កូរ៉េខាងត្បូង

រដ្ឋអាជ្ញា​​ទាមទារ​​អោយ​ដាក់​ពន្ធនាគារ​ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន ​Samsung ចំនួន​១២​ឆ្នាំ​

លោក  Lee Jae-yong ប្រមុខដឹក​នាំ​ក្រុមហ៊ុន Samsung Electronics បាន​មក​ដល់​តុលាការ​ក្រុង​សេអ៊ូល​​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ៧​ ខែ​សីហា​ឆ្នាំ ២០១៧​
លោក Lee Jae-yong ប្រមុខដឹក​នាំ​ក្រុមហ៊ុន Samsung Electronics បាន​មក​ដល់​តុលាការ​ក្រុង​សេអ៊ូល​​ប្រទេស​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​ទី ៧​ ខែ​សីហា​ឆ្នាំ ២០១៧​ REUTERS/Ahn Young-joon/Poo

រដ្ឋអាជ្ញា​កូរ៉េ​​ខាង​​ត្បូង​ នៅ​​ថ្ងៃ​​ចន្ទ​​ទី​​៧​​សីហា​​ម្សិលមិញ ​បាន​​ទាមទារ​​​ឲ្យ​​​តុលាការ​​​ដាក់​​​ពន្ធនាគារ​​ប្រមុខ​​ដឹកនាំ​​ក្រុមហ៊ុន​​ Samsung ​​​​ចំនួន​​១២​​ឆ្នាំ​ នៅ​​​ក្នុង​​សំណុំរឿង​​អាស្រូវ​​ពុក​រលួយ​​​​ថ្នាក់​​ជាតិ​​មួយ​​​ដែល​​​រហូត​ដល់​​​​បណ្តាល​​ឲ្យ​​លោក​ស្រីប៉ាក គុនហេ​ អតីត​ប្រធានាធិបតី​​កូរ៉េ​ខាង​ត្បូង​​ត្រូវ​ធ្លាក់ចេញពីមុខតំណែង។​ 

ផ្សាយពាណិជ្ជកម្ម

លោក Lee Jae-Yong ដែល​ជា​ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន Samsung ​ត្រូវ​​បាន​​ជាប់​​​ចោទ​ ថា"ជា​​​អ្នក​​​ទទួល​​ផល​​ចុង​​ក្រោយ​​នៃ​​ការ​​​​​ប្រព្រឹត្ត​បទល្មើស​​​នៅ​ក្នុង​​សំណុំរឿង​​អាស្រូ​វ​ពុក​រលួយ​នេះ"។  ហើយ​​ប្រសិន​​បើ​ចៅក្រម​​ អនុវត្ត​​ទៅ​តាម​សំណើ​​របស់​រដ្ឋអាជ្ញា នោះ​ប្រមុខ​ដឹកនាំ​​ក្រុមហ៊ុន Samsung ​ពិត​​ជា​​នឹង​​ត្រូវ​​ទទួល​​រង​​នូវ​​ការ​ផ្តន្ទា​ទោស​​​មួយ​ដ៏​ធ្ងន់ធ្ងរ​បំផុត"​។​

លោក​ Lee Jae-Yong​ និង​​ថ្នាក់​ដឹកនាំ​របស់​ក្រុមហ៊ុន Samsung ​ចំនួន​៤​នាក់​ផ្សេង​ទៀត​​ត្រូវ​​​បាន​​ចោទ​ប្រកាន់​​​​​ពី​បទ​ធ្វើការ​​សួក​ប៉ាន់ ​ដល់​មនុស្ស​ជំនិត​​​​របស់លោកស្រី​អតីត​ប្រធានាធិបតី​​​​​ប៉ាក​ គុន​ហេ ជា​ច្រើន​លាន​ដុល្លារ ​ដើម្បី​​ប្តូរ​ជាមួយ​នឹង​ផលប្រយោជន៍​នយោបាយ​​ពី​​រដ្ឋាភិបាល​​ជាអាទិ៍​ ​នៅ​ក្នុង​ការ​​ទទួលបាន​​​​នូវ​ការ​អនុម័ត​​ពី​​អាជ្ញាធរ​​កូរ៉េ​ខាង​ត្បូង​​​នៅ​​ក្នុង​​សំណុំ​រឿង​​​​នៃ​ការ​​ដាក់​បញ្ចូល​គ្នា​​​រវាង​​​សាខា​ចំនួន​​ពីរ​​​របស់​​​ក្រុមហ៊ុន​ Sumsug​​ដ៏​ចម្រូងចម្រាសនេះ។​

ក្រៅពីនេះ លោក​ Lee Jae-Yong ​​​​ត្រូវ​បាន​ជាប់ចោទផងដែរ​​​ពី​បទ​​បាន​រំលោភ​​លើ​​ទ្រព្យ​សម្បត្តិ​​ក្រុមហ៊ុន​និង​បានលាក់ទ្រព្យសកម្ម​នៅ​ក្រៅ​ប្រទេសផង​។ ចំណែក​ ​ជន​ជាប់​ចោទ​រួម​គ្នា​ទាំង​​​៤​នាក់​ទៀត​​នោះ​ ជន​​៣​នាក់ ​ត្រូវ​​បាន​​រដ្ឋអាជ្ញា​ទាមទារ​ឲ្យ​ដាក់​ពន្ធនាគារ​ចំនួន​១០​ឆ្នាំ រីឯ​អ្នក​ទី​៤ ​ជាប់​​គុក​​ចំនួន​​៧​​ឆ្នាំ។

សូមបញ្ជាក់ថា នៅ​ក្នុង​សំណុំរឿង​អាស្រូវ​ពុក​រលួយ​ដ៏​ចម្រូងចម្រាស​នៃក្រុមហ៊ុន​Sumsung នេះ ប្រមុខ​ដឹកនាំ​ក្រុមហ៊ុន Sumsung លោក ​ Lee Jae-Yong ធ្លាប់​​បាន​​ថ្លែង​សារភាព​​ការពារ​ខ្លួនលោកដែរ​​​កាលពី​សប្តាហ៍​មុន​ថា លោក​ពុំ ​បាន​លូក​ដៃ​អ្វី​សោះ​ឡើយ​​នៅ​ក្នុង​សេចក្តី​សម្រេចចិត្ត​នានា​របស់​ក្រុមហ៊ុន ​Sumsung ហើយ​ការងារ​​របស់​​លោក​មួយ​ភាគធំ​​ គឺ​គ្រាន់​តែ​​អង្គុយ​ស្តាប់​​សេចក្តី​រាយការណ៍​​របស់​​ថ្នាក់​ដឹកនាំ​​ផ្សេងៗ​ទៀត​​របស់​ក្រុមហ៊ុន​តែ​ប៉ុណ្ណោះ៕​​​​​​​​​​​​​​​​

 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI