្លាំង​ការពារ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជាប្រធានាធិបតី​​​សម្រេច​ចិត្ត​ស្នើ​សុំ​ការយល់​ព្រម​ពី​​សភា​ ជ្រើសរើស​ទាហាន​បន្ថែម​ ចំនួន ២​ម៉ឺ​ន​នាក់ ស្រប​តាម​ក្របខណ្ឌ​​នៃ​នយោបាយ​ការពារ​សន្តិសុខ​ជាតិ​ និង​ការ​ពារ​ចំណែក​មួយ​នៃ​ទឹក​ដី​ដែល​រង​ការ​គំរាម​កំហែង​សុវត្ថិភាព​​យ៉ាង​ខ្លាំង​ ។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ ដើម្បី​​មាន​លំនឹង​ប្រយុទ្ធ​​និង​ប្រសិទ្ធិភាព​ជា​អតិបរិមា ហ្វីលីពីន​ត្រូវ​ពង្រាយ​កម្លាំង​ទ័ព​បន្ថែម​នៅ​ក្រុង​ម៉ារ៉ាវី​ផង និង​នៅ​តាម​ចំណុច​ផ្សេងៗ​ទៀត​នៃ​កោះ​មីនដាណាវផង។ ប

បច្ចុប្បន្ន​នេះ កង​ទ័ព​ហ្វីលីពីន​ដែល​មានកម្លាំង​សរុប​ប្រមាណ​ជិត​១៦៥០០០​នាក់​ ត្រូវ​ប្រឈម​ទប់​ទល់​នឹង​ការ​គំរាម​កំហែង​របស់​ពួកជីហាត​នៃ​​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​មីនដាណាវផង ពួក​ឧទ្ទាម​កុម្មុយនិស្ត​រាយ​ប៉ាយ​នៅ​ស្ទើរ​ផ្ទៃ​ប្រទេស​ផង និង​ត្រូវ​ការពង្រាយ​កម្លាំង​ការពារ​ដែន​ដី​នៅ​សមុទ្ទ​ចិន​ខាង​ត្បូង ត្រង់​​​​តំបន់​ជាប់​ជម្លោះ​ជាមួយប៉េកាំងទៀត។ មិន​តែ​ប៉ុណ្ណោះ ​យោធា​​ហ្វីលីពីន ជាប់​ឈ្មោះ​ជា​យោធា​ដ៏​ក្រីក្រ​ មាន​បំពាក់​សម្ភារៈ​បរិក្ខា​​តិច​តួច​ស្តួង​ស្តើង​ជាង​គេ​បំផុត​មួយ​ប្រចាំ​តំបន់ ដោយ​មាន​យន្តហោះ​ចម្បាំង​តែ​ប្រមាណ​១០​គ្រឿង ទាហាន​ជើង​ទឹក​មាន​នាវា​ចាស់ៗ មួយ​ភាគ​ធំ​​ជា​របស់​ជជុះ។

កាល​ពី​សប្តាហ៍​មុន នៅ​ពេល​ចុះ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ារ៉ាវី លោក​ឌុយទែរតេ ក៏​បាន​ស្នើ​សុំ​ផង​ដែរ ពី​សភា​ឱ្យ​ជួយ​ផ្តល់​ហិរញ្ញវត្ថុ​សម្រាប់​ផ្គត់​ផ្គង់​ទាហាន​បន្ថែម ប៉ុន្តែ​​ ពុំ​មាន​ប្រភព​ណា​បញ្ជាក់​អំពី​ចំនួន​ទឹក​ប្រាក់​ចាំ​បាច់​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI