​ ​អាយុ​៥០​ឆ្នាំ អាស៊ានស្រមៃ​ចង់​មាន​ទីផ្សារ​រួម

រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុងពិធី​បើក​វេទិកា​អាស៊ាន​លើក​ទី ៥០
រដ្ឋមន្ត្រីការបរទេស​អាស៊ាន​ក្នុងពិធី​បើក​វេទិកា​អាស៊ាន​លើក​ទី ៥០ REUTERS/Mohd Rasfan

៨ សីហា ១៩៦៧-៨ សីហា ២០១៧ ! នៅ​ថ្ងៃ​នេះ​អាស៊ាន​មាន​អាយុ​​​៥០​ឆ្នាំគត់។ បង្កើត​ឡើង​ដំបូង ដោយ​សមាជិក​៥​ប្រទេស បន្ទាប់​មក​៧ បន្ទាប់​ទៀត​៩ និង​បច្ចុប្បន្ន​១០​ប្រទេស សមាគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ បាន​ឆ្លងកាត់​វិញ្ញាសា និង​ឧបសគ្គ​ជា​ច្រើន មុន​នឹង​បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ស្ទើរ​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​តំបន់ នាពេល​នេះ។

ផ្សាយពាណិជ្ជកម្ម

អាស៊ាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៦៧ ក្នុង​បរិបទ​នៃ​សង្គ្រាម​ត្រជាក់ ដោយ​មាន​ប្រទេស​ស្ថាបនិក​​ ៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​ សិង្ហបុរី និង​ថៃ ដើម្បី​ធ្វើ​ជា​រនាំង​​ទប់​ស្កាត់ចរន្ត​​កុម្មុយនិស្ត​​ និង​សម្រួល​កំណើន​សេដ្ឋកិច្ច​ព្រម​ទាំង​ស្ថិរភាព​តំបន់។ ព្រុយណេ (១៩៨៤) វៀតណាម (១៩៩៥) ឡាវ និង​ភូមា (១៩៩៧) និង​កម្ពុជា (១៩៩៩) បាន​ភ្ជាប់​ខ្លួន​ចូល​ជា​សមាជិក​ជា​បន្ត​បន្ទាប់​តាម​ក្រោយ។

យោល​លើ​​ស្ថានការណ៍​​តំបន់​កន្លងមក គេ​អាច​លើក​សរសើរដោយ​មិន​អាច​ប្រកែក​បាន ​​អំពីជោគជ័យ​ដ៏​ធំ​ធេង​របស់​សមាគម​អាស៊ាន​ ព្រោះ​ថា​កម្មវត្ថុ​ចំបង​របស់ប្រទេស​ស្ថាបនិក នៅ​ឆ្នាំ​១៩៦៧ ដែល​មាន​ជា​អាទិ៍ សន្តិភាព​និយម​ក្នុង​តំបន់ ស្ថិរភាពរបប​​នយោបាយ អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​​​សង្គមរីក​ចម្រើន ព្រមទាំង​ពង្រីកមុខ​មាត់​ផ្នែក​វិស័យ​ការទូត ត្រូវ​បាន​រក្សា​និង​សម្រេច​​មែន បើ​ទោះ​បី​ជា​តំបន់​​បាន​ជួប​ភាព​តាន​តឹង ​ប្រទេស​ជា​សមាជិក​​មាន​ជម្លោះ​ព្រំដែនរវាង​គ្នា​​ មានជម្លោះ​ផលប្រយោជន៍ តែ​មិន​បាន​រាល​ដាល​​រំខាន​ការ​រីក​ចម្រើន​ និង​កំណើន​សេដ្ឋកិច្ច​ទេ។

អត្តសញ្ញាណរួម

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៧​មក អាស៊ានបាន​ដើរ​តួកាន់​តែសកម្ម ​កាន់​តែ​រឹង​មាំ កំណត់​បទដ្ឋាន​តំបន់ ដើម្បី​ឱ្យ​ប្រទេស​សមាជិក​ រួមរស់​ក្នុងសមាគម​កាន់​តែ​ស៊ីចង្វាក់ និង​កាន់​តែ​ចុះ​សម្រុង​គ្នា​ក្នុង​តំបន់។ នៅឆ្នាំ​២០១៥ អាស៊ាន​បានក្លាយ​​​​ជា​ សហគមន៍​ សម្រាប់​ធានា​សន្តិភាព​ ​សេដ្ឋកិច្ចស្វាហាប់ ប្រកួត​ប្រជែង ដោយ​សង្ឃឹម​ថា​នឹងអាច​មាន​​​អត្តសញ្ញាណ​រួម ស្រប​តាម​មហិច្ឆតា​ “ទស្សនៈ​វិស័យ អាស៊ាន ២០២០” ដែល​បាន​កំណត់​កាលពី​ឆ្នាំ​១៩៩៧។

ប៉ុន្តែ​លើ​ផ្នែក​នយោបាយ​វិញ អាស៊ាន មិន​សូវ​ទៅ​មុខ​ទេ។ ២០​ឆ្នាំ​ក្រោយការ​កំណត់​ទស្សនៈ​វិស័យ អារម្មណ៍​​ថា​ជា​អាស៊ានមិន​ទាន់​​សូវ​រីក​សាយ​ក្នុង​តំបន់​សោះ ! ​​អាស៊ានត្រូវ​ស្ថាបនា​អត្តសញ្ញាណ​រួម​នេះ​សិន មុន​អាច​ឈាន​ទៅ​រក​ការ​បង្កើត​ស្ថាប័ន​​​នយោបាយ​​។

​​សហគមន៍​សន្តិសុខអាស៊ាន​

វេទិកា​អាស៊ាន​ស្តី​ពី​បញ្ហា​សន្តិសុខ​ បាន​លេច​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៤មក ប៉ុន្តែ​គេ​ត្រូវ​រង់​ចាំ​ដល់​ឆ្នាំ​២០០២ ក្រោយ​ហេតុការណ៍​ភេរវកម្ម​នៅ​ក្រុង​បាលី​ប្រទេស​ឥណ្ឌូណេស៊ី ទើប​គេ​ឃើញ​មាន​សកម្មភាព​ស្ទុះ​ស្ទា​ខ្លាំង។ បរិបទ​ពិភពលោក​ប្តូរ​ផ្លាស់ មាន​វិបត្តិ​ហិរញ្ញវត្ថុ​ផង ការ​គំរាម​កំហែង​​ភេរវកម្មផង ចោរ​សមុទ្ទ​ផង ការ​ជួញដូរ​ឆ្លង​ប្រទេស​ផង​ ... នៅ​ទី​បំផុត អាស៊ាន​អាច​ចាប់​ដៃ​គ្នា​បង្កើត​សហគមន៍​សន្តិសុខ។ សម្រាប់​អាស៊ាន កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​នេះ ឈរ​លើ​គោលការណ៍​ពីរ ៖ សន្តិនិយម ដោយ​ដាក់​ដំណើរការ​ប្រព័ន្ធ​ពិភាក្សា​គ្នា​ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​យោធា​​ចំ​ទិស​ដោយ​ជាក់ស្តែង។

ប៉ុន្តែឧបសគ្គ​នៅ​មាន​ច្រើន​ ហើយ​ក៏​មាន​សមត្ថភាព​ក៏​មាន​កំរិត​ដែរ ព្រោះ​ថា​កម្មវត្ថុ​របស់​អាស៊ាន​ផ្អែក​លើ​គោលការណ៍​បញ្ចៀស​បញ្ហា​ មិនមែន​ចាំ​​​​ដោះស្រាយ​បញ្ហា​ទេ។ រហូត​មក​ទល់​ពេលនេះ​ទៅ​ហើយ​អាស៊ាន​នៅ​តែ​គ្មាន​ឧត្តមប្រឹក្សា​។ សមាជិក​​អាស៊ានទាំង​អស់​​ជ្រើសរើស​ប្រើ​វិធីសាស្ត្រ​ចរចា​ និង​រក​ដំណោះស្រាយ​វិបត្តិ​តាម​បែប​ មិនសូវ​​ផ្លូវការ​ច្រើន​ជាង។

ចិននិង​អាស៊ាន

ដោយសារ​ជម្រើស​​នយោបាយ​បើក​ចំហ​តំបន់​​ទៅ​រក​ពិភពលោក​ និងទៅ​រក​ឱកាស​ អាស៊ាន​ហាក់​កំពុង​ធ្លាក់​ក្នុង​អន្ទាក់​ចិន ! ចិន មហាអំណាច​ មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ និង​សក្តានុពល​ខ្លាំង បាន​បង្ខិត​អាស៊ាន​ឱ្យ​ជិត​ចិន​ផង តែ​ក៏​បាន​បង្កើត​​ការ​បែងចែង​នៅ​ក្នុង​រង្វង់​អាស៊ាន​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​មាន​ការ​បំប៉ោង​ព័ត៌មាន​ច្រើន​ណាស់ ទាក់ទង​នឹង​ជំហរ​របស់​អាស៊ាន​​នៅ​ចំពោះ​មុខ​សកម្មភាព​ចិន នៅ​សមុទ្ទ​ចិន​ខាង​ត្បូង​នោះ។

​សមាជិក​អាស៊ាន​មួយ​ចំនួន ចង់​បរិហារ​ នយោបាយ​វាតទឹក​ដី​របស់​ចិនដែរ ប៉ុន្តែ​ចិន​ដៃគូ​ពាណិជ្ជកម្ម​ទី​មួយ​របស់​អាស៊ាន យក​ឈ្នះ​បាន​ជានិច្ច តាម​រយ​​នយោបាយ​ទាក់ទាញ​សមាជិកមួយម្តងៗ។ ឧទាហរណ៍ ក្នុងជំនួប​ប្រជុំ​លើក​នេះ អាស៊ាន​អាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​បាន​ ដោយ​សុខចិត្តប្រើ​ពាក្យ​ស្រាលៗ​មិន​ប៉ះពាល់​ចិន ព្រោះ​អាស៊ាន​ចង់​បញ្ចៀស​ជម្លោះ​ជាមួយ​យក្ស​ក្នុង​តំបន់។

អាស៊ាន​ចង់​បង្កើត​ទី​ផ្សារ​រួម​

បង្កើត​ទីផ្សារ​រួម​​ជា​អាទិភាព​ទីមួយ​របស់​សហគម​អាស៊ាន​ ដែល​ចង់​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​២០២៥ ដើម្បី​ប្រែក្លាយ​តំបន់​អាស៊ី​អាគ្នេយ៍​ឱ្យ​មាន​ភាព​ស្វាហាប់​ប្រកួត​ប្រជែង​ និង​សេដ្ឋកិច្ចស៊ី​គ្នា។ ប៉ុន្តែ​ដើម្បី​សម្រេច​កម្មវត្ថុ​នេះបាន បើ​តាម​អ្នក​វិភាគ​ អាស៊ាន​ត្រូវការ​មាន​កម្លាំង​សាមគ្គី​រួម​ធ្លុង​មួយ ! ប៉ុន្តែ​គេបាន​​ដឹងនិង​ធ្លាប់​ឃើញ​ឧទាហរណ៍​អឺរ៉ុប​​ហើយ​ថា​​ការ​ច្របាច់​តំបន់​ចូល​គ្នា​​វា​មាន​ការ​លំបាក​ប៉ុណ្ណា​នោះ។

ដូច្នេះ​អាស៊ាន ក៏​ទំនង​ជា​ពិបាក​នឹង​បង្កើត​ចេញ​បាន​ដោយ​ឆាប់ៗ ទីផ្សារ​រួម ឬ​តំបន់​ផលិតកម្ម​​សម្រាប់​ទៅ​ប្រកួត​ប្រជែង​នឹង​ចិនដែរ។ វា​ដូច​ជា​ស្រួល​ពេក ដែល​សមាជិក​ទាំង​អស់​អាច​និយាយ​ត្រូវ​គ្នា​ភ្លាមៗ​ឱ្យ​មាន​ចរាចរណ៍​ដោយ​សេរី​នូវ​ទ្រព្យសម្បត្តិ សេវាកម្ម និង​ចរាចរណ៍​បុគ្គល​ ក្នុង​សហគមន៍​សេដ្ឋកិច្ច ដែល​ប្រទេស​ជា​សមាជិក​មាន​ប្រវត្តិ មាន​ឥទ្ធិពល មាន​កំរិត​ជីវភាព​ ការ​អភិវឌ្ឍន៍ ព្រមទាំង​ទម្លាប់​រស់​នៅ​ខុសគ្នា​ស្ទើរ​ទាំង​ស្រុង​នោះ។

តែ​ស​មាជិក​អាស៊ាន​បាន​ប្រឹងប្រែង​ខ្លាំង​ណាស់​ កន្លង​មក​នេះ ដើម្បី​បំប៉ន​ការ​ផ្តោះប្តូរសេដ្ឋកិច្ច​​ក្នុង​តំបន់​។ ​ជាង​៧០%​ នៃ​ផលិត​ផល​លែង​​រង​ពន្ធគយ​។ សមាជិក​៥​ប្រទេស​ដែល​ជា​ស្ថាបនិក​អាស៊ាន​ និង​ដែល​ចង់​បំប៉ន​សេដ្ឋកិច្ច​សមាគម តាំង​ពី​ដើម​មក​ បាន​យក​ការ​ផលិត​ទូរស័ព្ទ​ដៃ​​មក​ជំនួស​សេដ្ឋកិច្ច​កសិកម្ម​សម័យ​១៩៦០។ សព្វថ្ងៃ​នេះ ទម្ងន់​សេដ្ឋកិច្ច​​តំបន់ ប់​រាប់​ជាគោលធំៗ មាន​ទំហំ​ស្មើ​នឹង​សេដ្ឋកិច្ច​អង់គ្លេស។ ហើយ​សេដ្ឋកិច្ច​នេះ​នឹង​បន្ត​កើន​ឡើង ជា​មួយ​អត្រា​កំណើន​ខ្ពស់​ជាង​​ខ្លាំង នៅ​ហ្វីលីពីន ភូមា និង​វៀតណាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI